ភាពយន្ត «Barbie» ដែលជាស្នាដៃដឹកនាំរបស់ផលិតករស្ត្រី Greta Gerwig បានវ៉ាដាច់ខ្សែភាពយន្ដ Super Mario Bros និងក្លាយជាភាពយន្តដែលរកចំណូលបាន ខ្ពស់បំផុតក្នុងឆ្នាំ២០២៣ ក្រោយទាញ ចំណូលបានប្រមាណ ១,៣៨ ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក។ នេះបើយោងតាមគេហទំព័រ Variety។

Barbie ក៏បានក្លាយជាភាពយន្តដែលរកបាន ចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Warner Bros ផងដែរ។ កំណត់ត្រានេះ ដើមឡើយត្រូវបានកាន់កាប់ដោយរឿង «Harry Potter and The Deathly Hallows: Part 2» ឆ្នាំ២០១១ ដែលរកចំណូលបាន ១,៣៤ពាន់លានដុល្លារទូទាំងពិភពលោក។ ប្រការនេះ បានធ្វើឲ្យអ្នកដឹកនាំ Greta Gerwig និងតារាសម្តែង Margot Robbie បានក្លាយជាតារាដ៏លេចធ្លោ និងមានអ្នកគាំទ្រជាច្រើនធ្វើត្រាប់តាម ដោយការស្លៀកពាក់ពណ៌ផ្កាឈូក។
គួរជម្រាបថា ដើមឡើយអ្នកវិភាគជាច្រើនមិនរំពឹងថាភាពយន្តនេះអាចឈានដល់ចំណុចកំពូលបែបនេះទេ ប៉ុន្តែការប្រជែងគ្នារវាង Barbie និង Oppenheimer ដែលត្រូវបានចាក់បញ្ចាំងនៅថ្ងៃតែមួយក្នុងខែកក្កដា បានជំរុញឱ្យភាពយន្តទាំង ២ ទាញបានចំណូលសរុបខ្ពស់ដូចគ្នា។
ភាពយន្តដ៏ធំបំផុតប្រចាំឆ្នាំ ២០២៣ គិតត្រឹមពេលនេះ ចំណាត់ថ្នាក់លេខ១ គឺ Barbie រកចំណូលបាន ១,៣៨ ពាន់លានដុល្លារ លេខ២ គឺភាពយន្ត Super Mario Bros ចំណូល ១,៣៦ ពាន់លានដុល្លារ លេខ៣ គឺ Oppenheimer ចំណូល ៨៥៣លានដុល្លារ និងលេខ ៤ គឺ Guardians of the Galaxy Vol 3 ចំណូល ៨៤៦ លានដុល្លារ ចំណែកឯលេខ ៥ គឺភាពយន្ត Fast X ចំណូល ៧០៥ លានដុល្លារ៕

























Account
Security
Favourite Content