ផ្អែកតាមទិន្ន័យពីគេហទំព័រកូរ៉េ Hanteo Chart នៅថ្ងៃច័ន្ទនេះបង្ហាញថា អាល់ប៊ុម“BABYMONS7ER” របស់ក្រុម BABYMONSTER បានក្លាយជាអាល់ប៊ុមដំបូងពីក្រុមនារីខេប៉ុបដែលលក់ដាច់ច្រើនបំផុតក្នុងសប្ដាហ៍ដំបូង ពោលគឺរហូតដល់ជាង ៤០១ ២៨៧ ច្បាប់ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៧ ខែមេសា។

តួលេខនេះបានធ្វើឱ្យក្រុមចម្រៀងថ្មីរបស់ YG មួយនេះអាចបំបែកកំណត់ត្រាចាស់កាន់កាប់ដោយក្រុមចម្រៀងស្រីថ្មីរបស់ HYBE គឺ ILLIT ដែលទើបតែចេញអាល់ប៊ុមដំបូងរបស់ខ្លួនមានចំណងជើងថា “Super Real Me” កាលពីចុងខែមីនា និងអាចលក់បាន ៣៨ ម៉ឺនបន្ទះនៅសប្ដាហ៍ដំបូង ។ មិនតែប៉ុណ្ណោះ BABYMONSTER ក៏ជាក្រុមខេប៉ុបនារីដំបូងដែលអាចលក់អាល់ប៊ុមដំបូងបានលើស ៤ សែនបន្ទះសម្រាប់សប្ដាហ៍ដំបូងផងដែរ។
គួរបញ្ជាក់ដែរថា អាល់ប៊ុម “BABYMONS7ER” គឺជាការវិលត្រលប់ដោយមានសមាជិកគ្រប់ ៧ នាក់លើកដំបូងរបស់ក្រុមចម្រៀងថ្មីមួយនេះ បន្ទាប់ពីបទដំបូងរបស់ពួកគេដែលចេញកាលពីឆ្នាំ២០២៣ បានបាត់វត្តមានសមាជិកម្នាក់គឺ Ahyeon ដោយសារបញ្ហាសុខភាព។
បទចម្រៀងនាំមុខក្នុងអាល់ប៊ុមថ្មីនេះគឺបទ “Sheese” ក៏បានជាប់ជាវីដេអូចម្រៀងដែលមានការចូលទស្សនាច្រើនបំផុតប្រចាំសប្ដាហ៍កន្លងទៅផងដែរនៅលើ Youtube ជាមួយចំនួនទស្សនាសរុប ៧៩ លាន view។
ទើបតែបង្ហាញខ្លួនពិតមែន ប៉ុន្តែក្រុម BABYMONSTER ក៏នឹងមានការសម្ដែងនៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះដែរ ដោយពួកគេនឹងចេញប្រគំតន្ត្រីទេសចរណ៍ “See You There” នៅទីក្រុងជាច្រើនដូចជាតូក្យូ ហ្សាកាតា សិង្ហបុរី តៃប៉ិ និងបាងកកជាដើម ប៉ុន្តែកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានប្រកាសនោះទេ ៕
























Account
Security
Favourite Content