គេហទំព័រស្រាវជ្រាវផ្នែកតន្ត្រី Music Watch បានរាយការណ៍កាលពីពេលថ្មីៗថាទីផ្សារតន្ត្រីនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ ប្រៀបធៀបនឹងឆ្នាំ ២០១៤ គេសង្កេតឃើញថាប្រជាជនអាមេរិកមានទំនោរចំណាយកាន់តែច្រើនលើឧស្សាហកម្មតន្ត្រី មិនថាការទិញអាល់ប៊ុមជាស៊ីឌី ការដោនឡូត ការជាវសេវា Streaming ការទៅទស្សនាការប្រគំតន្ត្រី ក៏ដូចជាទិញផលិតផលផ្សេងៗរបស់សិល្បករ។

របាយការណ៍ខាងលើបញ្ជាក់ថា បច្ចុប្បន្នប្រជានជនអាមេរិក ១៣២ លាននាក់កំពុងចំណាយលុយលើការជាវសេវាស្ដាប់ចម្រៀង ដែលច្រើនជាងមុន ៥០ លាននាក់ បើធៀបនឹងឆ្នាំ២០១៤។ បើគិតជាតួលេខ ក្នុងឆ្នាំ២០២៤ ប្រជាជនអាមេរិកម្នាក់ៗបានចំណាយជាមធ្យម ១១២ ដុល្លារលើតន្ត្រី ដោយកើនឡើង ១០% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលពួកគេបានចំណាយជាមធ្យម ១០២ ដុល្លារក្នុងម្នាក់ និងកើនឡើង ៣២% បើប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលពួកគេបានចាយ ៨០ ដុល្លារជាមធ្យម (ឬស្មើនឹង ៩១ ដុល្លារនាពេលបច្ចុប្បន្នបើគិតតាមអត្រាអតិផរណា)។
ទន្ទឹមនឹងនេះ ការប្រគំតន្ត្រីក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ដោយរបាយការណ៍បានបង្ហាញថាប្រជាជនអាមេរិកបានចំណាយច្រើនជាងមុន ១៧% ឬ ២៨១ ដុល្លារ ហើយទោះបីជាអតិផរណាមានចំណែកក្នុងការកើនឡើងនេះក៏ដោយ ប៉ុន្តែក៏មិនមែនជាហេតុផលចម្បងទាំងស្រុងនោះដែរ។ ជាក់ស្ដែង ចំនួនមនុស្សចូលរួមកម្មវិធីតន្ត្រីផ្ទាល់មានការកើនឡើង ៥៦% ហើយការលក់វត្ថុអនុស្សាវរីយ៍ពាក់ព័ន្ធសិល្បករក៏កើនឡើងខ្លាំងផងដែរ។

ទោះយ៉ាងណា ប្រាក់ចំណូលពីការដោនឡូតចម្រៀងឌីជីថលបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្នុងឆ្នាំ២០១៥ ប្រាក់ចំណូលពីការដោនឡូតបទចម្រៀងមានចំនួន ២៣០០ លានដុល្លារ ប៉ុន្តែក្នុងឆ្នាំ ២០២៤ បានធ្លាក់ចុះមកនៅត្រឹម ៣២៩ លានដុល្លារប៉ុណ្ណោះ ខណៈមនុស្សងាកទៅរកវេទិកា Streaming ដែលមានភាពងាយស្រួលជាង ហើយការរំលោភសិទ្ធិអ្នកនិពន្ធនៅតែមាន ដោយប្រជាជនអាមេរិកជាង ១៤ លាននាក់បានសារភាពថាពួកគេបានដោនឡូតបទចម្រៀងដោយខុសច្បាប់។
ថ្វីបើការស្ដាប់ចម្រៀងតាម Streaming App មានការវិវត្តយ៉ាងណា ប៉ុន្តែក៏នៅមានមនុស្ស ៥៦ លាននាក់នៅស្តាប់ស៊ីឌីនៅពេលបើកបរ ហើយមនុស្ស ៤៨ លាននាក់នៅតែស្តាប់ចម្រៀងដែលពួកគេបានដោនឡូតទុក ទោះបីជាចំនួនដោនឡូតនេះមិនច្រើនដូចពីមុនក្ដី។ ទាំងអស់នេះបានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់ប្រជាជនអាមេរិកក្នុងឧស្សាហកម្មតន្ត្រី មិនថាតាមរយៈការគាំទ្រសិល្បករឬការស្តាប់តន្ត្រីក្នុងទម្រង់ណាក្ដី ៕



























Account
Security
Favourite Content