សាលារៀនគឺជាស្ថាប័នអប់រំ ផ្ដល់ចំណេះដឹង ប៉ុន្តែក្នុងរឿងភាគកូរ៉េជាច្រើនដែលចេញនាពេលថ្មីៗនេះ សាលារៀនបានប្រែក្លាយទៅជាសមរភូមិសម្រាប់សិស្សានុសិស្សវាយប្រយុទ្ធជាបន្តបន្ទាប់ មិនថាជាការតស៊ូគ្នាដោយកម្លាំង ដោយខួរក្បាល លុយ ឬសូម្បីតែប្រយុទ្ធនឹងសត្វចម្លែកពីទីអវកាស។ មែនទែនទៅ រឿងភាគទាំងនោះសុទ្ធតែឆ្លុះបញ្ចាំងពីបញ្ហាសង្គមដូចជាការប្រើអំពើហិង្សាក្នុងទម្រង់ផ្សេងៗ ការបែងចែកវណ្ណៈបក្សពួក បញ្ហានយោបាយ ស៊ីសំណូក ពុករលួយ និងបញ្ហាជាច្រើនទៀតដែលក្មេងៗសិស្សសាលាត្រូវប្រឈម។ សម្រាប់អ្នកចូលចិត្តរឿងប្រភេទរឿងនេះ AMS សូមណែនាំរឿងភាគ ៥ រឿងដែលមិនគួររំលង៖

Weak Hero Class 1-2 (2022 & 2025)
ចាប់ផ្តើមជាមួយនឹងរឿងភាគ Weak Hero ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដោយសាច់រឿងនិយាយអំពីសាលារៀនមួយ ដែលមានការ Bully យ៉ាងធ្ងន់ធ្ងរកើតឡើងជារៀងរាល់ថ្ងៃ។ បញ្ហាសិស្សទំនើងបានក្លាយជាបញ្ហារ៉ាំរ៉ៃដែលពិបាកដោះស្រាយ។ តួអង្គសំខាន់គឺ Yeon Si-eun (សម្ដែងដោយ Park Ji-hoon) គឺជាក្មេងប្រុសមាឌតូចម្នាក់ដែលមើលទៅមិនទំនងថា មានកម្លាំងប្រឆាំងតទល់នឹងនរណាម្នាក់នោះទេ ប៉ុន្តែរូបគេមានខួរក្បាលមិនធម្មតា។ រឿងនេះនិយាយពីការងើបតស៊ូរបស់តួអង្គទន់ខ្សោយ ដោយប្រើដោយសតិបញ្ញា ឧបករណ៍សាមញ្ញៗ និងចិត្តវិទ្យាដើម្បីដោះស្រាយបញ្ហា។ ភាពទាក់ទាញមួយក្នុងរឿងនេះគឺធ្វើឱ្យអ្នកទស្សនាចង់ដឹងចង់ដឹងទៀតថាតើ Shi-eun ជាមួយនឹងមិត្តរបស់គេនឹងប្រើវិធីអ្វីមកទប់ទល់នឹងសត្រូវទាំងក្នុង និងក្រៅសាលារៀនដែលសុទ្ធតែធំ និងមានកម្លាំងខ្លាំងជាងពួកគេច្រើនដង។
Study Group (2025)
ខណៈដែល Weak Hero មាន Ji Eun ជាតួអង្គទន់ខ្សោយ និងគ្មានអំណាច ប៉ុន្តែអាចទប់ទល់នឹងការ Bully បានដោយប្រើសមត្ថភាពខួរក្បាល ប៉ុន្តែក្នុងរឿង Study Group មានតួអង្គ Yoon Ga Min (សម្ដែងដោយ Hwang Min Hyun) ដែលរឿងរៀនអាចមិនសូវជាពូកែប៉ុន្មាន ប៉ុន្តែបើនិយាយពីការវាយប្រយុទ្ធគ្នាវិញ គឺមានជំនាញជាងអ្នកណាទាំងអស់។ នៅពេលដែលមិត្តរួមក្រុមក្លាយជាជនរងគ្រោះដោយការ Bully ធ្វើបាប គេក៏បានចេញមុខជួយ។ ចំណុចខ្លាំងមួយរបស់ Study Group គឺការដំណាលរឿងទៅតាម webtoon ដើមបានយ៉ាងល្អឥតខ្ចោះ។ តួអង្គម្នាក់ៗហាក់ដូចជាលេចចេញពី webtoon ពិតៗ ខណៈសាច់រឿងបានរួមផ្សំគ្នាទាំង Action និង Comedy ដែលទស្សនិកជនអាចទស្សនាបានដោយមិនតានតឹងអារម្មណ៍។
Pyramid Game (2024)
បើនិយាយពីការបែកចែកវណ្ណៈ Pyramid Game គឺជារឿងភាគមួយទៀតដែលលើកយកបញ្ហានេះមកនិយាយបែបចំៗបំផុត។ សាច់រឿងនិយាយពីថ្នាក់រៀនពិសេសមួយដែលរៀងរាល់ខែ នឹងមានការបោះឆ្នោតដើម្បីដាក់ចំណាត់ថ្នាក់មិត្តក្នុងថ្នាក់ចាប់ពី A ដល់ F។ អ្នកដែលនៅកំពូលពីរ៉ាមីត គឺក្រុម A នឹងទទួលបានសិទ្ធិលើសអ្នកដទៃ ខណៈដែលអ្នកនៅក្នុងក្រុម F នឹងក្លាយជាជនរងគ្រោះដែលអ្នកដទៃ Bully បានតាមចិត្ត។ នៅពេលដែលសិស្សថ្មី Suzy (សម្ដែងដោយ Kim Jiyeon/Bona WJSN) ចូលមកហើយធ្លាក់ក្នុងចំណាត់ថ្នាក់ F ដំបូងឡើយនាងគិតចង់គេចចេញពីចំណាត់ថ្នាក់នេះប៉ុណ្ណោះ ប៉ុន្តែយូរៗទៅទើបដឹងថាវិធីតែមួយគត់ដើម្បីបញ្ឈប់គ្រប់យ៉ាងនោះគឺត្រូវតែបំផ្លាញប្រព័ន្ធ Pyramid នេះចោល។
Duty After School (2023)
ប្រយុទ្ធជាមួយមនុស្សគ្នាឯងហត់ហើយ ឥឡូវមកប្រយុទ្ធជាមួយមនុស្សក្រៅភពវិញម្ដង! ដូច ដឹងហើយថា កូរ៉េជាប្រទេសមួយដែលយកចិត្តទុកដាក់ខ្លាំងចំពោះការប្រឡងចូលសកលវិទ្យាល័យ ប៉ុន្តែតើនឹងមានអ្វីកើតឡើង បើកំពុងតែតានតឹងពេលត្រៀមប្រឡងហើយ ពិភពលោកបែរត្រូវអេលានចូលលុកលុយ? ស្របពេលដែលកម្លាំងយោធាមានមិនគ្រប់គ្រាន់ដើម្បីទប់ទល់ សិស្សវិទ្យាល័យថ្នាក់ទី១២ក៏ត្រូវចូលរៀនវគ្គប្រយុទ្ធនឹងមនុស្សក្រៅភពក្រោយម៉ោងសិក្សា ជាថ្នូរនឹងពិន្ទុបន្ថែមដែលអាចយកទៅប្រើប្រាស់ពេលដាក់ពាក្យនៅសាកលវិទ្យាល័យ។ ក្នុងរឿងនេះយើងនឹងបានឃើញក្មេងៗច្រើនក្រុមមានទាំងក្រុមអ្នករៀនសូត្រ ក្រុមតារាប្រចាំសាលា ក្រុមប្រើកម្លាំងបាយ ក្រុមកូនអ្នកមាន និងក្រុមផ្សេងៗទៀតដែលត្រូវងាកទៅកាន់កាំភ្លើង និងអាវុធ ដើម្បីប្រយុទ្ធជាមួយមនុស្សក្រៅភព។ ខណៈភ័យបុកពោះជំនួសតួអង្គ អ្នកទស្សនាក៏អាចមើលឃើញនូវភាពអាត្មានិយម ភាពឆោតល្ងង់របស់ពួកគេដែលមានការប្រែប្រួលជាប្រសើរឡើងបន្តិចម្ដងៗតាមរយៈបទពិសោធន៍ដែលពួកគេជួបប្រទះ។
Bitch x Rich (2023)
ងាកចេញពីរឿងបែប Action ក្ដៅគគុក មកមើលរឿងបែបហ្គេមចិត្តសាស្ត្រ និងការស៊ើបអង្កេតវិញជាមួយរឿងភាគ Bitch x Rich ដែលនាំទស្សនិកជនទៅកាន់បរិវេណសាលាអន្តរជាតិ Cheongdam ជាសាលាដែលពោរពេញទៅដោយកូនអ្នកមាន។ ក្នុងចំណោមក្មេងសង្គមថ្នាក់ខ្ពស់ទាំងនោះ Baekjena (សម្ដែងដោយ Yeri សមាជិកក្រុម Red Velvet) គឺប្រៀបដូចជាម្ចាស់ក្សត្រីរបស់សិស្សទាំងអស់ ដោយនាងគឺជាអ្នកស្នងមរតកត្រកូល Chaebol ជំនាន់ទី ៣ និងជា Influencer ដ៏ល្បីល្បាញដែលអ្នកណាៗក៏ចង់មានជីវិតដូច។ ប៉ុន្តែនៅថ្ងៃមួយនាងបានជាប់ពាក់ព័ន្ធ និងក្លាយជាជនសង្ស័យក្នុងករណីឃាតកម្មមួយ ដោយសាក្សីសំខាន់គឺ Kim Hye In (សម្ដែងដោយ Lee Eun Sam) ជាសិស្សថ្មីដែលឆ្លាតវៃ ប៉ុន្តែមានឋានៈក្រីក្រ ហើយបានផ្ទេរចូលសាលាដោយហេតុផលអាថ៌កំបាំងមួយចំនួន។ ជំនួបនៃតួអង្គទាំងពីរបានក្លាយជាសង្រ្គាមចិត្តសាស្ត្រដែលមនុស្សមកពីឋានៈផ្សេងគ្នាត្រូវចេញមកប្រយុទ្ធគ្នាដើម្បីការពារខ្លួនឯងរៀងៗខ្លួន ៕


























Account
Security
Favourite Content