នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្មវិធីប្រគល់ពានរង្វាន់ Hanteo Music Awards លើកទី៣១ ត្រូវបានបញ្ចប់បន្ទាប់ពីរៀបចំឡើងរយៈពេល២ថ្ងៃ។ ក្នុងយប់ទីពីរនេះ ក្រោយអ្នកឈ្នះពានសំខាន់ៗត្រូវបានប្រកាស ក៏មានផ្ទុះមតិចម្រូងចម្រាសជាច្រើនពីសំណាក់ទស្សនិកជន។ ក្នុងនាមជាពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដ៏សំខាន់មួយ ពានរង្វាន់ Hanteo Music Awards ឆ្នាំនេះ បែរបាត់មុខតារាល្បីៗជាច្រើននៅលើកម្រាលព្រំក្រហម តួយ៉ាងដូចជា SEVENTEEN, NewJeans, IVE និង Stray Kids សុទ្ធតែអវត្តមាន ខណៈការជ្រើសរើសអ្នកឈ្នះពានរង្វាន់ក៏ទទួលបានមតិរិះគន់ជាច្រើន។

SEVENTEEN, Stray Kids ក្លាយជាជយលាភីលេចធ្លោ ខណៈ NewJeans របូតពាន Daesang
ជាមួយនឹងការបញ្ចេញសកម្មភាព និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំកន្លងមក វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែល SEVENTEEN និង Stray Kids បានឈ្នះពានរង្វាន់ធំៗ។ ជាថ្មីម្តងទៀត SEVENTEEN បានឈ្នះពានរង្វាន់ធំ Daesang ១គឺពានរង្វាន់អាល់ប៊ុមល្អបំផុតនៅ Hanteo Music Awards សម្រាប់អាល់ប៊ុមតូចរបស់ពួកគេ “Seventeenth Heaven” ព្រមទាំងពានទទួលពាន Bonsang Artist of the Year។


ទន្ទឹមនឹងនេះ Stray Kids ក៏បានឈ្នះពាន Daesang ១ដែរគឺពានសម្រាប់ការសម្ដែង និងពានរង្វាន់ Bonsang Artist of the Year ១ដូចគ្នា។ ទោះបីជាទទួលបានជ័យជម្នះយ៉ាងធំក៏ដោយ ប៉ុន្តែក្រុមទាំងពីរមិនបានចូលរួមក្នុងពិធីប្រគល់រង្វាន់ឆ្នាំនេះដោយផ្ទាល់នោះទេ។
គួរកត់សម្គាល់ដែរថានៅកម្មវិធីពានរង្វាន់ Hanteo Music Awards ឆ្នាំនេះ NewJeans ស្ទើរតែ “ដៃទទេ” ទោះបីជាពួកគេមានប្រជាប្រិយភាពខ្លាំងពេញរយៈពេលមួយឆ្នាំកន្លងទៅ និងទទួលបានពាន Daesang ដល់ទៅ ៧ នៅក្នុងពិធីប្រគល់ពានរង្វាន់ផ្សេងៗពីមុនក៏ដោយ។ ត្បិតតែបានឈ្នះពានរង្វាន់ Bonsang Artist of the Year ប៉ុន្តែក្រុមចម្រៀងស្រីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតករ Min Hee Jin មួយនេះបានរបូតពានរង្វាន់ធំ Daesang ទាំងអស់ ខណៈក្រុម IVE ជាមួយនឹងបទចម្រៀង “I AM” របស់ពួកគេបានឈ្នះពានរង្វាន់ Daesang ១ សម្រាប់បទចម្រៀងល្អបំផុត។


ត្បិតថា Ditto មិនមានសិទ្ធិទទួលបានពានរង្វាន់ដោយសារតែបានចេញនៅចុងឆ្នាំ ២០២២ ក៏ដោយ តែ NewJeans នៅតែទទួលបានភាពជោគជ័យយ៉ាងខ្លាំងជាមួយនឹងការត្រលប់មកវិញជាមួយអាល់ប៊ុម ” Get Up” និងបទ “Super Shy”។ យ៉ាងណាមិញ ទោះបីជាបានជាប់លេខ១លើតារាងតន្ត្រីជាច្រើនសប្តាហ៍ អាចសម្រេចបាន Perfect All-Kill ព្រមទាំងត្រូវបានទស្សនាវដ្តីល្បីៗជាច្រើនដាក់ឈ្មោះថាជាបទចម្រៀងដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែទីបំផុត NewJeans បែរមិនអាចទទួលបានពានរង្វាន់ Hanteo ដែលជាពានរង្វាន់សំខាន់ក្នុងស្រុក ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍មិនជឿជាក់ចំពោះរបៀបជ្រើសរើសជយលាភីរបស់កម្មវិធីនេះ។
មតិចម្រូងចម្រាសលើការឈ្នះពាន Daesang របស់ NCT Dream

ជាថ្មីម្តងទៀត NCT Dream បានរងព្យុះនៃការរិះគន់សម្រាប់ការឈ្នះពានរង្វាន់ Daesang។ នៅក្នុងកម្មវិធី Hanteo Music Awards ឆ្នាំនេះ ក្រុមចម្រៀងបុរសជំនាន់ទី ៣ មកពីផលិតកម្ម SM មួយបានឈ្នះពានរង្វាន់ Daesang សម្រាប់សិល្បករឆ្នើម ប៉ុន្តែបើនិយាយពីសមិទ្ធផលវិញ លទ្ធផលនេះត្រូវបានទស្សនិកជនជាច្រើននិយាយថាមិនសមហេតុផល ហើយបើប្រៀបធៀបទៅនឹង NewJeans, IVE, ឬសូម្បី aespa ដែលមកពីក្រុមហ៊ុនតែមួយ NCT Dream ហាក់មិនមានភាពលេចធ្លោជាពិសេសនៅក្នុងឆាកតន្ត្រីកាលពីឆ្នាំមុននោះទេ។ ការជម្នះឱ្យ NCT Dream ឈ្នះ Daesang បើទោះបីជាពួកគេខ្វះភាពល្បីល្បាញបាននាំឱ្យមានប្រតិកម្មជាសាធារណៈប្រឆាំងនឹងផលិតកម្ម SM Entertainment ។

បន្ទាប់ពីឈ្នះពាន Daesang ក្នុងកម្មវិធី Seoul Music Awards (SMA) និង Melon Music Awards (MMA) ឥឡូវនេះនៅ Hanteo ទៀត NCT Dream បានក្លាយជាអ្នករងថ្មបាក់ ដោយសាធារណជនមានការខកចិត្តចំពោះពានរង្វាន់ដែលបានរៀបចំ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ NCT ដែលជាសិល្បករប៉ុណ្ណោះទេ ប៉ុន្តែក៏បានបន្ថយភាពជឿជាក់លើតម្លាភាពនៃកម្មវិធីពានរង្វាន់ក្នុងក្រសែភ្នែកសាធារណជនផងដែរ ៕























Account
Security
Favourite Content