ត្រលប់ទៅឆ្នាំ ១៨៩៨ អ្នកនិពន្ធជនជាតិអង់គ្លេសម្នាក់ឈ្មោះ Morgan Robertson បានសរសេរប្រលោមលោកមួយមានចំណងជើងថា ‘The Wreck of the Titan’ ឬ ‘Futility’។ ប្រលោមលោកនេះនិយាយអំពីរឿងរ៉ាវរបស់លោក John Rowland អតីតនាវិកកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលបន្ទាប់ពីត្រូវបានបណ្តេញចេញ គេបានដាក់គាត់ឱ្យធ្វើការនៅលើកប៉ាល់ឈ្មោះ Titan ជាកប៉ាល់ដែលវែងជាងគេ និងធំជាងគេ ហើយគេជឿថាជាកប៉ាល់ដែលមិនចេះលិច។

ប៉ុន្តែខណៈពេលដែលកំពុងឆ្លងកាត់មហាសមុទ្រអាត្លង់ទិកខាងជើង កប៉ាល់នេះបានបុកជាមួយផ្ទាំងទឹកកក បណ្តាលឱ្យលិចទៅបាតសមុទ្រ និងមានអ្នកស្លាប់ជាច្រើន។ ចំណែក Rowland អាចរួចជីវិតពីឧប្បត្តិហេតុនេះ។ រឿងរ៉ាវនៃកប៉ាល់ Titan ក្នុងប្រលោមលោកនេះគឺស្រដៀងទៅនឹងហេតុការណ៍ពិតនៃគ្រោះថ្នាក់លិចកប៉ាល់ Titanic ក្នុងឆ្នាំ ១៩១២ ឬ ១៤ ឆ្នាំបន្ទាប់ពីប្រលោមលោកត្រូវបានបោះពុម្ពផ្សាយ។
មិនត្រឹមតែគ្រោងរឿងដូចគ្នានោះទេ ប៉ុន្តែព័ត៌មានលម្អិតជាច្រើនគឺស្រដៀងគ្នាដែរ មិនថាជាឈ្មោះ Titan និង Titanic ហើយទាំងពីរគឺសុទ្ធតែជាកប៉ាល់ឆ្លងសមុទ្ររបស់អង់គ្លេសដូចគ្នា។ ចំណុចស្រដៀងគ្នាផ្សេងទៀតរួមមាន៖
- ប្រវែងនៃកប៉ាល់ Titan ក្នុងប្រលោមលោកគឺ ២៤៤ ម៉ែត្រ ខណៈដែលកប៉ាល់ Titanic មានប្រវែង ២៦៩ ម៉ែត្រ។
- ល្បឿនកប៉ាល់ Titan នៅពេលបុកជាមួយផ្ទាំងទឹកកកគឺ ៤៦,៣ គីឡូម៉ែត្រ/ម៉ោង ខណៈកប៉ាល់ Titanic មានល្បឿន ៤១,៦ គីឡូម៉ែត្រ/ម៉ោង។
- កប៉ាល់ទាំងពីរមានបំពង់ផ្សែងចំនួនបួន។
- កប៉ាល់ Titan មានអ្នកដំណើរប្រហែល ២៥០០ នាក់នៅលើនោះ ចំណែកប៉ាល់ Titanic មានអ្នកដំណើរប្រហែល ២២០០ នាក់
- កប៉ាល់ទាំងពីរបានបុកជាមួយផ្ទាំងទឹកកកក្នុងខែមេសានៅអាត្លង់ទិកខាងជើងដូចគ្នា។
- ចំណុចដែលកប៉ាល់ទាំងពីរលិចមានចម្ងាយប្រហែល ៧៤០,៨ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Newfoundland ប្រទេសកាណាដា។
- មិនទាន់អស់ទេ កប៉ាល់ទាំងពីរបានបុកជាមួយផ្ទាំងទឹកកកនៅពាក់កណ្តាលអធ្រាត្រដូចគ្នា ចំផ្នែកខាងស្ដាំកប៉ាល់ដូចគ្នា ហើយក្នុងអំឡុងពេលគ្រោះថ្នាក់ ទូកសង្គ្រោះក៏មិនមានគ្រប់គ្រាន់ដូចគ្នា ដោយកប៉ាល់ Titan មានទូកសង្គ្រោះចំនួន ២៤ គ្រឿង ចំណែកកប៉ាល់ Titanic មានទូកសង្គ្រោះចំនួន ២០ គ្រឿង។

ទោះយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតមួយចំនួនក៏មានភាពខុសគ្នាដែរ ដូចជាចំនួនអ្នករស់រានមានជីវិតលើកប៉ាល់ Titan មានតែ ១៣ នាក់ ចំណែកនៅលើកប៉ាល់ Titanic មាន ៧០៥ នាក់។ ទិសដៅធ្វើដំណើរខុសគ្នា ដោយកប៉ាល់ Titan បានធ្វើដំណើរពីអាមេរិកទៅអៀរឡង់ ចំណែកកប៉ាល់ Titanic បានធ្វើដំណើរពីអង់គ្លេសទៅអាមេរិក។ ស្ថានភាពនៃកប៉ាល់បន្ទាប់ពីការបុកគឺខុសគ្នា ដោយកប៉ាល់ Titan ទាំងមូលបានលិច ចំណែកកប៉ាល់ Titanic ត្រូវបានបាក់ជាពីរ មុនពេលលិចចូលទៅក្នុងសមុទ្រ។
ភាពស្រដៀងគ្នាឡើងព្រឺសម្បុរដូច្នេះធ្វើឱ្យមនុស្សជឿថា Morgan Robertson ដែលជាអ្នកនិពន្ធប្រលោមលោកនេះ ប្រាកដជាមានញាណពិសេសអាចមើលឃើញអនាគត។

រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ថ្មីៗនេះ ក៏មានហេតុការណ៍សោកនាដកម្មមួយទៀតកើតឡើង គឺនាវាជ្រមុជទឹកទៅទស្សនាខ្មោចកប៉ាល់ Titanic ត្រូវបានគេបញ្ជាក់ថាបានផ្ទុះខ្ទេចនៅបាតសមុទ្រ ហើយអ្នកដំណើរទាំង ៥ នាក់បាត់បង់ជីវិតទាំងអស់ ធ្វើឱ្យគេនឹកឃើញប្រលោមលោកនេះម្ដងទៀតព្រោះឈ្មោះរបស់នាវាជ្រមុជទឹកដែលផ្ទុះនោះមានឈ្មោះ Titan ដូចឈ្មោះកប៉ាល់ក្នុងប្រលោមលោកនេះបេះបិតតែម្ដង ៕
ចុះប្រិយមិត្តវិញគិតយ៉ាងណាចំពោះភាពចៃដន្យនេះ?



























Account
Security
Favourite Content