នៅក្នុងទំនាក់ទំនងស្នេហាមួយ យើងមិនអាចជៀសផុតពីការរករឿង សួរនាំច្រើន ឬប្រចណ្ឌឡើយដែលភាគច្រើនមនុស្សស្រីជាអ្នកធ្វើ។ ទង្វើទាំងអស់នេះអាចរាប់ជាការបារម្ភ ប៉ុន្តែប្រសិនបើជ្រុល និងសាំញ៉ាំច្រើនពេកវានឹងក្លាយជារឿងគួរឱ្យធុញទ្រាន់រហូតដល់រក្សាគម្លាត ឬមើលមុខគ្នាលែងចំក៏មាន។ ដូច្នេះដើម្បីឱ្យស្នេហាមួយកាន់តែមានភាពរឹងមាំ និងមិនមានភាពធុញទ្រាន់ មនុស្សស្រីគួរធ្វើរឿង ៣ នេះកាន់តែតូចកាន់តែល្អ៖
១. បង្រួមការសង្ស័យ

មនុស្សស្រីដែលចេះគ្រប់គ្រងការសង្ស័យរបស់ខ្លួនឯងគឺងាយចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន និងមានចិត្តទូលាយ។ ជាក់ស្ដែងនៅក្នុងស្នេហាមួយ មនុស្សស្រីដែលចូលចិត្តស្មានផ្ដេសផ្ដាស ឆេវឆាវ មានចិត្តចង្អៀត ហើយសង្ស័យមិនឈប់ មិនយូរមិនឆាប់នឹងធ្វើឱ្យទំនាក់ទំនងរបស់គេទាំងពីរកាន់តែមានគម្លាត។ មិនតែប៉ុណ្ណោះ អាការៈសង្ស័យច្រើននេះក៏អាចនឹងសាងជារូបភាពមិនល្អក្នុងក្រសែភ្នែកដៃគូផងដែរ។
២. បង្រួមការប្រៀបធៀប

ជាទូទៅមនុស្សយើងតែងមានចំណុចល្អរៀងៗខ្លួន ហើយប្រសិនបើយើងយកខ្លួនឯងទៅប្រៀបជាមួយគេ វាមិនបានធ្វើឱ្យប្រសើរឡើងឡើយ មានតែនាំឱ្យអារម្មណ៍មិនសុខ មានភាពតានតឹង និងច្រណែនប៉ុណ្ណោះ។ លើសពីនេះ វាក៏អាចមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងមនុស្សពីរនាក់ដែរព្រោះការប្រៀបធៀបនឹងធ្វើឱ្យកាន់តែគម្លាតពីគ្នា មិនចុះសម្រុង ហើយចាប់ផ្ដើមមានអារម្មណ៍នឿយហត់ក្នុងការបន្តស្នេហានេះតែម្ដង។
៣. បង្រួមភាពអំនួត

មនុស្សប្រុសចាប់ផ្ដើមធ្លាក់ទឹកចិត្ត ហើយចាប់ផ្ដើមចង់ចាកចេញប្រសិនបើមនុស្សស្រីដែលខ្លួនស្រឡាញ់មានអំនួតខ្លាំងពេក មិនថាស្អាត ឬពូកែប៉ុណ្ណានោះទេ។ វាប្រៀបដូចជាការមិនទុកមុខ ឬកិត្តិយសឱ្យមនុស្សប្រុសដូច្នេះដែរ។ ដូច្នេះហើយបើសិនយើងប្ដូរមកជាការគោរព ឱ្យតម្លៃ ជួយលើកទឹកចិត្តគ្នា និងធ្វើឱ្យអ្នកជុំវិញខ្លួនសប្បាយទើបជាមនុស្សឆ្លាត គួរឱ្យស្រឡាញ់ពិតប្រាកដ៕






















Account
Security
Favourite Content