ក្នុងជីវិតរបស់មនុស្សយើងមិនមានអ្នកណាម្នាក់ដែលមិនធ្លាប់ជួបរឿងមិនសមប្រកប និងទុក្ខលំបាកឡើយ។ ចំពោះផលទុក្ខលំបាកទាំងនោះភាគច្រើនគឺអាស្រ័យទង្វើ និងគំនិតដែលយើងស្ដែងចេញតែម្ដង។ ជាក់ស្ដែងដូចជាមនុស្សស្រីជាដើម ប្រសិនបើនៅចូលចិត្តធ្វើរឿង ២ ខាងក្រោមនេះជីវិតនឹងកាន់តែយ៉ាប់ទៅហើយ៖
១. អួតព្រោះខ្លាចគេមើលងាយ
តម្លៃ និងទំនុកចិត្តរបស់មនុស្សម្នាក់ៗគឺមិនស្ថិតគ្រឿងអលង្ការថ្លៃៗ សម្ភារៈទំនើប ឬលុយកាក់នោះទេ។ នៅពេលយើងយកពាក្យសម្ដី និងក្រសែអ្នកដទៃមកដាក់ក្នុងខ្លួនច្រើនពេក យើងនឹងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយគេ ឬខ្លាចគេមើលងាយជាដើម។ បែបនេះហើយទើបមនុស្សភាគច្រើនគិតមានតែសម្ភារៈនិយមប៉ុណ្ណោះដែលអាចធ្វើឱ្យខ្លួនមានទំនុកចិត្តហ៊ានប្រឈមជាមួយមជ្ឍដ្ឋានខាងក្រៅ។ ជាមួយគ្នានេះ ការបង្អួតសម្ភារៈ និងទ្រព្យសម្បត្តិក៏អាចជាមូលហេតុដែលធ្វើឱ្យមានភាពតានតឹងរួមទាំងជួបវិបត្តិសេដ្ឋកិច្ចផងដែរ។ ដូច្នេះយើងមិនអាចហាមឃាត់អ្នកដទៃកុំឱ្យមើលងាយបានឡើយ ប៉ុន្តែយើងអាចរស់នៅជាខ្លួនឯង ធ្វើឱ្យខ្លួនកាន់តែតម្លៃ និងកាន់តែរឹងមាំដើម្បីបង្ហាញទៅពួកគេវិញ។ ម៉្យាងវាក៏ជាចំណែកមួយធ្វើឱ្យជីវិតបានស្រស់ស្រាយដែរ។
២. ការជ្រើសរើសដៃគូជីវិត
ជាធម្មតាការជ្រើសរើសដៃគូជីវិតគឺរឿងសំខាន់បំផុត។ ស្របពេលនេះក៏នៅតែមានមនុស្សស្រីមួយចំនួនគិតថាការជ្រើសរើសដៃគូដែលមានទ្រព្យសម្បត្តិច្រើនអាចនឹងធ្វើឱ្យជីវិតមានក្ដីសុខ និងសុភមង្គល។ ប្រសិនបើយើងជាមនុស្សស្រីដែលចេះឯករាជ្យ និងមានលទ្ធភាពអាចរកចំណូលបានដោយខ្លួនបានគឺមិនសូវជាបញ្ហានោះទេ។ ប៉ុន្តែប្រសិនបើយើងរំពឹងលើដៃគូ នោះជីវិតអាចនឹងរងសម្ពាធពីភាគីម្ខាងទៀតបានយ៉ាងងាយ។ ដូច្នេះជីវិតនៅពេលខាងមុខនឹងកាន់តែតឹងតែង និងជួបឧបសគ្គជាច្រើន។
ដូច្នេះបើសិនចង់បានជីវិតដែលប្រសើរស្រស់ស្រាយត្រូវប្រយ័ត្នជាមួយ ២ ចំណុចខាងលើ៕