“បែកបាក់ស្នេហា” អ្នកណាៗក៏ដឹងថាវាឈឺចាប់ប៉ុណ្ណា។ ប៉ុន្តែនៅពេលយើងមានវ័យកាន់តែច្រើន មានការងារត្រូវធ្វើ មានកាតព្វកិច្ចទទួលខុសត្រូវកាន់តែច្រើន យើងក៏ត្រូវគ្រប់គ្រងខ្លួនឯងឱ្យបានល្អដូចគ្នាដើម្បីកុំឱ្យប៉ះពាល់ដល់ការងារ។ ដូច្នេះហើយថ្ងៃនេះ AMS បានប្រមូលផ្តុំនូវគន្លឹះគ្រប់គ្រងខ្លួនឯងចំនួន ៦ មកជូនប្រិយមិត្ត មិនថាអ្នកខូចចិត្តព្រោះស្នេហា ឬរឿងផ្សេងៗ។

១. ព្យាយាមស្វែងរកក្ដីសុខក្នុងរឿងតូចតាច
គ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្ត Shannon Gracia បានណែនាំឱ្យរកមើលក្ដីនៅជុំវិញខ្លួន និងពីខ្លួនឯងជាមុនសិន ដែលអាចជាក្ដីសុខពីរឿងតូចតាចក៏បាន ព្រោះការបង្កើតក្ដីសុខពីរឿងតូចតាចអាចជួយកាត់បន្ថយការបាក់ទឹកចិត្តក្នុងពេលខូចចិត្តបានយ៉ាងល្អ។ ដូច្នេះពេលទៅធ្វើការ អ្នកអាចឆ្លៀតចូលទិញកាហ្វេ ឬរបស់ញ៉ាំដែលអ្នកចូលចិត្តទុកញ៉ាំអំឡុងពេលធ្វើការ ឬក៏អាចសាកល្បងស្លៀកពាក់ Style ថ្មីៗ ដែលអ្នកមិនធ្លាប់ស្លៀកពីមុនក៏អាចជួយកាត់បន្ថយការធ្លាក់ទឹកចិត្តដោយសារបញ្ហាទំនាក់ទំនងផងដែរ។
២. រៀបចំផែនការថាក្នុងមួយថ្ងៃៗអ្នកត្រូវធ្វើការងារអ្វីខ្លះ
ជាដំបូង ត្រូវចាប់ផ្តើមរៀបចំផែនការការងាររបស់អ្នកថាតើ អ្វីដែលគួរធ្វើមុន អ្វីដែលគួរធ្វើក្រោយ ហើយកិច្ចការណាងាយស្រួលធ្វើ មិនចំណាយពេលច្រើន ធ្វើកិច្ចការនោះជាមុនសិន។ ហើយប្រសិនបើអ្នកពិតជាត្រូវបំពេញកិច្ចការដែលទាមទារថាមពលច្រើន ប៉ុន្តែអ្នកមិនមានសមាធិលើកិច្ចការនោះបានយូរទេ អ្នកអាចសម្រាកពីទីនោះ ហើយព្យាយាមធ្វើអ្វីផ្សេងសិន ហើយនៅពេលអ្នកមានអារម្មណ៍ស្ងប់ជាងមុន សឹមត្រឡប់ទៅការងារនោះម្តងទៀត។
៣. សាករកពេលសម្រាកពីការងារ ស្វែងរកកន្លែងសុវត្ថិភាពសម្រាប់ខ្លួនឯង
បើអ្នកបានធ្វើ២ចំណុចខាងលើហើយនៅតែមិនមានអារម្មណ៍ល្អប្រសើរ នៅតែតប់ប្រមល់ គ្មានសមាធិផ្តោតលើការងារ អាចសាកល្បងរកពេលសម្រាកពីការងារ ព្យាយាមរកកន្លែងសុវត្ថិភាពសម្រាប់ខ្លួនអ្នក ឬព្យាយាមធ្វើអ្វីដែលអ្នកចង់ធ្វើ។ អ្នកជំនាញណែនាំថា ប្រសិនបើនៅតែមានអារម្មណ៍ធុញថប់ អ្នកគួរទៅដើរលេង ឬចាកចេញពីបរិយាកាសការងារទាំងស្រុង។ អាចរកកន្លែងអង្គុយលំហែចិត្តទីណាមួយក៏បាន ហើយនៅពេលដែលស្ថានភាពចិត្តរបស់អ្នកលែងអី សឹមត្រឡប់មកអង្គុយធ្វើការក្នុងក្រុមហ៊ុនដូចធម្មតា។
៤. ពិគ្រោះជាមួយមិត្តជិតស្និទ្ធដែលអាចទុកចិត្តបាន
ប្រាប់ពីបញ្ហា ឬឧបសគ្គដែលអ្នកជួបប្រទះក្នុងជីវិតទៅកាន់អ្នកដទៃ ពិតជាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលមែន ប៉ុន្តែមនុស្សដែលអ្នកប្រឹក្សា ត្រូវតែជាមនុស្សដែលអ្នកទុកចិត្ត ហើយពិតជាជិតស្និទ្ធជាមួយ។ ពោលគឺកុំនៅឯកោម្នាក់ឯង ឬឃ្លាតឆ្ងាយពីមនុស្សដែលជិតស្និទ្ធដាច់ខាត ព្រោះពេលយើងខូចចិត្ត មនុស្សទាំងនោះនឹងចាំជួយយើង និងផ្ដល់កម្លាំងចិត្តកុំឲ្យយើងជាប់គាំងក្នុងក្ដីទុក្ខ។
៥. ប្រាប់មេរបស់អ្នកត្រង់ៗថាអ្នកកំពុងជួបបញ្ហាអ្វី
ក្នុងចំណុចនេះ យើងប្រហែលជាត្រូវមើល២ជ្រុង ដោយត្រូវទទួលស្គាល់ថានៅមានអង្គភាពដែលយោគយល់ចំពោះបញ្ហានេះ តែអង្គភាពខ្លះមិនយោគយល់ទេ។ ដូច្នេះ យកល្អគួរតែក្រឡេកមើលអាកប្បកិរិយាមេរបស់អ្នកដើម្បីមើលថាគាត់ជាមនុស្សប្រភេទណា តើអ្នកអាចនិយាយជាមួយបានទេ? ប្រសិនបើអាចនិយាយបាន អ្នកអាចសាកល្បងសុំគាត់ប្រឹក្សាលើបញ្ហាដែលអ្នកកំពុងជួប។
៦. ពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្ត
តើអ្នកដឹងទេថាអាការខូចចិត្តរបស់មនុស្សយើង ក៏មានឥទ្ធិពលដល់រាងកាយយើងដែរ មិនថាការគេង ការញ៉ាំ ហើយលើសពីនេះទៅទៀត វាអាចធ្វើឲ្យអ្នកលែងមានសមាធិនៅជាមួយបច្ចុប្បន្ន ធ្វើអ្វីក៏មានអារម្មណ៍ថាហត់។ ប្រសិនបើអ្នកមិនដឹងថាត្រូវពិគ្រោះជាមួយអ្នកណា ឬមិនអាចរកដំណោះស្រាយបាន សូមសាកល្បងពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្ត ដែលអ្នកប្រហែលជាបានបញ្ចេញអ្វីៗ ចេញពីចិត្ត យល់ពីខ្លួនឯងបន្ថែមទៀត ហើយអាចទទួលបានចម្លើយពីអ្វីដែលសង្ស័យផងដែរ។ ដូច្នេះអ្នកនឹងអាចត្រលប់មកបំពេញការងារយ៉ាងស្ងប់ចិត្ត និងមានប្រសិទ្ធភាពវិញបានរហ័ស ៕



























Account
Security
Favourite Content