កាន់តែមានអាយុច្រើន អ្នកអាចនឹងមានអារម្មណ៍ថា បានជួបមិត្តភក្តិកាន់តែតិចទៅៗ។ ពីធ្លាប់ចំណាយពេលជាមួយគ្នាស្ទើររាល់ថ្ងៃកាលពីសម័យរៀន យល់ចិត្តគ្នាគ្រប់យ៉ាង ប៉ុន្តែនៅពេលដែលអ្នកត្រូវបែកផ្លូវទៅកសាងជីវិតរៀងៗខ្លួន អ្នកស្ទើរតែមិនដឹងទាល់តែសោះថា មិត្តជិតស្និទ្ធរបស់អ្នកបានផ្លាស់ប្តូរទៅដល់កម្រិតណាហើយ។

ដ្បិតបច្ចុប្បន្ននេះ មនុស្សម្នាក់ៗសុទ្ធសឹងតែមានបណ្ដាញសង្គមរៀងៗខ្លួនក្ដី ក៏ប៉ុន្តែអ្វីដែលអ្នកបានឃើញនៅលើបណ្ដាញសង្គមនោះ គ្រាន់តែជាជ្រុងមួយដែលមិត្តភក្ដិរបស់អ្នកជ្រើសរើសបង្ហាញឱ្យអ្នកឃើញប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ ការស្ទង់មតិពី The Survey Center on American Life ក្នុងឆ្នាំ ២០២៤ បានបង្ហាញថា មនុស្សជាច្រើនស្ទើរតែមិនបានប្រើបណ្តាញសង្គមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលពួកគេស្គាល់នោះទេ។ ក្នុងចំណោមនោះ មានត្រឹមតែ ៤៦ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេទាក់ទងមិត្តភក្តិជិតស្និទ្ធជាប្រចាំតាមរយៈវិធីសាស្រ្តនេះ។
ទោះបីជាការរក្សាមិត្តភាពមិនមែនជារឿងងាយស្រួល ប៉ុន្តែការជួបមិត្តភក្តិក្នុងវ័យធ្វើការ អាចជួយឱ្យសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកប្រសើរជាងមុន។ តួយ៉ាង ទិន្នន័យពី American Psychological Association បានឱ្យដឹងថា នៅពេលដែលអ្នកមានមិត្តភាពដែលចេះជួយគាំទ្រគ្នាទៅវិញទៅមក នឹងធ្វើឱ្យអ្នកមានក្ដីសុខក្នុងជីវិតជាងមុន ក៏ដូចអាចការពារអ្នកពីបញ្ហាសុខភាពផ្លូវចិត្ត ដូចជាជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភជាដើម។
យ៉ាងណាក៏ដោយ ទំនាក់ទំនងដែលរឹងមាំ មិនមែនស្ថិតនៅលើភាពញឹកញាប់នៃការជួបគ្នានោះទេ ប៉ុន្តែស្ថិតលើ “គុណភាពនៃពេលវេលា”។ ដូច្នេះហើយ ទើបការណាត់ជួបគ្នាដើម្បីអាប់ដែតរឿងរ៉ាវជីវិត ឬ “Catch-up friendship” គឺជារឿងសំខាន់ ព្រោះវាគឺជាវិធីសាស្ត្រមួយសម្រាប់រក្សាមិត្តភាពក្នុងវ័យធ្វើការ។ ជំនួសដោយការជួបគ្នារាល់ថ្ងៃ អ្នកប្រហែលជាត្រូវណាត់ជួបគ្នាយូរៗម្ដង អាចមួយខែម្ដង ឬក្នុងឱកាសពិសេសណាមួយ ដើម្បីសង្ខេបរឿងរ៉ាវជីវិត គ្រាដែលមិនបានជួបគ្នាឱ្យមិត្តរបស់អ្នកដឹង។

នៅពេលដែលអ្នកជួបគ្នាជាមួយនឹងមិត្តភក្ដិ អ្នកអាចសាកល្បងចែករំលែករឿងរ៉ាវដែលអ្នកមិនបង្ហោះលើបណ្តាញសង្គម ឬជជែកគ្នាឱ្យកាន់តែស៊ីជម្រៅជាងមុន ដើម្បីឱ្យអ្នកអាចយល់ចិត្តគ្នាកាន់តែច្បាស់ ជាជាងនិយាយរឿងទូទៅដែលមិនទាក់ទងនឹងជីវិតផ្ទាល់ខ្លួន។
Naomi Magnus អ្នកជំនាញពី North London Therapy បានណែនាំពីវិធីសាស្រ្តជជែកគ្នាថា ក្រោយពីមិត្តភក្ដិរបស់អ្នកចែករំលែកចប់ អ្នកអាចសួរពីអារម្មណ៍ ឬការយល់ឃើញរបស់គេចំពោះហេតុការណ៍ទាំងនោះ ក៏ដូចជាតភ្ជាប់រឿងនោះ ទៅកាន់រឿងរ៉ាងចាស់ៗ ដើម្បីបង្ហាញថា អ្នកនៅតែចងចាំ និងចាត់ទុកថាជាមនុស្សសំខាន់។ ដូចគ្នាដែរ អ្នកកុំភ្លេចស្ដាប់មិត្តរបស់អ្នកដោយយកចិត្តទុកដាក់ផង។
ក្រៅពីនេះ បើសិនជាគ្រាកន្លងមក អ្នកធ្លាប់ដឹងពីចំណុចខ្សោយ និងរឿងរ៉ាវដែលមិត្តរបស់អ្នកធ្លាប់ឆ្លងកាត់ អ្នកប្រហែលជាដឹងច្បាស់ថា មុននឹងមិត្តម្នាក់ជោគជ័យ គេត្រូវប្រើការតស៊ូកម្រិត។ ដូច្នេះហើយ សូមអ្នកកុំភ្លេចលើកទឹកចិត្ត និងសរសើរមិត្ត ដើម្បីឱ្យមិត្តភាពនេះកាន់តែប្រសើរជាងមុន។
បើទោះបីជាពេលវេលាបានកន្លងទៅហើយ ឯការជួបគ្នាក៏ជារឿងពិបាកទៀត តែមិត្តភក្តិនៅតែជាកន្លែងដែលអាចធ្វើឱ្យអ្នកមានក្ដីសុខ និងសុវត្ថិភាពផ្លូវចិត្ត ព្រោះគេជាមនុស្សដែលស្គាល់អ្នកក្នុងនាមជាអ្នកតាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន។ ការមានមិត្តភក្តិនៅក្បែរ និងអាចជួបជុំគ្នា ទោះមិនញយដឹងដូចមុន តែនៅតែមិនន័យដូចដើម៕


























Account
Security
Favourite Content