ជាធម្មតាទំនាក់ទំនងរវាងមនុស្សពីរនាក់ គឺតែងតែចង់បន្តកាន់ដៃគ្នាឱ្យបានយូរ អាចថារហូតដល់ចាស់កោងខ្នង។ ប៉ុន្តែអ្វីៗនៅលើលោកនេះមិនទៀងឡើយ មានជួបក៏មានបែកដែរ ហើយមូលហេតុនៃការបែក គឺមានច្រើនដូចជាការមិនយល់ចិត្តគ្នា ឬសម្ពាធគ្រួសារជាដើម។ ជាក់ស្ដែងថ្ងៃនេះយើងសូមចែករំលែកមូលហេតុខ្លះដែលធ្វើឱ្យគូស្នេហ៍មិនអាចបន្តដំណើរទៅមុខជាមួយគ្នាទៀតបាន៖
១. មានទស្សនៈខុសគ្នា
ក្នុងទំនាក់ទំនងស្នេហាចាំបាច់គឺទាមទារឱ្យយោគយល់គ្នាទៅវិញទៅមក បើទោះជាមិនបានច្រើនក៏ដោយ ហោចណាស់ក៏មានមួយចំនួនដែរ។ ការដែលមានទស្សនៈផ្ទុយគ្នាខ្លាំងពេក ជីវិតគូនឹងចាប់ផ្ដើមមានភាពរកាំរកូស និងមិនចុះសម្រុងគ្នា ថែមទាំងអាចងាយបង្កើតឡើងជាជម្លោះសូម្បីតែរឿងតូចតាចក៏ដោយ។
២. មានស្ថានភាពគ្រួសារខុសគ្នា
ស្នេហាគឺជារឿងរបស់មនុស្សពីរនាក់មែន ប៉ុន្តែក៏នៅតែមិនអាចរំលងបាននូវចំណុចក្រុមគ្រួសារទាំងសងខាងបានដែរ។ នៅពេលគម្លៀតគ្រួសារទាំងពីរនៅឆ្ងាយពីគ្នាខ្លាំងពេក នោះវាហាក់មានភាពលម្អៀង និងងាយកើតឡើងបញ្ហាខ្លាំងមែនទែន។ សម្រាប់គ្រួសារដែលមានការយោគយល់គឺមិនសូវជាបញ្ហាឡើយ ប៉ុន្តែសម្រាប់គ្រួសារដែលតឹងរ៉ឹងច្បាស់ជាមានឧបសគ្គច្រើន។
៣. មានម្នាក់ចាប់ផ្ដើមក្បត់ចិត្ត
ក្រៅពីការយោគយល់គ្នាហើយ ទំនាក់ទំនងស្នេហាក៏ចាំបាច់ត្រូវមានភាពស្មោះត្រង់ដែរ។ ប្រសិនបើភាគីម្ខាងណាដែលចាប់ផ្ដើមប្រែប្រួល នោះក៏មានន័យស្នេហារវាងអ្នកទាំងពីរក៏ដើរជិតដល់ផ្លូវបំបែកដែរ។ ប៉ុន្តែបើគេដឹងខ្លួនមកសុំការអភ័យទោសក៏ត្រូវគិតឱ្យមែនទែនព្រោះការឈឺចាប់អាចនឹងកើតឡើងជាលើកទីពីរដែរ។
៤. លែងមានជំនឿចិត្តឱ្យគ្នា
ជំនឿចិត្តបានដើរតួយ៉ាងសំខាន់មិនថាស្នេហា មិត្តភាព ឬក្រុមគ្រួសារឡើយ។ ជាក់ស្ដែងក្នុងស្នេហារវាងមនុស្សពីរនាក់ ប្រសិនបើជំនឿចិត្តចាប់ផ្ដើមបាត់បង់បន្តិចម្ដងៗហើយ នោះវាតែងតែមានរឿងប្លែកៗជាច្រើនដែលត្រូវបានលាក់បាំងពីគ្នា។ នៅពេលដែលរឿងបែបនេះបន្តជារឿយៗទៅ មិនយូរមិនឆាប់នឹងដល់ពេកត្រូវលែងដៃគ្នាជាមិនខាន៕