ជាធម្មតាមនុស្សយើងមួយចំនួនតែងតែយកតួលេខនៃអាយុមកដាក់កំណត់ឱ្យខ្លួនឯងមិនឱ្យធ្វើអ្វីដែលខ្លួនចង់ធ្វើឡើយ។ ភាគច្រើនពួកគេនឹងមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាមិនបានការក្រោយឈានចូលវ័យចំណាស់ ឬឯកោជាដើម។ ដូច្នេះយើងគួរបែរមកព្យាយាមធ្វើរឿងទាំងនេះឱ្យបានល្អតាមដែលអាចធ្វើទៅបាន ទើបអាចរស់នៅដោយសប្បាយចិត្តមិនថាអាយុច្រើនប៉ុណ្ណានោះទេ៖
១. ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់

មិនថាអាយុខ្លួនឯងច្រើនប៉ុណ្ណានោះទេ សូមព្យាយាមធ្វើអ្វីដែលខ្លួនស្រឡាញ់ឱ្យបានដើម្បីរស់នៅជាខ្លួនឯង។ ការធ្វើបែបនេះអាចធ្វើឱ្យយើងមានអារម្មណ៍កាន់តែពេញចិត្តនឹងខ្លួនឯងព្រមទាំងបង្កើនសុភមង្គលទ្វេដងផងដែរ។ មិនត្រឹមប៉ុណ្ណេះ នៅពេលដែលយើងមានអារម្មណ៍សប្បាយចិត្តនឹងជួយបង្កើនកម្រិតភាពស៊ាំ និងកាត់បន្ថយភាពតានតឹងទៀតផង។ ហេតុនេះហើយវានឹងជួយឱ្យចរន្ដឈាមរត់ស្រួល និងជួយដល់ចង្វាក់បេះដូងផងដែរ។
២. សាកល្បងជាមួយអ្វីថ្មីៗ
នៅពេលដែលគិតថាចង់សាកល្បងជាមួយអ្វីថ្មីៗ សូមកុំគិតថាខ្លួនឯងហួសអាយុឱ្យសោះ។ ប្រសិនបើយើងគិតថាខ្លួនឯងចាស់ពេកក្នុងការសាកល្បងអ្វីដែលថ្មី នោះហាក់បីដូចជារុញខ្លួនឯងឱ្យធ្លាក់ចូលអន្លង់នៃភាពសោកស្ដាយ និងភាពឯកោមិនខាន។ ជាពិសេសនៅពេលដែលយើងនៅតែបន្ដធ្វើអ្វីដដែលនឹងក្លាយជាទម្លាប់ ឬអាចឈានដល់បាត់បង់ចំណូលចិត្តតែម្ដង។ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការសាកល្បងបទពិសោធន៍ជីវិតថ្មីប្រសិនបើមានឱកាស វាជាផ្នែកមួយធ្វើឱ្យជីវិតយើងមានន័យជាងមុន និងសម្រស់ក្មេងជាងវ័យផងដែរ។
៣. រក្សាទំនាក់ទំនងក្នុងសង្គម

នៅពេលមនុស្សយើងកាន់តែចាស់នឹងមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាមនុស្សគ្មានប្រយោជន៍ដោយសារខ្លួនឯងមិនអាចធ្វើរឿងដែលខ្លួនធ្លាប់ធ្វើដូចពីមុនបានទៀតហើយ។ ដូច្នេះហើយការរក្សាទំនាក់ទំនងក្នុងសង្គមជាមួយមិត្តភក្ដិ ឬអ្នករួមការងារអាចនឹងជួយឱ្យយើងបំភ្លេចអារម្មណ៍ទាំងនោះបានយ៉ាងល្អ។ លើសពីនេះ ពួកគេក៏នឹងនៅជាមួយយើងអំឡុងគ្រាលំបាកផងដែរ។
៤. ថែរក្សាសុខភាពឱ្យល្អ
មនុស្សជាច្រើនតែងតែប្រាថ្នាចង់បានជីវិតមួយដ៏រីករាយមិនថាក្មេង ឬចាស់នោះទេ។ ភាគច្រើនគេអាចនឹងផ្ដោតទៅលើទ្រព្យសម្បត្តិ ឬមនុស្សនៅជុំវិញខ្លួន ប៉ុន្តែអាចនឹងភ្លេចគិតដល់កត្ដាសុខភាព។ ចំពោះការថែរក្សាសុខភាពនេះដែររួមមានការជ្រើសរើសរបបអាហារ រក្សាសុខភាពផ្លូវចិត្ត និងការធ្វើលំហាត់ប្រាណផងដែរ។ ប្រសិនបើមិនមានសុខភាពល្អនោះទេ ទោះជាមានទ្រព្យសម្បត្តិហូរហៀរយ៉ាងណាក៏អត់ប្រយោជន៍ដែរ។
៥. ហាមប្រៀបធៀបខ្លួនឯង

មនុស្សយើងនេះគ្មានអ្នកណាម្នាក់មានសម្រស់អមតៈ និងមិនចេះចាស់នោះទេ។ ជារឿងធម្មតាទៅហើយរាងកាយរបស់យើងនឹងផ្លាស់ប្ដូរទៅតាមធម្មជាតិ ហើយជៀសមិនរួចនោះទេ។ ប្រសិនបើព្យាយាមប្រៀបធៀបខ្លួនខ្លាំងពេក នោះអារម្មណ៍បាក់ទឹកចិត្តនឹងជ្រៀតចូលមកក្នុងខ្លួនកាន់តែច្រើនតាមហ្នឹងដែរ។ ដូច្នេះយើងមិនអាចបញ្ឈប់ធម្មជាតិនោះទេ ប៉ុន្តែយើងអាចធ្វើឱ្យខ្លួនរីករាយជាងមុន មានសុភមង្គលជាងមុន សុខភាពល្អជាងមុន ហើយទាំងនេះហើយក៏ជាចំណែកជួយឱ្យយើងមានសម្រស់ក្មេងជាងមុនបន្តិចទៀតផង៕

























Account
Security
Favourite Content