បច្ចុប្បន្ននេះមនុស្សស្រីជាច្រើនមានសមត្ថភាពខ្លាំងពូកែអាចរកប្រាក់ចំណូលបានច្រើន ហើយក៏ជាមនុស្សម្នាក់ដែលគិតគូរពីការចំណាយ និងការសន្សំខ្លាំងជាងគេដែរ។ ប៉ុន្តែជាមនុស្សស្រីយើងមិនអាចខ្ជះខ្ជាយពេក ហើយក៏មិនអាចរិះថាំខ្លាំងពេកបានដែរ។ ដូច្នេះបើរកប្រាក់ចំណូលបានប៉ុណ្ណា មិនគួរភ្លេចចំណាយលើរឿង ៤ យ៉ាងនេះសម្រាប់ខ្លួនឯង៖
១. ទិញគ្រឿងសម្អាង
ជាធម្មតាមនុស្សស្រីទោះតែងខ្លួនសាមញ្ញខ្លាំងប៉ុណ្ណា ក៏មិនអាចអត់ចំណាយខ្លះទៅលើគ្រឿងសម្អាងបានដែរ។ ការតុបតែងខ្លួនឱ្យស្អាតបាតមិនមែនគ្រាន់បង្ហាញសម្រស់ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងអាចជួយយើងមានអារម្មណ៍ស្រស់ថ្លាជាងមុន និងរីករាយជាងមុនទៀតផង។ ដូច្នេះនៅពេលដែលយើងកាន់តែរីករាយ និងកាន់តែស្រស់ស្អាត សំណាងច្បាស់ជារត់មករកស្រ្តី។
២. ការពិនិត្យសុខភាព
សុខភាពគឺជាអាទិភាពដ៏សំខាន់សម្រាប់យើងគ្រប់គ្នា ជាពិសេសគឺមនុស្សស្រីតែម្ដង។ ទោះបីជាពេលនេះមិនទាន់កើតរឿងអ្វីធំដុំខ្លាំងក៏ដោយ ប៉ុន្តែយើងមិនអាចស្មានដឹងនៅពេលក្រោយបាននោះទេ។ ដូច្នេះហើយទាន់ពេលអាចរកប្រាក់បានច្រើន គួរតែបែងចែកមួយចំណែកសម្រាប់ពិនិត្យសុខភាពជាប្រចាំដើម្បីបង្ការភាពសោកស្ដាយ និងស្ថានភាពកាន់តែអាក្រក់ចូលមកក្នុងជីវិត។
៣. ទិញសម្លៀកបំពាក់
មិនថាយើងខំប្រឹងចង់សន្សំសំចៃយ៉ាងណានោះទេ ការទិញសម្លៀកបំពាក់ឱ្យខ្លួនឯងគឺជារឿងដែលគួរធ្វើបំផុត។ ការតុបតែងខ្លួនជាមួយនឹងខោអាវស្អាតៗនាំយើងកាន់តែមានទំនុកលើខ្លួនឯងរឹតតែខ្លាំង។ ជាពិសេសវាធ្វើឱ្យចាប់ផ្ដើមមានការគិតបែបវិជ្ជមានដែលជាចំណែកជួយឱ្យកិច្ចការងាររបស់យើងកាន់តែរលូនផងដែរ។
៤. ទិញរបស់ខ្លួនឯងស្រឡាញ់
មិនថាមានអាយុប៉ុន្មានហើយនោះទេ ពេលដែលរកប្រាក់ចំណូលបានយើងគួរតែចែកមួយចំណែកផ្សេងទៀតដើម្បីទិញនូវរបស់ខ្លួនឯងស្រឡាញ់។ ការដែលអាចទិញនូវរបស់ដែលខ្លួនឯងស្រឡាញ់អាចចាត់ទុកបានថាជាការលើកទឹកចិត្តឱ្យខំប្រឹងតស៊ូទៅមុខបន្ដទៀត និងមានឱកាសស្វែងរកអ្វីថ្មីៗសម្រាប់ខ្លួនឯងផងដែរ៕