សព្វថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយសង្គមគឺកន្លែងដែលអនុញ្ញាតឱ្យយើងបង្កើតមិត្តភក្ដិ ចែករំលែកភាពរីករាយ និងទំនាក់ទំនងជាមួយនឹងអ្នកជុំវិញខ្លួនបានយ៉ាងដោយមិនថាស្ថិតក្នុងពេលណានោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏យើងមិនមែនសុទ្ធតែអាចចែករំលែករឿងគ្រប់យ៉ាងបានដែរ។ ជាក់ស្ដែងដូចជារឿង ៣ ខាងក្រោមនេះដែលមិនគួរផ្សព្វផ្សាយជាសាធារណៈឡើយ ប្រសិនបើចង់ការពារខ្លូន និងអ្នកជុំវិញខ្លួន៖
១. ព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន
ព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយចំនួនរួមមានដូចជាលេខគណនីធនាគារ លេខកាតឥណទាន ឬរូបភាពដែលទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្ថុគឺមិនគួរចែករំលែកនៅលើបណ្ដាញសង្គមឡើយ។ ដោយសារតែចំណុចទាំងអស់នេះគឺជាគោលដៅចម្បងសម្រាប់ជនបោកប្រាស់ និងឧក្រិដ្ឋជនតាមអ៊ីនធឺណេតឆ្លៀតឱកាសក្នុងការទាញយកផលប្រយោជន៍ដោយមិនដឹងខ្លួន។ ដូច្នេះវាជារឿងល្អបំផុតដែលយើងគួរតែរក្សាព័ត៌មានហិរញ្ញវត្ថុទាំងនេះជាការសម្ងាត់ដើម្បីការពារទ្រព្យសម្បត្តិ និងអត្ដសញ្ញាណផងដែរ។
២. អារម្មណ៍ផ្ទាល់ខ្លួន
បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយគឺជាវេទិកាដែលអាចចែករំលែករឿងជាច្រើនពិតមែន ប៉ុន្តែវាមិនមែនជាកន្លែងគួរសមដែលអាចឱ្យយើងបញ្ចេញអារម្មណ៍ និងត្អូញត្អែរពីជីវិតផ្ទាល់ខ្លួននោះដែរ។ ជាក់ស្ដែងការចែករំលែកពីជម្លោះផ្ទាល់ខ្លួនលើបណ្ដាញសង្គមមិនត្រឹមតែធ្វើឱ្យបង្កជាផលអវិជ្ជមានដល់អ្នកដទៃឡើយ វាថែមទាំងធ្វើឱ្យអ្នកដទៃវាយតម្លៃមិនល្អមកលើយើងទៀតផង។ ដូច្នេះប្រសិនបើចង់ដោះស្រាយបញ្ហា ជម្រើសល្អបំផុតគឺប្រឈមមុខនឹងបញ្ហាដោះស្រាយឱ្យបានច្បាស់លាស់ ជាជាងបង្ហោះប្រព័ន្ធអ៊ីនធឺណេត។
៣. ការបង្ហាញភាពចម្រូងចម្រាស
ការបង្ហាញពីភាពចម្រូងចម្រាស ឬឈ្លោះគ្នាដោយប្រើប្រាស់ពាក្យពេចន៍មិនល្អមិនត្រឹមតែបង្កឱ្យភាពឥតសណ្ដាប់ធ្នាប់ប៉ុណ្ណោះទេ ថែមទាំងជាការបន្ទាបតម្លៃខ្លួនឯងទៀតផង។ លើសពីនេះ វានឹងធ្វើឱ្យយើងបាត់បង់ការតម្លៃ ការគោរព និងកេរ្ដីឈ្មោះផងដែរ។ ដូច្នេះប្រសិនបើមានបញ្ហាចម្រូងចម្រាសបែបនេះគួរតែដោះស្រាយដោយសន្ដិវិធី ឬដើរតាមផ្លូវច្បាប់តែម្ដង៕