កម្មវិធីពានរង្វាន់ធំបំផុតក្នុងវិស័យតន្ត្រីអន្តរជាតិគឺ Grammy Awards លើកទី៦៦ បានរៀបចំឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ នៅទីក្រុង Los Angeles រដ្ឋ California ត្រូវនឹងព្រឹកថ្ងៃទី៥ ខែកុម្ភៈនៅកម្ពុជា ដោយមានវត្តមានតារាចម្រៀងល្បីៗចូលរួមយ៉ាងច្រើនកុះករ។






ក្នុងចំណោមជយលាភីទាំងអស់ តារាចម្រៀង Taylor Swift បានឈ្នះពានរង្វាន់ធំបំផុត គឺពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ សម្រាប់អាល់ប៊ុម “Midnights” ដែលធ្វើឱ្យនាងក្លាយជាសិល្បករដំបូងដែលអាចឈ្នះពានរង្វាន់នេះដល់ទៅ ៤ដងក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី Grammy។

ក្រៅពីពានធំនេះ ម្ចាស់បទ “Anti Hero” ក៏បានឈ្នះពានអាល់ប៊ុមចម្រៀងប៉ុបប្រចាំឆ្នាំដែរ ថែមទាំងឆ្លៀតប្រកាសដំណឹងល្អមួយទៀតសម្រាប់អ្នកគាំទ្ររបស់ខ្លួន គឺពាក់ព័ន្ធអាល់ប៊ុមចម្រៀងថ្មីឈ្មោះ “The Tortured Poets Department” ដែលត្រៀមចេញនៅថ្ងៃទី១៩ ខែមេសាខាងមុខនេះ។

ជយលាភីលេចធ្លោផ្សេងទៀតសម្រាប់កម្មវិធី Grammy Awards ឆ្នាំនេះមានដូចជា Billie Eilish ដែលបានឈ្នះពានបទចម្រៀងប្រចាំឆ្នាំសម្រាប់បទចម្រៀងក្នុងភាពយន្ត “Barbie” បទ “What Was I Made For?” តារាចម្រៀងស្រី Victoria Monét បានឈ្នះពានរង្វាន់សិល្បករថ្មីប្រចាំឆ្នាំ និងតារាចម្រៀង Miley Cyrus បានឈ្នះពានការសម្ដែងចម្រៀងប៉ុបទោលប្រចាំឆ្នាំសម្រាប់បទ “Flower”។
ទន្ទឹមនឹងនេះ តារាចម្រៀង SZA បានឈ្នះពានរង្វាន់សំខាន់ៗ៣រួមមានពានរង្វាន់បទចម្រៀងចង្វាក់ R&B ប្រចាំឆ្នាំសម្រាប់បទ “Snooze” ពានរង្វាន់ការសម្ដែងបទចម្រៀងគូប្រចាំឆ្នាំសម្រាប់បទ “Ghost in The Machine” និងពានរង្វាន់អាល់ប៊ុមចម្រៀង R&B ស្របពេលតារាចម្រៀងរ៉េប Jay-Z បានទទួលពានរង្វាន់កិត្តិយស Global Impact សម្រាប់ឥទ្ធិពលជាសកលោក ៕
























































Account
Security
Favourite Content