យើងតែងតែរងសម្ពាធថា ត្រូវតែមានគោលដៅធំ មានស្នាដៃលេចធ្លោ ឬសូម្បីតែរឿងរូបសម្រស់ ក៏ត្រូវតែល្អឥតខ្ចោះដែរ ទើបអាចក្លាយជាមនុស្សដែលមានទំនុកចិត្តបាន។ ក៏ប៉ុន្តែ នៅពេលដែលសម្លឹងមើលទៅកាន់គោលដៅដែលធំខ្លាំងពេក វាកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងតូច ហើយចាប់ផ្ដើមសង្ស័យពីសមត្ថភាពរបស់ខ្លួនឯង ធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្តទៅតាមនោះដែរ។

ហេតុដូច្នេះហើយទើបគោលគំនិត Micro-Confidence កើតឡើង ដើម្បីមកផ្លាស់ប្ដូរការគិត និងជួយឱ្យអ្នកមានទំនុកចិត្តតាមរយៈរឿងតូចៗ។ Micro-Confidence មិនមែនជាការបោកបញ្ឆោតខ្លួនឯងថា ខ្លួនអ្នកជាមនុស្សពូកែបំផុតនោះទេ ប៉ុន្តែវាគឺជាការបង្កើតគ្រឹះនៃទំនុកចិត្ត តាមរយៈការប្រមូលផ្ដុំនូវភាពជោគជ័យតូចៗ ឬហៅថា “Small Wins”។
នៅក្នុងផ្នែកចិត្តសាស្ត្រ រាល់ពេលដែលអ្នកបានធ្វើអ្វីមួយ បើទោះបីជាជារឿងតូចតាចក្ដី មិនថាការរៀបចំតុធ្វើការ ការសម្អាតផ្ទះ ឬការឆ្លើយតបសារដែលគរចោល ឱ្យតែអ្នកបំពេញការងារនោះបានសម្រេច វានឹងបញ្ចេញអ័រម៉ូននៃសេចក្ដីសុខ Dopamine និងបញ្ជូនសញ្ញាប្រាប់ខ្លួនឯងថា៖ “ខ្ញុំជាមនុស្សដែលអាចរក្សាពាក្យសម្ដី និងធ្វើតាមគម្រោងរបស់ខ្លួនឯងបានសម្រេច”។
បេះដូងសំខាន់នៃការបង្កើត Micro-Confidence គឺការឈប់ផ្ញើក្ដីសុខ ឬមោទកភាពតែចំពោះគោលដៅចុងក្រោយ ក៏ប៉ុន្តែគឺការងាកមកស្វែងរករបស់ទាំងនេះ តាមផ្លូវដែលអ្នកកំពុងតែដើរទៅវិញ។ នៅពេលដែលអ្នកបានធ្វើអ្វីមួយសម្រេចម្ដងហើយម្ដងទៀត ខួរក្បាលនឹងចាប់ផ្ដើមដំណើរការក្នុងរបៀប Neuroplasticity ដែលជាសមត្ថភាពរបស់ខួរក្បាលក្នុងការសម្របខ្លួន និងបង្កើតការគិតថ្មី។

តួយ៉ាង កន្លងមកអ្នកធ្លាប់មានអារម្មណ៍ថា ភាពជោគជ័យគឺជារឿងពិបាក និងនៅឆ្ងាយពីខ្លួន ក៏ប៉ុន្តែបន្ទាប់ពីអ្នកអាចបង្កើត Micro-Confidence ហើយ អ្នកនឹងមើលឃើញថាវាជារឿងងាយជាងមុន ក៏ព្រោះតែមានទំនុកចិត្តចំពោះខ្លួនឯង។ ទំនុកចិត្តប្រភេទនេះ គឺរឹងមាំជាងទំនុកចិត្តដែលកើតចេញពីការសរសើររបស់អ្នកដទៃ ព្រោះវាបានកើតឡើងពីបទពិសោធន៍របស់អ្នកផ្ទាល់។
ការបង្កើតភាពរឹងមាំនៃទំនុកចិត្តនេះ មិនខុសពីការហាត់ប្រាណនោះទេ។ អ្នកមិនអាចមានរាងកាយមាំមួន ដោយសារតែការលើកដុំដែកទម្ងន់ធ្ងន់ត្រឹមតែម្ដងឡើយ ប៉ុន្តែអ្នកអាចមាំមួនបានតាមរយៈការលើកដុំដែកដែលមានទម្ងន់សមល្មមឱ្យបានជាប់លាប់។
សកម្មភាពក្នុងជីវិតពិត ដូចជាការហ៊ានចេញមតិយោបល់ក្នុងកិច្ចប្រជុំ ឬការហ៊ានបដិសេធនូវអ្វីដែលជះឥទ្ធិពលអាក្រក់ដល់ខ្លួនអ្នក គឺសុទ្ធសឹងតែជាការប្រមូលផ្ដុំ Micro-Confidence ដែលនឹងសន្សឹមៗផ្ដុំគ្នាក្លាយជាទំនុកចិត្តដ៏រឹងមាំមួយនៅពេលអនាគត។ នោះគឺជាជ័យជម្នះដ៏អស្ចារ្យបំផុត ដែលគ្មាននរណាម្នាក់អាចដកហូតយកទៅវិញបានឡើយ៕
























































Account
Security
Favourite Content