ថ្មីៗនេះបទចម្រៀង Fast Forward របស់តារាចម្រៀងស្រី Jeon Somi បានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រជុំវិញពិភពលោកដែលធ្វើឱ្យបទមួយនេះជាប់ចំណាត់លេខមួយក្នុងតារាង iTunes Worldwide Album Chart និងជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោម ៧ ប្រទេស។


ស្របជាមួយនឹងបទចម្រៀងពោរពេញដោយថាមពលហើយ Somi ក៏កំពុងត្រូវបានអ្នកលេងអ៊ីនធឺណេតចាប់អារម្មណ៍ទៅលើរូបរាងដ៏ស្រស់ស្អាតចង្កេះដូចអង្រ្កងរបស់នាងផងដែរ។ ជាមួយគ្នានេះ ពួកគេក៏បានកោតសរសើរនាងយ៉ាងខ្លាំងនៅពេលនាងបង្ហាញក្បាច់រាំដ៏ស្វាហាប់ និងមានថាមពលលើឆាក។



ហេតុនេះទើបមានមហាជនជាច្រើនចង់ដឹងពីអាថ៌កំបាំងក្នុងថែរក្សារាងឱ្យតូចស្ដើងស្លីមបែបនេះ។ ជាក់ស្ដែងនៅក្នុងការផ្សាយកន្លងមក នាងប្រាប់ថាមានថ្ងៃមួយនាងធ្លាប់បានឡើងទម្ងន់រហូតដល់ ៦ គីឡូដែលធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង និងឆ្ងល់ថាខ្លួនបានញ៉ាំអ្វីខ្លះទើបឡើងដល់ម្ល៉ឹង។ ដូច្នេះក្រោយមកនាងក៏បានងាកមកយកចិត្តទុកដាក់លើរបបអាហារដោយញ៉ាំបន្លែផ្លែឈើឱ្យបាន ញ៉ាំអាហារបំប៉ន និងប្ដូរមកប្រើប្រាស់គ្រឿងផ្សំសុខភាពមកធ្វើម្ហូបវិញ។



ក្នុងនោះនាងបាននិយាយថានាងបានបង្ហាញច្រើនមកហើយអំពីរបបអាហារ ដូច្នេះនាងនឹងបង្ហាញអំពីរបៀបហាត់ប្រាណ និងសកម្មភាពខ្លះៗវិញ។
នៅក្នុងកម្មវិធី TMI Show នាងបានបង្ហាញក្បាច់ទីមួយគឺ Plank Twist ដោយច្រត់កែងដៃលើកម្រាល ហើយកាច់ចង្កេះឆ្វេងស្ដាំ។ ការធ្វើបែបនេះនឹងជួយឱ្យសាច់ដុំលើខ្លួនរឹងមាំដូចជាពោះ និងត្រគាកផងដែរ។ ប្រសិនបើយើងអាចអនុវត្តវាបានជាប់លាប់ វានឹងជួយចង្កេះតូចកាន់តែលឿន។

យោងតាមទស្សនាវដ្ដី Elle Korea បន្ថែមពីលើនេះក្នុងជីវិតប្រចាំថ្ងៃ Somi ក៏ចូលចិត្តកីឡាផ្សេងៗទៀតផងដែរដូចជាការហាត់តៃក្វាន់ដូ ការហាត់កីឡា Pilates កីឡាជិះស្គី និងការធាក់កង់អគ្គីសនីជាដើម៕






















Account
Security
Favourite Content