ជាធម្មតាយើងតែងតែសង្កេតផ្ទៃមុខរបស់នារីៗនៅកូរ៉េភាគច្រើនមានសំណើម សភ្លឺ និងទន់រលោងស្អាតមែនទែន។ រហូតមកដល់ពេលបច្ចុប្បន្នក៏មានមនុស្សភាគច្រើននៅអាស៊ីបានអនុវត្តទម្លាប់ថែរក្សាស្បែកមុខតាមបែបកូរ៉េផងដែរ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកនូវ ៦ គន្លឹះដែលនារីៗនៅកូរ៉េប្រើក្នុងទម្លាប់ថែរក្សាស្បែកមុខឱ្យស្អាត៖
១. ផ្ដោតលើផលិតផលធ្វើឱ្យស

ស្រីៗនៅកូរ៉េភាគច្រើនចូលចិត្តស្បែកស ដូច្នេះហើយផលិតផលដែលជួយឱ្យស្បែកសពិតជាមានប្រជាប្រិយភាពមែនទែននៅប្រទេសកូរ៉េខាងត្បូង។ លើសពីនេះ វាមិនត្រឹមតែជួយឱ្យសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចលុបបំបាត់ស្នាមអុជខ្មៅ និងធ្វើឱ្យស្បែកមើលទៅភ្លឺថ្លាផងដែរ។
២. ផ្ដោតលើការផ្ដល់សំណើម
ក្នុងទម្លាប់ថែរក្សាស្បែករបស់នារីៗនៅប្រទេសកូរ៉េតែងតែផ្ដោតទៅលើការផ្ដល់សំណើមដើម្បីឱ្យមានសភាពភ្លឺរលោង បង្រួមរន្ធញើស និងពន្យាភាពចាស់។ ដូច្នេះមិនចម្លែកនោះដែលពួកគេច្រើនប្រើប្រាស់សេរ៉ូម ក្រែមផ្ដល់សំណើម និងផលិតផលផ្ដល់សំណើមផ្សេងៗទៀតដើម្បីឱ្យស្បែកភ្លឺថ្លាស្អាត។
៣. រក្សាទុកផលិតផលថែរក្សាមុខក្នុងទូរទឹកកក

សីតុណ្ហភាពទាបនៅក្នុងទូរទឹកកកនឹងទៅដល់ការលូតលាស់របស់បាក់តេរីល្អ និងការពារអុកស៊ីតកម្ម។ លើសពីនេះ ការដាក់ផលិតផលថែរក្សាមុខក្នុងទូរទឹកកកឱ្យត្រជាក់ក៏អាចជួយធ្វើឱ្យមានអារម្មណ៍ធូរស្រាល និងស្រស់សស្រាយផងដែរ។
៤. ប្រើស្រ្ពាយបាញ់មុខដើម្បីបន្ថែមសំណើម
សម្រាប់ស្រីៗនៅកូរ៉េស្បែកត្រូវតែមានសំណើម និងត្រជាក់ជានិច្ច។ ម៉្យាងវិញទៀតដោយសារនៅប្រទេសកូរ៉េមានអាកាសធាតុត្រជាក់ហើយស្ងួត ទើបធ្វើឱ្យស្បែករបស់គេឆាប់ក្រៀមស្ងួត។ ដូច្នេះទើបតម្រូវឱ្យពួកគេដាក់ស្រ្ពាយបាញ់មុខតាមខ្លួនដើម្បីបន្ថែមជាតិសំណើម។ ជាមួយគ្នានេះ យើងក៏អាចប្រើវិធីមួយនេះនៅក្នុងប្រទេសយើងពេលមុខឡើងស្ងួតបានដែរ។
៥. ប្រើឡេការពារកម្ដៅថ្ងៃរាល់ថ្ងៃ

មិនថានៅទីណានោះទេ ឡេការពារកម្ដៅថ្ងៃគឺជារបស់ដែលសំខាន់ខ្លាំងមិនអាចខ្វះបាននោះទេ។ លើសពីនេះ វាក៏មានគុណសម្បត្តិជួយការពារស្បែក កាត់បន្ថយស្នាមអុជខ្មៅ និងការពារការរលាកពីកម្ដៅថ្ងៃផងដែរ។ ហើយនៅក្នុងប្រទេសកូរ៉េវិញ ស្រីៗតែងតែជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលមានសារធាតុចម្រាញ់ចេញពីធម្មជាតិដើម្បីឱ្យស្បែកកាន់តែភ្លឺ និងស្រស់ស្អាតតែធម្មជាតិ។
៦. បិតម៉ាសឱ្យបានញឹកញាប់
សម្រាប់ស្រីៗនៅទីនោះមិនអាចចោល ឬរំលងការបិតម៉ាសនោះទេដោយសារវាជួយផ្ដល់សារធាតុចិញ្ចឹបានច្រើនហើយលឿន និងរក្សាមិនឱ្យបាត់បង់ជាតិសំណើមទៀតផង។ ដូច្នេះហើយពួកគេតែងតែអនុវត្តជំហានមួយនេះឱ្យញឹកញាប់ មុនពេលចូលគេង ឬបន្ទាប់ពីសម្អាតខ្លួនពេលព្រឹកហើយ៕

























Account
Security
Favourite Content