នៅពេលនិយាយពីពោះវៀន មនុស្សមួយចំនួនគិតថា វាគ្រាន់តែផ្នែកមួយនៃប្រព័ន្ធរំលាយអាហារ មានប្រយោជន៍សម្រាប់តែការបញ្ចេញចោលតែប៉ុណ្ណោះ។

យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវអំពីក្រុមបាក់តេរីក្នុងរាងកាយ ឬ Microbiome បានបង្ហាញថា ពោះវៀនគឺផ្នែកមួយដ៏សំខាន់ ដែលអាចជួយដល់ទាំងសម្រស់ សុខភាពផ្លូវចិត្ត និងកម្រិតអ័រម៉ូនក្នុងរាងកាយផងដែរ។
១. ពោះវៀន និងស្បែក

តើអ្នកធ្លាប់សង្កេតទេថា នៅពេលណាដែលអ្នកទល់លាមកញឹកញាប់ មុខរបស់អ្នកនឹងកើតមុនដូចគ្នា?
នៅពេលដែលពោះវៀនធ្វើការមិនប្រក្រតី បាក់តេរីអាក្រក់នឹងផលិតជាតិពុល ដែលនឹងជ្រាបចូលចរន្តឈាមវិញ បណ្ដាលឱ្យមានការរលាកនានា រួមទាំងស្បែកផងដែរ។ ក្រៅពីនេះ ពោះវៀនមានតួនាទីចម្រាញ់សារធាតុចិញ្ចឹម។ ដូច្នេះ ប្រសិនបើប្រព័ន្ធរំលាយអាហារដំណើការមិនល្អ ស្បែកនឹងខ្វះវីតាមីនចាំបាច់ ដែលមានតួនាទីជួសជុលស្បែកដែលខូចខាត។
ការញ៉ាំ Probiotics ឬអាហារដែលមានជាតិសរសៃខ្ពស់ គឺជាគន្លឹះមួយដែលជួយថែរក្សាស្បែកឱ្យភ្លឺថ្លាបែប Glass Skin ពីខាងក្នុង ព្រោះកាលណាដែលសុខភាពខាងក្នុងរបស់អ្នកល្អ ស្បែកអ្នកនឹងភ្លឺស្អាតដូចគ្នា។
២. ពោះវៀន និងអារម្មណ៍

មនុស្សជាច្រើនប្រហែលជាគិតថា អារម្មណ៍សប្បាយចិត្ត ឬកើតទុក្ខ កើតចេញពីខួរក្បាលតែមួយមុខ ប៉ុន្តែការពិតទៅសារធាតុនៃសេចក្តីសុខ Serotonin ជាង ៩០% បានកើតឡើងនៅក្នុងពោះវៀន។ ប្រសិនបើបាក់តេរីល្អក្នុងពោះវៀនបាត់បង់តុល្យភាព វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ខឹង ភ័យព្រួយ ឬអាចបាក់ទឹកចិត្តបានយ៉ាងងាយ។
ដូច្នេះ បើថ្ងៃណាមួយអ្នកមានអារម្មណ៍មិនល្អទាំងគ្មានមូលហេតុ សាកល្បងសង្កេតមើលថា តើមួយរយៈចុងក្រោយនោះអ្នកញ៉ាំអាហារដែលឥតប្រយោជន៍ ឬស្ករច្រើនពេក រហូតដល់បំផ្លាញបាក់តេរីល្អៗក្នុងពោះវៀនដែរឬទេ? ការថែរក្សាពោះវៀនឱ្យបានល្អ គឺជាការថែរក្សាសុខភាពផ្លូវចិត្តក្នុងពេលតែមួយ។
៣. ពោះវៀន និងអ័រម៉ូន

សម្រាប់មនុស្សស្រី អ័រម៉ូន Estrogen គឺជាអ្វីដែលសំខាន់បំផុតក្នុងការគ្រប់គ្រងទាំងវដ្តរដូវ និងសុខភាពស្រ្តី។ ពោះវៀនមានតួនាទីពិសេស ក្នុងការជួយបញ្ចេញអ័រម៉ូន Estrogen ដែលលើសចេញពីរាងកាយតាមរយៈការបន្ទោបង់។ ប្រសិនបើពោះវៀនដំណើរការមិនល្អ រាងកាយអ្នកអាចជួបនឹងបញ្ហាបាត់បង់តុល្យភាពអ័រម៉ូន ដែលបណ្តាលឱ្យអ្នកឈឺពោះខ្លាំងពេលមករដូវ តឹងសុដន់ ឬឃ្លានខុសប្រក្រតីជាដើម។
គន្លឹះថែរក្សាសុខភាពពោះវៀន
- ញ៉ាំអាហារផ្អាប់ដែលមានអត្ថប្រយោជន៍៖ មិនមែនអាហារផ្អាប់ទាំងអស់សុទ្ធតែមិនល្អនោះទេ ព្រោះអាហារផ្អាប់ខ្លះក៏ជាប្រភពនៃបាក់តេរីល្អៗដែរ ដូចជា គីមឈី និងយ៉ាអួរជាដើម។
- កាត់បន្ថយជាតិស្ករ៖ ជាញឹកញយ អ្នកជំនាញតែងតែណែនាំកុំឱ្យបរិភោគស្ករក្នុងបរិមាណច្រើន ព្រោះស្ករគឺជាប្រភពនៃជំងឺជាច្រើន មិនថាការលើសទំងន់ និងជំងឺទឹកនោមផ្អែមនោះទេ។ ចំពោះពោះវៀនវិញ ស្ករគឺជាអាហាររបស់បាក់តេរីអាក្រក់ ដែលអាចធ្វើឱ្យពោះវៀនរលាកបាន។
- ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់៖ ការទទួលទានទឹកគ្រប់គ្រាន់ នឹងជួយឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការស្រួល មិនបង្កឱ្យមានការទល់លាមកដែលអាចជាដើមចមនៃការផ្ទុកជាតិពុលក្នុងរាងកាយ។
- កាត់បន្ថយស្ត្រេស៖ ដ្បិតខួរក្បាល និងពោះវៀនគឺជាអវយវៈដែលនៅឆ្ងាយពីគ្នា តែជាក់ស្ដែងអវយវៈទាំងពីរតភ្ជាប់គ្នាដោយសរសៃប្រសាទ (Gut-Brain Axis)។ ដូច្នេះ ការមានអារម្មណ៍តានតឹងក៏ជះឥទ្ធិពលដល់សុខភាពពោះវៀនផងដែរ៕

























Account
Security
Favourite Content