មិនត្រឹមតែសមត្ថភាព និងទេពកោសល្យដែលត្រូវបានមហាជនជាច្រើនកោតសរសើរទេ សូម្បីតែសម្រស់របស់កំពូលតារាស្រីចិន Yang Mi ក៏ត្រូវបានគេលើកឡើងយកមកធ្វើជាប្រធានបទជជែកជារឿយៗផងដែរ បើទោះបីជាពេលនេះនាងមានអាយុទៅជិត ៤០ ឆ្នាំទៅហើយ។

តារាស្រីរូបនេះត្រូវបានគេហៅថាជាកំពូលសម្រស់ ដោយសារតែនាងតែងបង្ហាញភាពលេចធ្លោ ក្មេងជាងវ័យ និងភាពទាក់ទាញដដែល ដូចកាលពីចូលសិល្បៈដំបូងៗ។ ជាងនេះទៅទៀតនោះ តារាស្រីកូនមួយរូបនេះ ក៏បានធ្វើឱ្យក្រុមអ្នកម្ដាយមួយចំនួនច្រណែនរូបរាងនាង ព្រោះ Yang Mi នៅតែអាចរក្សារាងឱ្យនៅស្លីម ចង្កេះអង្ក្រងតូចដដែល។
ថ្វីត្បិតតែកាលវិភាគ Yang Mi មមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែដឹងពីរបៀបនៃការថែរក្សារាងកាយរបស់នាងឱ្យស្អាត។ ក្នុងនោះនាងតែងតែកំណត់របបអាហារឱ្យបានត្រឹមត្រូវដោយបញ្ចូលអាហារណាមានប្រូតេអ៊ីនខ្ពស់ ដើម្បីឱ្យរាងកាយរបស់នាងឆ្អែតបានយូរ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ លើសពីនេះ តារាសម្ដែងស្រីរូបនេះក៏ធ្លាប់បានទម្លាយពីអាថ៌កំបាំងដែលជួយឱ្យនាងអាចរក្សារូបរាងនៅស្លីមស្អាតបែបគឺកាហ្វេខ្មៅសុទ្ធគ្មានស្ករ។ បន្ទាប់មក នាងបានជ្រើសរើសយកការរត់ហាត់ប្រាណ ឬការហាត់យូហ្គានៅពេលព្រឹកផងដែរ។


មិនត្រឹមតែរាងកាយនោះទេ សូម្បីតែការថែទាំស្បែកមុខក៏តួឯកស្រីរឿង «Legend of Fuyao» យកចិត្តទុកដាក់ខ្លាំងមិនធម្មតាដែរ។ ព្រោះតែបែបនេះ ទើបមនុស្សស្រីជាច្រើនតែងតែស្រមៃចង់បានស្បែកភ្លឺថ្លា តឹងណែន មានសំណើម និងទន់រលោងដូចជា Yang Mi។ កត្តាសំខាន់ទីមួយដែលតារាស្រីនេះមិនដែលភ្លេចគឺការផឹកទឹកឱ្យច្រើនគ្រប់ពេល។ ទីពីរវិញនោះ គឺការប្រើប្រាស់ផលិតផលថែរក្សាស្បែក ជាក់ស្ដែងនាងមានកាលវិភាគមមាញឹកដែលតម្រូវឱ្យមានការធ្វើដំណើរទៅកាន់ទីកន្លែងខុសៗគ្នាជាច្រើន។ ដោយសារអាកាសធាតុតែងតែផ្លាស់ទៅតាមតំបន់ដែលនាងបានទៅដល់ ដូច្នេះហើយទើបនាងតែងជ្រើសរើសនូវផលិតផលប្រភេទណាមួយស័ក្តិសមជាមួយស្បែក ដោយសមស្របនឹងបរិយាកាសនាងកំពុងស្នាក់នៅ។
ប៉ុន្តែក្នុងផលិតផលទាំងនោះត្រូវមានផ្ទុកនូវសារធាតុផ្សំសំខាន់ៗដូចជាជួយឱ្យស្បែកសភ្លឺថ្លា ផ្ដល់សំណើម និងប្រឆាំងភាពចាស់។ ជាពិសេសពេលធ្វើដំណើរលើយន្ដហោះ ចាំបាច់បំផុតនាងត្រូវផ្ដល់សំណើមដល់ស្បែកឱ្យខ្លាំងដើម្បីជៀសវាងភាពស្ងួត។ លើសពីនេះ Yang Mi ក៏បានជ្រើសរើសយកការតុបតែងមុខបែបស្រាលធម្មជាតិធ្វើឱ្យផ្ទែមុខរឹតតែក្មេងជាងវ័យ និងមិនងាយមានស្នាមជ្រីវជ្រួញផងដែរ៕




























Account
Security
Favourite Content