បញ្ហាមុនគឺជាអ្វីដែលមនុស្សស្រី ឬសូម្បីមនុស្សប្រុសក៏មិនអាចមើលរំលងបានដែរ។ មូលហេតុនាំឱ្យកើតមុន ក្រៅពីអ័រម៉ូន អាហារក៏ជាកត្តាដ៏មានឥទ្ធិពលខ្លាំងដែរ! អ្វីដែលយើងញ៉ាំរាល់ថ្ងៃមួយចំនួន គឺសុទ្ធតែអាចបង្កឱ្យកើតមុន។ ចង់ដឹងថាមានអាហារអ្វីខ្លះ តោះទៅមើលទាំងអស់គ្នា!
១. អាហារសមុទ្រ
សម្រាប់ស្រីៗដែលងាយកើតមុន គួរតែចៀសវាងអាហារសមុទ្រដែលមានកាឡូរីខ្ពស់ ព្រោះប្រសិនបើទទួលទានកាឡូរីច្រើនពេក ថាមពលនៅក្នុងខ្លួនរបស់យើងប្រមូលផ្តុំក្នុងទម្រង់ជាខ្លាញ់ និងបណ្តាលឱ្យស្ទះរន្ធញើសផងដែរ។ ប្រសិនបើអ្នកចង់ញ៉ាំអាហារសមុទ្រ គួរជ្រើសរើសអាហារសមុទ្រណាដែលមានកាឡូរីទាប ដូចជាពពួកត្រីសាល់ម៉ុន និងត្រីសមុទ្រផ្សេងៗ។
២. អាហារប្រៃដិត
អ្នកដែលចូលចិត្តញ៉ាំអាហារប្រៃដិតៗ គួរដល់ពេលកែទម្លាប់ចេញហើយ ដោយសារតែនៅពេលដែលទទួលជាតិសូដ្យូមច្រើនពេក រាងកាយនឹងរក្សាបរិមាណទឹកច្រើនជាងធម្មតា ដើម្បីរក្សាតុល្យភាពក្នុងរាងកាយ ដែលបណ្តាលឱ្យកើតអាការហើម ការដុតបំផ្លាញជាតិខ្លាញ់ក៏ដំណើរការមិនប្រកបដោយប្រសិទ្ធភាព នាំឱ្យស្បែកឡើងខ្លាញ់ជ្រុលដែលជាមូលហេតុបណ្តាលឱ្យកើតមុន។ មិនតែប៉ុណ្ណោះ ការញ៉ាំប្រៃក៏ត្រូវបានគេរកឃើញថាមានផលប៉ះពាល់អវិជ្ជមានជាច្រើនទៀតដែរ ដូច្នេះអ្នកដឹងថាខ្លួនចូលចិត្តប្រៃ គួរកាត់បន្ថយទៅ។
៣. ទឹកដោះគោ
ដូចដែលគ្រប់គ្នាបានដឹងហើយថាទឹកដោះគោគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់ ប៉ុន្តែប្រសិនបើអ្នកផឹកច្រើនពេក ទឹកដោះគោក៏ជាមូលហេតុមួយនៃការកើតមុនដែរ ព្រោះវាមានអ័រម៉ូនដែលជំរុញឱ្យកើតមុន។ លើសពីនេះ ទឹកដោះគោជាអាហារដែលរាងកាយយើងពិបាករំលាយ ហើយអាចបង្កឱ្យទល់លាមក។ ប្រសិនបើប្រព័ន្ធរំលាយអាហាររបស់យើងមានបញ្ហា នេះជាមូលហេតុមួយទៀតនៃការកើតមុនដែរ។
៤. គ្រឿងស្រវឹង
បើអ្នកមិនធ្លាប់ដឹងថាការផឹកស្រាអាចបង្កឱ្យកើតមុនទេ ពេលនេះគួរតែដឹង! មូលហេតុដែលធ្វើឱ្យកើតមុននោះគឺដោយសារពេលយើងពិសាគ្រឿងស្រវឹង វានឹងធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក ដោយសារការនោមញឹក។ ប្រសិនបើរាងកាយបាត់បង់ជាតិទឹកច្រើន ក្រពេញខ្លាញ់របស់យើងផលិតខ្លាញ់ចេញដើម្បីជំនួសទឹកដែលបាត់បង់ ដែលជាតិខ្លាញ់ទាំងនេះហើយគឺជាដើមហេតុនាំឱ្យកើតមុន ៕