ជាទូទៅ យើងតែងតែចំណាយពេល ៨ ម៉ោងក្នុងមួយថ្ងៃសម្រាប់ការធ្វើការងារ។ ក្នុងពេលនេះមនុស្សភាគច្រើនបានយកចិត្តទុកដាក់លើការងារខ្លាំងពេក ហើយធ្វេសប្រហែសទៅលើរឿងសុខភាព។ ថ្ងៃនេះ AMS នឹងចែករំលែកនូវជំងឺទាំង ៦ មុខដែលអ្នកធ្វើការប្រឈមមុខហើយគួរតែប្រុងប្រយ័ត្ន៖
១. រោគសញ្ញាការិយាល័យ ឬ Office Syndrome

ជាង ៦០% នៃបុគ្គលិកការិយាល័យមានអាការជំងឺនេះគឺបណ្តាលមកពីអាកប្បកិរិយាពេលអង្គុយនៅមុខកុំព្យូទ័រយូរដោយមិនធ្វើចលនារាងកាយ។ សូម្បីតែពេលសម្រាកក៏អង្គុយអោនក្បាលចុះទៅមើលអេក្រង់ទូរសព្ទ នោះវានឹងបណ្តាលឱ្យមានសភាពរឹងនូវសាច់ដុំជុំវិញក ខ្នង ស្មា កដៃ និងម្រាមដៃ។ ប្រសិនបើទុកវាយូរនឹងបណ្តាលឱ្យរលាកសាច់ដុំ រលាកសរសៃពួរ និងឈឺខ្នងជាដើម។
២. ជំងឺបាក់ទឹកចិត្ត

ជំងឺបាក់ទឹកចិត្តក៏ងាយនឹងកើតឡើងចំពោះអ្នកធ្វើការបានដែរជាមួយមូលហេតុផ្សេងៗគ្នា។ វាអាចបណ្ដាលមកពីសារធាតុគីមីក្នុងខួរក្បាល និងលក្ខណៈផ្ទាល់មួយចំនួនដូចជាភាពតានតឹង ឬសម្ពាធជាដើមដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តបានយ៉ាងងាយ។ ប្រសិនបើចង់ដឹងថាខ្លួនឯងមានជំងឺអាចសង្កេតមើលរោគសញ្ញាខ្លះៗដូចជាគិតលើសកម្រិត ផ្លូវចិត្តចាប់ផ្ដើមចុះខ្សោយ ស្មុគស្មាញ ពិបាកចិត្ត និងងាយយំជាដើម។
៣. លើសឈាម

ភាគច្រើនមនុស្សស្ទើរគ្រប់គ្នាធ្វើការក្រោមសម្ពាធដែលបណ្ដាលឱ្យមានភាពតានតឹងរហូតសម្ពាធចាប់ផ្ដើមឡើងខ្ពស់។ ជាមួយគ្នានេះ អ្នកមានជំងឺលើសឈាមមួយចំនួនគឺមិនអាចរកមូលហេតុពិតប្រាកដនោះទេ តែគេអាចសន្និដ្ឋានបឋមបានថាមកពីកត្តា ២ គឺហ្សែន និងអាកប្បកិរិយានៃការរស់នៅ។ លើសពីនេះ ការកើនឡើងនូវសម្ពាធឈាមក៏ជាកត្តាមួយដែលបង្កឱ្យមានជំងឺធ្ងន់ធ្ងរមួយចំនួនផ្សេងទៀតដូចជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺខ្សោយតម្រងនោមជាដើម។
៤. ជំងឺក្រពះពោះវៀន

ជំងឺមួយនេះភាគច្រើនបណ្ដាលមកពីភាពតានតឹង ការញ៉ាំអាហារមិនទៀងទាត់ និងការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវផងដែរ។ វានឹងធ្វើឱ្យក្រពះពោះវៀនយើងដំណើរការខុសប្រក្រតីដូចជាការបញ្ចេញទឹកក្រពះច្រើនជាងធម្មតារហូតដល់មានបញ្ហារលាកក្រពះទៀតផង។ សម្រាប់អាហារដែលគួរជៀសវាងមានដូចជាអាហារចៀន ឬបំពង អាហារផ្អែមពេក អាហារប្រៃពេក អាហារមានជាតិខ្លាញ់ច្រើន ឬភេសជ្ជៈផ្សេងៗផងដែរ។
៥. លើសទម្ងន់

មូលហេតុចម្បងនៃការលើសទម្ងន់គឺមកពីអង្គុយយូរពេក ញ៉ាំអាហារលើសពីកម្រិតដែលរាងកាយត្រូវការ ជាពិសេសអាហារមានជាតិស្ករខ្ពស់ សូដ្យូម និងខ្លាញ់ច្រើន។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកធ្វើការមួយចំនួនគឺមិនមានពេលព្រមទាំងថាមពលគ្រប់គ្រាន់ក្នុងការធ្វើលំហាតប្រាណនោះទេដែលវាក៏ត្រូវបានរាប់ជាចំណែកមួយធ្វើឱ្យធាត់ផងដែរ។ វាក៏អាចអាចនឹងវិវត្តទៅជាជំងឺរ៉ាំរ៉ៃដូចជាជំងឺដាច់សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺក្រិនថ្លើម និងជំងឺបេះដូងជាដើម។
៦. ជំងឺសរសៃប្រសាទ និងខួរក្បាល

វាជាជំងឺដែលនៅជិតមនុស្សក្នុងវ័យធ្វើការបានជួបប្រទះ។ ជាមួយគ្នានេះ ស្ត្រេសគឺជាមូលហេតុចម្បងព្រោះខួរក្បាលជាមជ្ឈមណ្ឌលគ្រប់គ្រងគ្រប់ផ្នែកនៃរាងកាយ។ នៅពេលដែលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលមានបញ្ហា វានឹងប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយផងដែរ។ ជារឿយៗ រោគសញ្ញាដំបូងគឺព្រិលៗ សាច់ដុំខ្សោយ ការគិតធ្លាក់ចុះ ឈឺក្បាលប្រកាំង វង្វេងវង្វាន់ និងភ្លេចភ្លាំង។ ប្រសិនបើយើងមិនបានព្យាបាលឱ្យទាន់ពេល វាអាចនឹងបណ្តាលឱ្យពិការ និងដាច់សរសៃឈាមខួរក្បាលជាដើម៕






















Account
Security
Favourite Content