ជាធម្មតាស្ថានភាពស្បែកនឹងវិវត្តបន្តិចម្ដងៗទៅតាមអាយុកាលរបស់មនុស្សយើង។ ប៉ុន្តែជឿជាក់ថាមិនមានមនុស្សណាម្នាក់ដែលចង់បានខ្បែករលោងស្អាត គ្មានស្នាមជ្រីវជ្រួញ ឬស្នាមអុជខ្មៅនោះទេ។ ដូច្នេះដើម្បីឱ្យបានស្បែកស្អាត ទន់ភ្លឺ និងរលោងអាចសាកនូវទម្លាប់ទាំង ៦ ដូចខាងក្រោម៖
១. លាបក្រែមការពារកម្ដៅថ្ងៃ៖ នៅពេលស្បែកប៉ះជាមួយនឹងពន្លឺព្រះអាទិត្យ នោះស្បែកនឹងត្រូវបានបំផ្លាញភ្លាមៗដោយកាំរស្មីយូវីដែលបណ្ដាលឱ្យស្បែកឆាប់ចាស់ និងយារធ្លាក់ផងដែរ។ ដូច្នេះយើងត្រូវតែជ្រើសរើសមើលក្រែមការពារកម្ដៅណាមួយដែលមានយ៉ាងតិច SPF ៣០ ហើយប្រើប្រាស់ជារៀងរាល់ថ្ងៃទាំងមុខ និងដងខ្លួន។

២. ខាត់ស្បែក៖ យើងគួរតែខាត់ស្បែក ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ដើម្បីជម្រុះកោសិកាងាប់ និងកខ្វក់ចេញ ស្បែក និងបង្កើតកោសិកាថ្មីដើម្បីជួយឱ្យស្បែកថ្លា ហើយភ្លឺរលោង។ ប្រសិនបើយើងមិនបានជម្រុះកោសិកាងាប់ចេញនោះទេ វានឹងធ្វើឱ្យស្បែកឡើងស្រអាប់ បាត់បង់សមត្ថភាពការពារពីពន្លឺព្រះអាទិត្យ និងភាពកខ្វក់ក៏កាន់តែកកច្រើនទៅៗ។
៣. លុបគ្រឿងសម្អាងឱ្យបានត្រឹមត្រូវ៖ មុនពេលចូលគេងត្រូវប្រាកដថាមុខរបស់យើងត្រូវបានលាងសម្អាតបានល្អហើយ ឬនៅ។ នៅពេលគ្រឿងសម្អាងលើផ្ទៃមុខមិនបានសម្អាតបានត្រឹមត្រូវ ភាពកខ្វក់នឹងធ្វើឱ្យរន្ធញើសរីកកាន់តែធំ ហើយយូរទៅនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភ្នាសខូឡាជែន និងកាត់បន្ថយភាពបត់បែននៃស្បែកផងដែរ។
៤. បន្ថែមវីតាមីន៖ វីតាមីន A វីតាមីន C វីតាមីន E ឬ វីតាមីន B3 មិនត្រឹមតែជួយស្បែកឱ្យកាន់តែភ្លឺ និងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយការបន្សាបរ៉ាឌីកាល់សេរី និងជួយឱ្យក្មេងជាងវ័យបានដែរ។ សារធាតុចិញ្ចឹមទាំងនេះមាននៅក្នុងដូចជាក្រូច ការ៉ុត ផ្លែប៊ឺរី និងល្ពៅដែលយើងគួរបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ជាមួយគ្នានេះ យើងមិនអាចភ្លេចនូវអូមេហ្គា ៣ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់បានឡើយ។

៥. ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ នៅពេលស្បែកទទួលបានជាតិទឹកគ្រប់គ្រាន់នោះវានឹងជួយឱ្យកាន់តែមានភាពភ្លឺរលោង ប្រឆាំងភាពចាស់ និងកាត់បន្ថយភាពជ្រីវជ្រួញ។ មិនត្រឹមតែប៉ុណ្ណោះ ទម្លាប់នៃការទទួលទានទឹកជារៀងរាល់ថ្ងៃក៏អាចជួយឱ្យសរីរាង្គទាំងមូល ប្រព័ន្ធរំលាយអាហារ ថ្លើម និងតម្រងនោមដំណើរការល្អផងដែរ។
៦. ម៉ាស្សាផ្ទៃមុខ៖ នៅពេលប្រើក្រែមនៅពេលយប់គឺមិនគួរភ្លេចជាមួយនឹងចលនាម៉ាស្សាសាមញ្ញៗ ដើម្បីឱ្យផលិតផលជ្រាបចូលបានល្អ និងជំរុញចលនានៃសាច់ដុំមុខផងដែរ។ ហេតុនេះទើបអាចជួយឱ្យស្បែកកាន់តែតឹង ការបត់បែនស្បែកបានល្អ និងកាត់បន្ថយភាពជ្រីវជ្រួញ ឬស្បែកយារធ្លាក់បាន៕






















Account
Security
Favourite Content