មនុស្សភាគច្រើនបានយកចិត្តទុកដាក់លើការថែរក្សាស្បែកមុខ ហើយរំលងការថែទាំស្បែកត្រង់ ក។ ការធ្វេសប្រហែសបែបនេះយូរទៅនឹងធ្វើឱ្យស្បែកងាយបាត់បង់ភាពយឺត និងយារធ្លាក់ដែលបង្កើតជាស្នាមខ្សែជ្រីវជ្រួញតែម្ដង។ ដូច្នេះឆ្លៀតឱកាសនេះយើងសូមណែនាំនូវ ៥ គន្លឹះដើម្បីថែរក្សាស្បែក ក និងកាត់បន្ថយស្នាមជ្រួញ៖
១. ប្រើហ្វូមលាងមុខ

តំបន់ស្បែកត្រង់ ក របស់យើងមិនខុសពីស្បែកមុខដែរព្រោះវាអាចប៉ះជាមួយធូលីដី ពន្លឺព្រះអាទិត្យ និងកាកសំណល់ផ្សេងៗដែលបណ្ដាលឱ្យស្រអាប់ព្រមទាំងពន្លឿនភាពចាស់ផងដែរ។ ដូច្នេះយើងគួរតែប្រើហ្វូមលាងមុខទៅលាងដោយម៉ាស្សាលើ ក ថ្នមៗដើម្បីជម្រះភាពកខ្វក់។ មិនតែប៉ុណ្ណោះ វាថែមអាចជួយឱ្យឈាមរត់ស្រួល និងធ្វើឱ្យស្បែកតឹងណែនទៀតផង។
២. ជម្រុះកោសិកា
ភាគច្រើនយើងមិនបានគ្រប ឬបិតបាំងច្រើននៅត្រង់ ក នោះទេទើបធ្វើឱ្យស្បែកងាយស្ងួត និងឡើងគ្រើម។ ដូច្នេះការជម្រុះកោសិកាគឺសំខាន់បំផុតព្រោះវាអាចធ្វើឱ្យកោសិកាថ្មីរស់ឡើងវិញ និងងាយស្រួលក្នុងការទទួលសារធាតុចិញ្ចឹមផងដែរ។
៣. កុំភ្លេចផ្ដល់សំណើម

ស្បែក ក គឺជាកន្លែងដែលងាយនឹងឡើងស្នាមជ្រីវជ្រួញបំផុត ហើយក៏ជាកន្លែងដែលបង្ហាញពីភាពចាស់ដែរ។ ដូច្នេះក្រោយប្រើផលិតផលថែរក្សានៅលើផ្ទៃមុខហើយ យើងគួរតែលាបហើយម៉ាស្សាថ្នមៗលើ ក ដែរដោយសារវាអាចជួយជំរុញសារធាតុចិញ្ចឹមឱ្យជ្រាបចូលបានជ្រៅ និងពន្យឺតភាពចាស់ផងដែរ។
៤. កុំរំលងក្រែមការពារកម្ដៅថ្ងៃ
ឥទ្ធិពលនៃកាំរស្មីពន្លឺព្រះអាទិត្យអាចបំផ្លាញកោសិកា និងស្រទាប់ការពារស្បែកបានយ៉ាងងាយមិនថាតែផ្ទៃមុខ ឬដងខ្លួននោះទេ។ ដូច្នេះការប្រើការពារកម្ដៅលើ ក គឺមានសារៈសំខាន់មិនចាញ់លើផ្ទៃមុខនោះទេដោយសារពន្លឺព្រះអាទិត្យអាចធ្វើឱ្យឡើងស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ។
៥. ម៉ាស្សាតំបន់ក
ការម៉ាស្សាលើ ក អាចជួយឱ្យយើងធូរស្រាលពីនឿយហត់ ហើយថែមទាំងអាចកាត់បន្ថយស្នាមជ្រីវជ្រួញបានទៀតផង។ ហើយវានឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើយើងម៉ាស្សាជាមួយនឹងសារធាតុចិញ្ចឹមមួយចំនួនដូចជាវីតាមីន E ដើម្បីផ្តល់សំណើម ពន្លឿនការកាត់បន្ថយភាពជ្រីវជ្រួញ និងជួយឱ្យស្បែកភ្លឺថ្លាផងដែរ៕






















Account
Security
Favourite Content