ក្នុងរដូវភ្លៀងបែបនេះមិនត្រឹមតែងាយធ្វើឱ្យយើងកើតជំងឺផ្ដាសាយ ឬជំងឺផ្សេងៗប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ស្បែកបានដែរ ដោយសារនៅក្នុងទឹកភ្លៀងមានផ្ទុកនូវសារធាតុគីំមីជាច្រើនដែលចូលទៅបំផ្លាញស្រទាប់ស្បែកបានយ៉ាងងាយ។ ចំពោះបញ្ហាទាំងនោះមានដូចជា៖
១. ស្បែកឡើងប្រេង

ដោយសារតែសំណើមនៃខ្យល់នឹងជំរុញឱ្យក្រពេញ sebaceous ធ្វើការកាន់តែខ្លាំងដែលធ្វើឱ្យប្រេងត្រូវបានផលិតកាន់តែច្រើន។ ដូច្នេះនៅពេលស្បែកមានជាតិប្រេងច្រើនជាងធម្មតា វាងាយបណ្ដាលឱ្យមានធូលីកកជាប់លើស្បែកមុខ ស្ទះរន្ធញើស និងឡើងមុនជាដើម។
២. ឡើងមុន
ទាក់ទិននឹងចំណុចខាងលើដែរ នៅពេលដែលខ្លាញ់ត្រូវបានផលិតឡើងមកច្រើនជ្រុល វានឹងបណ្ដាលឱ្យឡើងមុន និងបន្សល់ជាតិកខ្វក់ជាច្រើនកកស្ទះលើស្បែកមុខផងដែរ។ ជាពិសេសចំពោះអ្នកដែលមានប្រភេទស្បែកមុខងាយប្រតិកម្ម វាអាចនឹងឡើងកន្ទួលក្រហម ឬរមាស់បានទៀតផង។
៣. ស្បែកឡើងស្រអាប់

ដោយសារមេឃស្រទុំធ្វើឱ្យស្រីៗមួយចំនួនធ្វេសប្រហែសក្នុងការការពារស្បែកពីកម្ដៅថ្ងៃ។ ដូច្នេះហើយវាគឺជាឱកាសដ៏ល្អដែលពន្លឺព្រះអាទិត្យអាចប៉ះពាល់ស្បែក និងបំផ្លាញស្បែកបានយ៉ាងងាយ។ ជាលទ្ធផលស្បែកនឹងឡើងស្រអាប់។
៤. មានក្លិនខ្លួន
ក្នុងរដូវវស្សា បើទោះបីជាគ្មានព្រះអាទិត្យក៏ដោយ ក៏វាងាយធ្វើឱ្យយើងបែកញើសដែរ។ ដោយសារសំណើមពីទឹកភ្លៀង ញើស ឬសម្លៀកបំពាក់មិនទាន់ស្ងួតធ្វើឱ្យឡើងដុះផ្សិត និងកកើតឡើងមកនូវបាក់តេរីមិនល្អទើបធ្វើឱ្យមនុស្សស្រីឆាប់ធុំក្លិនខ្លួនជូរ ឬក្លិនផ្អូមជាដើម។ មិនតែប៉ុណ្ណោះ វាក៏អាចបង្កឱ្យមានបញ្ហាសើស្បែកដូចជារោល រមាស់ និងឡើងស្រែងជាដើម។
៥. រមាស់ ឬរលាកស្បែកក្បាល

ស្រីៗមួយចំនួនអាចសង្ស័យថានៅរដូវវស្សាហេតុអ្វីស្បែកក្បាលរមាស់និងសក់ជ្រុះច្រើនម្ល៉េះ? នោះក៏ព្រោះតែក្នុងរដូវវស្សានឹងមានភាពកខ្វក់ និងមេរោគតោងមកជាមួយនឹងទឹកភ្លៀង បូករួមជាមួយសំណើមក្នុងខ្យល់ និងការបែកញើស ទើបវាអាចធ្វើឱ្យស្បែកក្បាលឆ្លងមេរោគផ្សិត និងបាក់តេរី។ លើសពីនេះ សារធាតុកខ្វក់ទាំងនោះក៏អាចបណ្ដាលឱ្យរលាកស្បែកក្បាលជាមូលហេតុនៃបញ្ហាជ្រុះសក់៕






















Account
Security
Favourite Content