ការគេងលក់ស្កប់និងគ្រប់គ្រាន់គឺជាកត្តាដ៏សំខាន់ដើម្បីធានាបាននូវសុខភាពល្អ។ ខាងក្រោមនេះជារឿងដែលអ្នកគួរធ្វើ និងមិនគួរធ្វើមុនចូលគេង ដើម្បីបានគេងលក់ស្រួល និងមានសុខភាពល្អ ។
ជៀសវាងការអូសមើលទូរស័ព្ទដៃ
មនុស្សជាច្រើននៅពេលយប់ចូលចិត្តលេងហ្គេមនៅលើទូរស័ព្ទ មើលព័ត៌មាន ឬជជែកជាមួយមិត្តភក្តិ។ ទម្លាប់ដែលហាក់ដូចជាការសម្រាក និងមានផាសុកភាពទាំងនេះ តាមពិតអាចធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែនឿយហត់ជាងមុន។
ការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់ទូរស័ព្ទរយៈពេល ២០ នាទីបន្ទាប់ពីម៉ោង ៩ យប់ អាចបង្កើនកម្រិតនៃភាពអស់កម្លាំងយ៉ាងខ្លាំង និងជះឥទ្ធិពលអវិជ្ជមានដល់ការផ្តោតអារម្មណ៍នៅកន្លែងធ្វើការនៅថ្ងៃបន្ទាប់។

ជៀសវាងមើលអ្វីដែលរំញោចអារម្មណ៍
រយៈពេលពីម៉ោង ១១ យប់ដល់ម៉ោង ៦ព្រឹកគឺជា “ពេលវេលាមាស” សម្រាប់ការគេង ដូច្នេះដើម្បីគេងលក់ស្រួល យកល្អអ្នកគួរតែចូលគេងមុនម៉ោង ១១ យប់។ តាមក្បួនវេជ្ជសាស្រ្ត ការគេងគឺពិតជាមានប្រសិទ្ធិភាពនៅពេលដែលចិត្តរបស់យើងស្ងប់មុនពេលបិទភ្នែកគេង។
ដូច្នេះបន្ទាប់ពីម៉ោង ៩ យប់ អ្នកគួរជៀសវាងពីការរំញោចអារម្មណ៍ហួសហេតុ កុំមើលកម្មវិធី ដូចជាភាពយន្តរន្ធត់ បាញ់ប្រហារ ឬចម្រៀងញាក់ឮៗ ព្រោះវាធ្វើឱ្យខួរក្បាលយើងសកម្មរហូតនាំឱ្យពិបាកគេងលក់ និងសុបិនច្រើន ហើយបន្ទាប់ពីភ្ញាក់ពីគេង នឹងមានអារម្មណ៍អស់កម្លាំង និងខ្វះថាមពល។
កុំលេបថ្នាំកាល់ស្យូម ឬថ្នាំគ្រាប់វីតាមីន
មនុស្សជាច្រើនមានទម្លាប់ទទួលទានថ្នាំគ្រាប់កាល់ស្យូម វីតាមីន និងអាហារបំប៉នសុខភាពផ្សេងៗមុនពេលចូលគេង។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះនឹងបន្ថែមបន្ទុកដែលមិនចាំបាច់ដល់បំពង់រំលាយអាហារ និងធ្វើឱ្យពិបាកក្នុងការគេង។
អាហារបំប៉នទាំងនេះគួរតែទទួលទានជាមួយអាហារសំខាន់ៗទាំងបីពេល ឬនៅពេលល្ងាចក្នុងករណីគ្រូពេទ្យណែនាំ ដោយសារតែពេលគេង មុខងារមេតាបូលីសរបស់រាងកាយក៏ស្ថិតក្នុងស្ថានភាពសម្រាក ដូច្នេះការស្រូបយកសារធាតុចិញ្ចឹមនៅពេលនេះមិនមានប្រសិទ្ធភាពនោះទេ។
កុំញ៉ាំអាហារក្រោយម៉ោង ៩ យប់
ប្រសិនបើអ្នកញ៉ាំអាហារនៅពេលយប់ជ្រៅ ក្រពះរបស់អ្នកនឹងត្រូវបន្តធ្វើការរហូត។ ការញ៉ាំអាហារសម្រន់ក្រោយម៉ោង ៩ យប់នឹងបង្កើនការបញ្ចេញអាស៊ីតក្រពះដែលបណ្តាលឱ្យក្រពះធ្វើការឥតឈប់។ មែនទែនទៅ ពេលយប់ក្រពះមិនអាចដំណើរការបានល្អដូចពេលថ្ងៃទេ ព្រោះនេះជាពេលសម្រាករបស់វា។ ការរំលាយអាហារយឺតនឹងបង្កឱ្យមានការមិនរំលាយអាហារ ហើយងាយនាំឱ្យលើសទម្ងន់ និងធាត់។
កុំផឹកទឹកច្រើនមុនពេលចូលគេង
យកល្អកុំផឹកទឹកច្រើនមុនពេលចូលគេង ព្រោះការភ្ញាក់ពីគេងពាក់កណ្តាលយប់ ចូលបន្ទប់ទឹកនឹងរំខានដល់ដំណេក។ ប្រសិនបើអ្នកស្រេកទឹក អាចញ៉ាំបន្តិចបានហើយ។
មនុស្សជាច្រើនមានទម្លាប់ផឹកទឹកដោះគោនៅពេលល្ងាច ដូច្នេះដើម្បីកុំឱ្យភ្ញាក់ពីគេងពាក់កណ្តាលយប់ អ្នកអាចផឹកវាមុនម៉ោង ៩ ឬផឹកតែកន្លះកែវបានហើយ។ អ្នកក៏មិនគួរផឹកកាហ្វេក្រោយម៉ោង ៩ យប់ដែរ ព្រោះជាតិកាហ្វេអ៊ីនអាចជំរុញប្រព័ន្ធសរសៃប្រសាទ និងធ្វើឱ្យគេងមិនលក់។

ដូច្នេះតើអ្នកគួរធ្វើអ្វីទើបអាចគេងលក់បានល្អ?
ស្ដាប់ភ្លេង
តន្ត្រីជួយឱ្យរាងកាយ និងចិត្តរបស់អ្នកសម្រាក។ អ្នកអាចបញ្ចប់ថ្ងៃធ្វើការដ៏លំបាកជាមួយនឹងតន្ត្រីស្រទន់ៗលន្លង់លន្លោច។ បើកចម្រៀងដែលអ្នកចូលចិត្តប្រហែល ១០ ទៅ ១៥ នាទី ដើម្បីបន្ធូរអារម្មណ៍ អ្នកនឹងមានអារម្មណ៍ល្អប្រសើរ ហើយក៏ជួយដោះស្រាយបញ្ហាគេងមិនលក់ផងដែរ។
ករណីត្រូវការអាហារសម្រន់
ក្នុងករណីដែលអ្នកឃ្លានខ្លាំង ត្រូវចៀសវាងការញ៉ាំអាហារពិបាករំលាយ។ យកល្អគួរតែញ៉ាំសាឡាដ ឬស៊ុបវិញ។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវញ៉ាំយ៉ាងហោចណាស់ ២ ម៉ោងមុនពេលចូលគេង ព្រោះរាងកាយរបស់អ្នកត្រូវការពេលវេលាដើម្បីរំលាយអាហារឱ្យអស់។
គេងនៅក្នុងបន្ទប់ងងឹត
ការស្រាវជ្រាវបានបង្ហាញថា ការគេងក្នុងទីងងឹតជួយឱ្យអ្នកគេងបានលក់ស្កប់ជាងកន្លែងភ្លឺ។ ប្រសិនបើអ្នកមិនខ្លាចភាពងងឹតទេ ចូរបិទភ្លើងទាំងអស់មុនពេលចូលគេង។ នេះជាវិធីដ៏ល្អបំផុតសម្រាប់រាងកាយក្នុងការគេងលក់យ៉ាងពេញលេញ។ លើសពីនេះ ការរក្សាបន្ទប់ និងពូកខ្នើយឱ្យស្អាតក៏មានសារៈសំខាន់ណាស់ដែរ។
សមាធិ
ភាពតានតឹងបណ្តាលឱ្យមានបញ្ហាជាច្រើនសម្រាប់រាងកាយ ហើយការគេងមិនលក់គឺជារឿងមួយក្នុងចំណោមនោះ។ សម្រាកចិត្តរបស់អ្នក ប្រសិនបើអាចធ្វើបាន តាមរយៈការហាត់សមាធិ ដកដង្ហើមវែងៗមុនពេលចូលគេង ដើម្បីជួយឱ្យអ្នកគេងលក់ស្រួល ៕

























Account
Security
Favourite Content