ដូចដែលប្រិយមិត្តបានដឹងមកហើយថាការគេងឱ្យបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ចំពោះទាំងសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសម្រស់ផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងចូលគេងយប់ជ្រៅនឹងមានផលប៉ះពាល់ច្រើនដល់សុខភាពរួមទាំងធ្វើឱ្យបាត់បង់សម្រស់ផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកថាហេតុអ្វីបានជាការចូលគេងយប់ជ្រៅធ្វើឱ្យឆាប់ចាស់?
១. ឡើងហើម
ការគេងមិនលក់ ឬចូលគេងយប់ជ្រៅនឹងធ្វើឱ្យប្រព័ន្ធឈាមរត់មិនបានល្អ រាងកាយមិនអាចបញ្ចេញកាកសំណល់បានដែលបណ្ដាលឱ្យខ្លួនប្រាណឡើងហើម។ ជាពិសេស ស្បែកនៅក្រោមភ្នែកងាយនឹងឡើងហើមជាងរាងកាយព្រោះការចូលគេងយឺតធ្វើឱ្យស្ទះសរសៃឈាម និងសារធាតុរាវជុំវិញភ្នែកផងដែរ។
២. ពន្លឿនភាពចាស់
ការគេងមិនបានគ្រប់គ្រាន់គឺជាមូលហេតុចម្បងមួយដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់រាងកាយ ជាពិសេសសម្រាប់សុខភាពស្បែក។ ដោយសារការគេងគឺជាឱកាសដែលអនុញ្ញាតឱ្យរាងកាយមានពេលសម្រាកជួសជុលខ្លួនឯង។ លើសពីនេះ អំឡុងពេលគេងស្បែករបស់យើងនឹងផលិតខូឡាជែនថ្មីជាប្រូតេអ៊ីនដែលមានមុខងារពង្រឹងស្បែក និងពន្យឺតភាពចាស់។ ដូច្នេះការគេងបានតិចមានន័យថារាងកាយយើងក៏មានពេលតិចដើម្បីជួសជុលដែរ។
៣. ស្បែកស្ងួត

ជាធម្មតាស្បែកនឹងបាត់បង់ជាតិទឹកពេលយើងគេង។ ប៉ុន្តែដើម្បីទប់ស្កាត់ការបាត់បង់ជាតិទឹក រាងកាយនឹងផលិតអរម៉ូនម្យ៉ាងហៅថា vasopressin ដែលមានប្រសិទ្ធភាពក្នុងការរក្សាជាតិទឹក។ ប្រសិនបើមានការរំខានអ្វីមួយចំពោះដំណេកនោះ ដំណើរនៃការផលិតអរម៉ូននេះក៏ត្រូវបានបញ្ឈប់ដែរ។ ដូច្នេះវានឹងបង្កជាបញ្ហាខ្សោះជាតិទឹក ស្បែកឡើងស្ងួតហើយចេញជាស្នាមជ្រីវជ្រួញតែម្ដង។
៤. របាំងការពារស្បែកត្រូវបានបំផ្លាញ
ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យប៉ះពាល់ស្ទើរគ្រប់មុខងារទាំងអស់ក្នុងរាងកាយរួមបញ្ចូលទាំងសំណើមលើស្បែកផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាចរំខាន់ដល់ដំណើរការធម្មជាតិរបស់រាងកាយដូចជាខ្សោះជាតិទឹក ការផលិតផលជាតិខ្លាញ់ ការបែងចែកលំហូរឈាមនៃកោសិកា និងខូចរបាំងការពារស្បែកជាដើម។ មូលហេតុទាំងនេះគឺបណ្ដាលមកពីរាងកាយបានផលិតរ៉ាឌីកាល់សេរីកាន់តែច្រើននាំឱ្យរបាំងការពារស្បែកចុះខ្សោយ ហើយបង្កជាស្នាមជ្រីវជ្រួញ ស្បែកស្ងួត និងឆាប់រលាក៕

























Account
Security
Favourite Content