កាលពីឆ្នាំ ២០២១ កន្លងអ្នកគាំទ្រខ្សែភាពយន្ដកូរ៉េច្បាស់ជាចាំច្បាស់ណាស់តារាសម្ដែងស្រី Kim Yoo Jin ឬ Eugene ដែលជាតួឯកស្រីម្នាក់នៅក្នុងរឿង «Penthouse!»។ មកដល់បច្ចុប្បន្នទោះស្ថិតក្នុងវ័យ ៤៣ ឆ្នាំទៅហើយ ប៉ុន្តែនាងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើសម្រស់ក្មេងជាងវ័យ ទម្រង់វី និងភ្នែកមូលធំស្អាតដែលទាំងនេះគឺជាសម្រស់ពីធម្មជាតិរបស់នាងទាំងអស់។ ដូច្នេះថ្ងៃនេះ AMS នឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់មកដឹងអំពីវិធីងាយៗនៃការថែសម្រស់របស់តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះ៖
១. សំណើម


ជាការពិតសម្រាប់ Eugene ការផ្ដល់សំណើមពិតជាមានសារៈសំខាន់យ៉ាងខ្លាំង។ ទោះបីជានាងបានលាបក្រែមផ្ដល់សំណើមនៅពេលយប់ហើយ ព្រឹកឡើងនឹងធ្វើឱ្យស្បែកទន់រលោងមែន ក៏មិនទាន់គ្រប់គ្រាន់សម្រាប់នាងដែរ។ ដូច្នេះហើយនាងក៏បានបន្ថែមការប្រើប្រាស់ក្រែមផ្ដល់សំណើមនៅពេលព្រឹកម្ដងទៀត ដើម្បីឱ្យការតុបតែងមុខរបស់នាងកាន់តែស្រស់ភ្លឺថ្លាជាងមុន។ លើសពីនេះនាងក៏មិនដែលភ្លេចការប្រើប្រាស់គ្រីមលាបក្រោមភ្នែក ដើម្បីការពារស្លាកស្នាមដក់ខ្មៅផងដែរ។ អ្វីដែលតួឯកស្រីរឿង Penthouse រូបនេះមិនដែលភ្លេចនោះគឺការយកដបទឹកទៅតាមខ្លួនជានិច្ច។ នាងបាននិយាយថាការផឹកទឹកច្រើននឹងជួយឱ្យស្បែករបស់នាងកាន់តែស និងភ្លឺថ្លាពីខាងក្នុង។ ជាពិសេសថែមទាំងជួយដល់សុខភាពទៀតផង។
២. ទម្លាប់រស់នៅ



ទន្ទឹមនឹងនេះ Eugene ក៏មិនភ្លេចណែនាំទម្លាប់មួយចំនួននៃការរស់នៅ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតក្មេងជាងវ័យបែបនេះ។ ការធ្វើលំហាត់ប្រាណនៅផ្ទះពិតជាអាចជួយនាងបានច្រើនមែន។ លើសពីនេះ នាងក៏បានណែនាំឱ្យឆ្ងាយពីការជក់បារី និងទទួលទានគ្រឿងស្រវឹង ព្រោះមិនត្រឹមធ្វើឱ្យស្បែកខ្មៅស្រអាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់សុខភាពទៀតផង។
៣. ការតុបតែងមុខ
សម្រាប់តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះតែងតែជ្រើសរើសការផាត់មុខបែបធម្មជាតិ ផ្កាឈូកស្រាលដែលធ្វើឱ្យនាងមើលទៅសាមញ្ញ តែស្រស់ស្អាតខ្លាំងមែនទែន។ ជាក់ស្ដែងនាងបានប្ដូរពីការប្រើប្រាស់ប៊ិចគូសត្រេភ្នែកទៅជាខ្មៅដៃគូសត្រេភ្នែកវិញគួបផ្សំជាមួយនឹងខ្មៅដៃគូសចិញ្ចើមពណ៌ស្រាលផងដែរ។ មិនត្រឹមប៉ុណ្ណេះ នាងក៏ចូលចិត្តប្រើប្រាស់ក្រេមលាបមាត់ពណ៌ស្រាលៗដូចជាពណ៌ផ្កាឈូក និងពណ៌ផ្លែប៉េសជាដើម។ សម្រាប់ការលាបក្រេម នាងបានបង្ហាញតិចនិកមួយដោយប្រើប្រាស់ម្រាមដៃរបស់នាងវាសលើបបូរមាត់ ដើម្បីឱ្យពណ៌កាន់តែស្ដើងស្អាតជាងមុន៕


























Account
Security
Favourite Content