ស្បែកជើងប៉ាត់តា ឬយើងអាចហៅបានថាជា sneaker គឺកំពុងតែទទួលបានការនិយមខ្លាំងមែនទែនពីមនុស្សគ្រប់វ័យដោយសារវាមានផាសុកភាព ងាយស្រួល និងមើលទៅសមរម្យផងដែរ។ ប៉ុន្តែដូចប្រិយមិត្តបានដឹងហើយថាខែនេះជាខែភ្លៀង ហើយក៏ជាពេលមួយដែលងាយនឹងធ្វើឱ្យស្បែកជើងមានក្លិនមិនល្អដែរ។ ដូច្នេះថ្ងៃនេះ AMS នឹកមកចែករំលែកនូវ ១០ ចំណុចខ្លីៗជួយកាត់បន្ថយក្លិនជើង៖

១. មិនត្រូវពាក់ស្បែកជើងតឹងពេកនោះទេដោយសារវាអាចនឹងធ្វើឱ្យជើងយើងឆាប់បែកញើសហើយបណ្ដាលឱ្យមានក្លិន។
២. ត្រូវជ្រើសរើសស្រោមជើងឱ្យបានត្រឹមត្រូវ ហើយល្អបំផុតស្រោមជើងដែលសាច់ទន់ យឺតល្អ ឬសាច់កប្បាសជាដើម។ លើសពីនេះ ស្រោមជើងប្រភេទនេះអាចធ្វើឱ្យមានខ្យល់ចេញចូលបានល្អទៀតផង។
៣. គួរប្ដូរស្បែកជើងឱ្យបានញឹកញាប់ ហើយមិនគួរពាក់ស្បែកជើងដដែលនោះលើសពី ២ ថ្ងៃនោះទេ មានន័យដាយើងគួរមានស្បែកប៉ុន្មានគូផ្សេងទៀតសម្រាប់ផ្លាស់ប្ដូរគ្នា។
៤. ក្រៅពីស្បែកជើង ស្រោមជើងក៏ដូចគ្នាដែរ ប៉ុន្តែគួរដូរឱ្យបានញឹកញាប់។
៥. ក្រៅពីបោកគក់សម្អាតស្បែកជើង កុំភ្លេចហាលជាមួយពន្លឺថ្ងៃផងព្រោះវាអាចជួយសម្លាប់បាក់តេរីបានខ្លះដែរ។
៦. ប្រសិនបើនៅពេលណាដែលជើងរបស់យើងបែកញើសច្រើនតែមិនអាចដោះបាន ដូច្នេះពេលទៅដល់ផ្ទះហើយយើងគួរតែប្រញាប់លាងសម្អាតជើងដោយត្រាំជាមួយទឹកក្រូចឆ្មារ ឬតែខ្មៅដើម្បីជួយកម្ចាត់បាក់តេរី និងក្លិនមិនល្អ។
៧. ជៀសវាងលាបគ្រីម ឬឡេនៅចន្លោះម្រាមជើងព្រោះវាមិនងាយស្ងួតនោះទេ ហើយថែមទាំងបង្កឡើងជាផ្សិតទៀតផង។
៨. ប្រសិនបើយើងដឹងហើយថាជើងរបស់យើងបែកញើសច្រើន តែត្រូវពាក់ស្បែកប៉ាត់តាក្នុងរយៈពេលយូរ ដូច្នេះយើងគួរតែដាក់ស្រោមជើងតាមខ្លួនដើម្បីផ្លាស់ប្ដូរ។
៩. ពេលជើងនៅសើម ដាច់ខាតហាមពាក់ស្បែកជើងប៉ាត់តា។
១០. ហាមពាក់ស្បែកជើង ឬស្រោមជើងលាតឡំជាមួយអ្នកដទៃ៕






















Account
Security
Favourite Content