ស្ពានកំពង់ក្ដី និងស្ពានទ័ព ជាស្ពានបុរាណដ៏ចំណាស់ដែលបានបន្សល់ទុកតាំងពីសម័យអង្គរ និងជាស្ពានបុរាណ មានប្រវែងវែងជាងគេ។ ស្ថាបត្យកម្មសំណង់បុរាណទាំង ២ នេះជាគោលដៅសិក្សាស្រាវជ្រាវ និងជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ស្ពានកំពង់ក្ដី ឬស្ពានព្រះទិស ជាស្ពានបុរាណមួយមានប្រវែងវែងជាងគេនៅកម្ពុជាក្នុងសម័យអង្គរនៅសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដោយសាងសង់ឡើងពីថ្មបាយក្រៀម និងថ្មភក់មានបណ្ដោយ ៨៦ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១១ ម៉ែត្រ និងរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់) ចំនួន ២១។ ស្ពានកំពង់ក្ដីមានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។






ស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណ និងធំជាងគេបង្អស់ក្នុងចំណោមស្ពានបុរាណនានាជាង ១០០ ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។ ស្ពានមួយនេះសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះសតវត្សរ៍ទី១២ និងទី១៣ នៃគ.ស ដែលធ្វើឡើងពីថ្មបាយក្រៀម លើកលែងតែបង្កាន់ដៃ និងជើងទម្រធ្វើពីថ្មភក់ ខណៈសព្វថ្ងៃបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ ចំណែកឯសសរជើងស្ពានខ្លះទទួលការសឹករិចរិលខ្លាំង។ ស្ពានមួយនេះមានបណ្តោយប្រវែងប្រមាណជា ១៤៩ ម៉ែត្រ ទទឹងប្រមាណជា ១៥,៥០ ម៉ែត្រ កម្ពស់ប្រហែល ១០ ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹក ៣៥។ ស្ពានបុរាណមួយនេះមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានទីតាំងជាប់ព្រំប្រទល់ខេត្តសៀមរាប។

ស្ពានបុរាណទាំងពីរនេះគួរត្រូវបានចាត់ទុកជាកន្លែងសិក្សាស្រាវជ្រាវសម្រាប់អ្នកសិក្សាទាំងឡាយក៏ដូចជារៀបចំឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រសម្រាប់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត៕
អត្ថបទដកស្រង់៖ ក្រសួងព័ត៌មាន និងមរតកកម្ពុជា
រូបភាព៖ ក្រសួងព័ត៌មាន និង Everlasting Trip

























Account
Security
Favourite Content