ដើមផ្កាក្រដាស ១ ពាន់ដើមត្រូវបានដាក់ដាំតម្រៀបជាជួរលើសួនខណ្ឌចែកទ្រូងផ្លូវជាតិលេខ ៦ អា បង្កើនសោភណភាព និងសម្រស់កាន់តែទាក់ទាញលើដងវិថីដែលសម្បូរភ្ញៀវទេសចរជាតិ-អន្តរជាតិធ្វើដំណើរឆ្លងកាត់ទៅមក។

នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ អា ទៅកាន់ក្រុងស្ទឹងសែនក្នុងខេត្តកំពង់ធំ អាជ្ញាធរខេត្តបាននាំយកដើមផ្កាក្រដាស១ ពាន់ដើមមកដាំលម្អនៅលើសួន បន្ថែមភាពស្រស់ស្អាត និងកាន់តែធ្វើឱ្យមានភាពទាក់ទាញនៅក្នុងក្រុងដ៏សែនមនោរមមួយនេះ។
ការជ្រើសរើសពូជផ្កាក្រដាសមកដាំលម្អ ក៏ព្រោះតែប្រភេទផ្កាមួយនេះងាយស្រួលដាំ ឆាប់ធំ ឆាប់ចេញផ្កា មិនពិបាកថែទាំច្រើន និងមានផ្កាចម្រុះយ៉ាងស្រស់ស្អាតជាប់ មិនងាយរុះរោយ។ តាមរយៈផេកផ្លូវការរដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងទៀតថា រដ្ឋបាលបានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ ដើម្បីបន្ថែមភាពងាយស្រួលដល់ការថែទាំ ជាពិសេសទៅទៀតនោះគឺបង្កើនសម្រស់នៅតាមដងផ្លូវដែលសម្បូរទៅដោយអ្នកទេសចរឆ្លងកាត់ ព្រមទាំងអាចទប់ទល់និងការចោលសំរាមពាសវាលពាសកាលផងដែរ។










គួរឱ្យដឹងផងដែរ ការដាក់ដាំលម្អនូវផ្កាក្រដាសនេះត្រូវបានប្រជាជនក្នុងតំបន់ក៏ដូចជាមហាជនកោតសរសើរចំពោះការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្តព្រមជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់ចំពោះសោភណភាពក្នុងក្រុងស្ទឹងសែននៃខេត្តកំពង់ធំ៕
ប្រភពរូបភាព ៖ រដ្ឋបាលខេត្តកំពង់ធំ

























Account
Security
Favourite Content