ក្រោយការជួសជុលឡើងវិញអស់រយៈពេលជាច្រើនឆ្នាំពេលនេះប្រាសាទតុបខាងលិច មានសោភណភាព និងរឹងមាំឡើងវិញហើយ។

ប្រាសាទតុបខាងលិច កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ។ ប្រាសាទនេះមានខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។ តួប៉មកណ្តាលក៏កែកុនដែរ ដោយរក្សាទុកផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួន ២ នៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយតពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។












ប៉ុន្តែដោយសារអាយុកាល កត្តាធម្មជាតិ និងការកង្វះការថែទាំរយៈពេលយូរ បានធ្វើឱ្យប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុង រហូតដល់បច្ចុប្បន្ន ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ប្រាសាទ តុបខាងលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភណភាព សម្រាប់ជាទីគោរពបូជា និងទស្សនាស្វែងយល់ពីស្ថាបត្យកម្ម និងក្បាច់ចម្លាក់ផ្សេងៗ ត្បិតប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទ និងធម្មជាតិជុំវិញ ដែលទេសចរមិនត្រូវរំលង។
គួរបញ្ជាក់ថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន ចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ។ បើធ្វើដំណើរចេញពីប្រាសាទបាយ័ន ស្ថិតនៅខាងឆ្វេងដៃមានចម្ងាយ ៧០០ ម៉ែត្រ និងពីខ្លោងទ្វារតាកាវខាងស្តាំដៃ មានចម្ងាយ ៨០០ ម៉ែត្រ៕


























Account
Security
Favourite Content