ប្រាសាទ បឹងតាកែវថ្មី នឹងលេចរូបរាងនៅលើទឹកដីនៃខេត្តតាកែវ ក្នុងសួនលម្ហែដែលមានមនុស្សទៅលេងឥតដាច់មិនថាថ្ងៃសម្រាក ឬបុណ្យទាន។ ប្រាសាទមួយនេះត្រូវបានយកលំនាំតាមប្រាសាទ អាស្រមឥសី ដែលមានទីតាំងស្ថិតនៅចង្កេះភ្នំថ្មដា។


ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៦ ពោលគឺស្អែកនេះ គឺជាថ្ងៃបើកការដ្ឋានសាងសង់សំណង់ស្ថាបត្យកម្មប្រាសាទ បឹងតាកែវថ្មី នៅលើទីតាំងបឹងតាកែវ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ស្ថាបត្យកម្មសំណង់មួយនេះត្រូវបានយកលំនាំតាមប្រាសាទបុរាណខ្មែរដែលមានអាយុកាលចំណាស់ជាងគេនៅកម្ពុជា នោះគឺប្រាសាទ អាស្រមឥសី។





ប្រាសាទ អាស្រមឥសី ជាសំណង់ស្ថាបត្យកម្មឥណ្ឌា (ខាងត្បូង) កសាងឡើងនៅចុងសតវត្សរ៍ទី៥ និងដើមសតវត្សរ៍ទី៦ ពោលគឺក្នុងសម័យកាលនគរភ្នំនិងចេនឡា ធ្វើពីថ្មបាសាល់ (ថ្មពពុះពណ៌ប្រផេះថ្មកំអែលភ្នំភ្លើង)។ ប្រាសាទបុរាណនេះស្ថិតនៅប៉ែកនិរតី ប្រមាណ ២៥០ម៉ែត្រ ពីប្រាសាទភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។
រីឯសំណង់ស្ថាបត្យកម្ម ប្រាសាទបឹងតាកែវថ្មី ដែលនឹងលេចចេញរូបរាងនាពេលឆាប់ៗខាងមុខនេះ គឺយកលំនាំតាមប្រាសាទ អាស្រមឥសី ដោយធ្វើពីបេតុង បិតនិងក្រាលថ្មភក់ មានកម្ពស់ ៩ម៉ែត្រ មានរាងចតុកោណ មានបណ្តោយ ៦,៥៦ម៉ែត្រ និងទទឹង ៦ម៉ែត្រ មានដំបូលជ្រុងក្រឡូម និងបញ្ចប់ដោយកំពូលប្រសាទ មានរូបរាងជាក្រពុំឈូក៕
រូបភាព ៖ រដ្ឋបាលខេត្តតាកែវ & ទំព័ររឿងបុរាណ


























Account
Security
Favourite Content