បើយោងទៅតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តនីមួយៗ ខេត្តចំនួន ១១ បានប្រកាសបញ្ជាក់ពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការរៀបចំឲ្យមាននូវការជួបជុំ កម្សាន្តសប្បាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួន។

ខេត្តទាំង 11 ដែលបានបញ្ជាក់ពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តមានដូចជា៖
- ខេត្តកំពង់ស្ពឺ រៀបចំ និងអបអរ សង្ក្រាន្តឆ្នាំថ្មី រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣នៅសួនច្បារវិមានសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន ដែលមានកម្មវិធីដូចជា៖ ការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារ។
- ខេត្តកំពត នឹងរៀបចំកម្មវីធី «កំពតសង្ក្រាន្ត» ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ខែមេសា ឆ្នាំ២០២៣ ដូចទៅនឹងខេត្តដទៃទៀតដែរ។ រដ្ឋបាលខេត្តកំពត នឹងរៀបចំកម្មវិធីកម្សាន្តដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការប្រកួតគុនបុរាណខ្មែរ ការបាញ់ទឹកនៅរង្វង់មូលធុរេន និងការបាញ់កាំជ្រួចជាដើម។
- ខេត្តបន្ទាយមានជ័យ នឹងមានព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំក្នុងចំណោមខេត្តដទៃ ដែលខេត្តមួយនេះ នឹងរៀបចំកម្មវិធីសង្ក្រាន្ត នៅ៣ទីតាំងធំៗ គឺនៅទីរួមខេត្តក្រុងសិរិសោភ័ណ ប្រាសាទបន្ទាយឆ្មារ និងនៅក្រុងប៉ោយប៉ែត អមដោយកម្មវិធីកម្សាន្តដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិប្បៈ ការប្រគុំតន្ត្រី ការបាញ់ទឹករាំកម្សាន្ត និងការតាំងពិរព័ណ៌ផលិតផលជាដើម។
- ខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេលរហូតដល់ ៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ ១៦មេសា ឆ្នាំ ២០២៣ នៅឯបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលមានកម្មវិធីដូចជា៖ ការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយ ការតាំងពិរព័ណ៌ និងការបង្ហោះគោមជាដើម។
- ខេត្តពោធិ៍សាត់ នឹងរៀបចំសង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ នៅទល់មុខសាលាខេត្តពោធិ៍សាត់ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
- ខេត្តព្រះសីហនុវិញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តរយៈពេល៣ថ្ងៃនៅទីរួមខេត្ត ដែលមានកម្មវិធីដូចជា៖ ការជួបជុំ ការលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរផងដែរ។
- ខេត្តកោះកុង នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ នៅ៤ទីតាំងធំៗ គឺនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត បរិវេណវត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។
- ខេត្តកំពង់ឆ្នាំង នឹងរៀបចំ «សង្រ្កាន្តកំពង់ឆ្នាំង» នៅទីតាំងចំនួន២ គឺនៅសួនច្បារសម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ និងសួនឈ្វាំងសែនជ័យ រយៈពេល ៣ថ្ងៃ។
- សង្ក្រាន្តស្វាយរៀង ដែលតែងមានអ្នកចូលរួមដ៏កកកុញ នឹងត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ទី១៦ ខែមេសា ឆ្នាំ ២០២៣ ដែលមានកម្មវិធីពិសេសដូចជា៖ កម្មវិធីល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ស្តង់ពិរព័ណ៌ កន្លែងថតរូប ការប្រគុំតន្ត្រីខ្នាតធំ កម្មវិធីរត់ប្រណាំង កម្មវិធីប្រណាំងកង់ និងការបាញ់ទឹកកម្សាន្ត។
- ខេត្តកំពង់ចាម នឹងរៀបចំ «សង្ក្រាន្តកំពង់ចាម» រយៈពេល៣ថ្ងៃ នៅមុខសាលាខេត្ត ចាប់ពីល្ងាចថ្ងៃទី ១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣ ដែលមាន ការលេងល្បែងប្រជាប្រិយ ការបាញ់ទឹកកម្សាន្ត និងការប្រគុំតន្ត្រីជាដើម។
- ខេត្តបាត់ដំបង បានឲ្យដឹងថារដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងមន្ទីរ/ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ រយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅ បរិវេណ វិទ្យល័យនេតយ៉ង់ និងរូបសំណាកលោកតាដំបងក្រញ៉ូង ក្រុងបាត់ដំបង និងបែងចែកតំបន់ជាច្រើនដូចជា៖តន្រ្តីសម័យ ពិពណ៍ទូទៅ តំបន់ត្រជាក់ចិត្ត ភូមិម្ហូបខ្មែរ តន្រ្តីស្រុកស្រែ តំបន់សាសនា ភូមិ ស.ស.យ.ក និងអាអាហារនៃក្តីស្រលាញ់ជាដើម។
គួរបញ្ជាក់ថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ឆ្នាំ២០២៣ នេះប្រជាពលរដ្ឋគ្រប់រូបអាចអញ្ចើញចូលរួមកម្សាន្តព្រឹត្តិការណ៍សង្ក្រាន្តនៅខេត្តទាំង ១១នេះបានចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងអស់គ្នា៕






























Account
Security
Favourite Content