នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រមជាមួយការបើកដំណើរការផ្លូវថ្មើរជើង Walk Street រយៈពេល ៥ថ្ងៃជាប់គ្នា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។


តាមរយៈសេចក្ដីជូនដំណឹងខាងលើបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំរយៈពេលបីថ្ងៃ ថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ អមជាមួយកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈរបាំប្រពៃណី ការលេងល្បែងប្រជាប្រិយជាតិ ការប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញមកុដអប្សរា ពិព័រណ៍ខ្នាតធំ និងការតាំងបង្ហាញផលិតផលខ្មែរ។
ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមបើកដំណើរការផ្លូវថ្មើរជើង Walk Street ដែលស្ថិតនៅតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិចាប់ពីមុខព្រះបរមរាជវាំងរហូតដល់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិផងដែរ ដែលការដំណើរការនេះមានរយៈពេល ៥ ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ក៏ដូចជាផ្លូវថ្មើរជើង Walk Street ឱ្យបានច្រើនកុះករទាំងអស់គ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕
ប្រភពរូបភាព ៖ រដ្ឋបាលរាជធានីភ្នំពេញ

























Account
Security
Favourite Content