រូបភាពច្រើនសន្លឹក ដែលបង្ហាញពីសម្រស់ទីក្រុងភ្នំពេញ ដែលនឹងត្រៀមបង្ហាញក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ ត្រូវបានថតបង្ហោះ និងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក។ អត់ម៉េចបាន អុំទូកឆ្នាំហ្នឹង! បើស្អាតយ៉ាងនេះ សុំលើកការដេកផ្ទះទៅឆ្នាំក្រោយសិនហើយ។
កាន់តែខិតជិតមកដល់នៃឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ សង្កេតឃើញតាមបណ្តាខេត្ត និងក្រុងមួយចំនួនមានការរៀបចំ តុបតែងលម្អ យ៉ាងប្រណីត និងភាពស្រស់ស្អាត គួរឲ្យចង់ទស្សនា និងដើរកម្សាន្ត។ ជាក់ស្តែងរាជធានីភ្នំពេញ ក៏បានបើកបង្ហាញសម្រស់របស់ខ្លួនយ៉ាងល្អឯក ជាមួយការរៀបចំភ្លើងគោមបែបទំនើបព្យួរតាមដងផ្លូង តាមជួរមាត់ទន្លេ និងការតុបតែងលម្អក្លោងទ្វារកណ្តាលក្រុង ដើម្បីបើកទទួលពិធីបុណ្យជាតិមួយនេះ។
គួរបញ្ជាក់ដែរថាពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៦ ២៧ ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនោះដែរនឹងមានការបាញ់កាំជ្រួចរយៈពេល ៣ ថ្ងៃជាប់គ្នា ការបណ្តែតប្រទីប ដែលមានស្ថាប័នធំៗជាច្រើនចូលរួមបង្អួតសម្រស់របស់ខ្លួន និងកម្មវិធីសប្បាយៗ ជាច្រើនផ្សេងទៀត។
មិនចាំបាច់ទៅណាឆ្ងាយទេ ព្រឹកគេងឲ្យឆ្អែត ល្ងាចមកលេងបុណ្យអុំទូកនៅភ្នំពេញជាមួយគ្នាម៉ោ សប្បាយ ហើយអស់លុយតិច៕
ប្រភពរូប៖ XMAGE/មាស