កាលពីថ្ងៃសុក្រទី ១៥ ខែមីនាកន្លងទៅនេះ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា Datuk Eldeen Husaini Mohd Hashim បានប្រកាសស្វាគមន៍ជើងហោះហើរត្រង់ភ្នំពេញ-កូឡាឡាំពួរ- ភ្នំពេញ ចាប់ផ្ដើមនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ នៃក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways។

ស្ថានទូតម៉ាឡេស៊ី រួមជាមួយនឹងក្រុមការងារ Tourism Malaysia និងក្រុមហ៊ុន Cambodia Airways បានធ្វើសន្និសីទសារព័ត៌មានរួមមួយ ដើម្បីប្រកាសជម្រាបជូនដល់សាធារណជនស្ដីពីការបើកជើងហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Cambodia Airway ទៅកាន់ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាននៅស្ថានទូតម៉ាឡេស៊ី ឯកឧត្ដម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីបានអបអរ និងលើកឡើងថា ការបើកដំណើរជើងហោះហើរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា។ ឯកឧត្ដម Datuk Eldeen Husaini Mohd Hashim ក៏សង្ឃឹមទេសចរប្រទេសទាំង២ នឹងកាន់តែមានកំណើនច្រើនឡើង ព្រោះមានជម្រើសជើងហោះហើរច្រើនជាងមុន។

ចំណែកខាងតំណាងក្រុមហ៊ុន Cambodia Airways ក៏អរគុណដល់ឯកអគ្គរាជទូត និងបានស្នើឲ្យភាគីម៉ាឡេស៊ី ជួយជ្រោមជ្រែងការផ្សព្វផ្សាយបន្ថែម ហើយក្រុមហ៊ុនក៏ពិចារណាក្នុងការ តភ្ជាប់ជើងហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានផ្សេងទៀត ក្នុងប្រទេសម៉ាឡេស៊ីដូចជា Penang ស្របតាមការផ្ដល់អនុសាសន៍ពីឯកអគ្គរាជទូត។ លោក ប៉ាយ គ័រវ័យ តំណាងក្រុមហ៊ុន អាកាសចរណ៍ Cambodia Airways បានបញ្ជាក់ឲ្យដឹងថា Cambodia Airways នឹងចាប់ផ្ដើមប្រតិបត្តិការជើងហោះហើរ ទៅកាន់ម៉ាឡេស៊ី ដោយចាប់ផ្ដើមជាមួយការហោះហើរ ៣ ជើងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យ។
លើសពីនេះឯកឧត្តមឯកអគ្គរាជទូតក៏បានស្នើបន្ថែមជើងហោះហើរពីសៀមរាបទៅ Penang ឬ ភ្នំពេញ ទៅ Penang តែម្ដង រីឯជើងហោះហើរពីខេត្តព្រះសីហនុទៅកូឡាឡាំពួរ គឺមានរួចស្រេចហើយ។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានលើកឡើងថា ការបើកដំណើរជើងហោះហើរនេះ គឺជាព្រឹត្តិការណ៍សំខាន់ សម្រាប់ទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ព្រោះប្រទេសម៉ាឡេស៊ី ជាគោលដៅទេសចរណ៍ និងគោលដៅអាជីវកម្មសម្រាប់កម្ពុជា។
ឯកឧត្ដម បន្ថែមថា ស្របពេលដែលប្រទេសម៉ាឡេស៊ីបច្ចុប្បន្នស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្ម កំពូលរបស់កម្ពុជា និងជាអ្នករួមចំណែកយ៉ាងសំខាន់ ក្នុងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា ជើងហោះហើរទាំងនេះ គឺជាឧបករណ៍ភ្ជាប់ដ៏ល្អ ក្នុងការបង្កើនទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលបានបង្កើតការទូត ជាមួយគ្នាអស់រយៈពេល ៦៧ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៦៧។

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បញ្ជាក់ទៀតថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនអាចត្រូវបានពង្រឹងបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យយុទ្ធសាស្ត្រផ្សេងៗ ដែលប្រទេសទាំង ២ កំពុងដំណើរការ រួមមានសន្តិសុខ និងការពារជាតិ ទេសចរណ៍ បច្ចេកវិទ្យា ភាពជឿនលឿនតាមឌីជីថល ហិរញ្ញវត្ថុ អាហារហាឡាល និងសន្តិសុខថាមពល៕





























Account
Security
Favourite Content