កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន LEGOLAND ម៉ាឡេស៊ី បានបង្ហោះរូបភាព ៤សន្លឹកនៃរូបភាពប្រាសាទអង្គរវត្តដែលរៀបចេញពី LEGO ដោយភ្ជាប់ជាមួយឃ្លឹមសារថា «មកភ្ញាក់ផ្អើលជាមួយមួយប្រសាទអង្គរវត្តដ៏អស្ចារ្យនៃបុរាណវិទ្យាអាស៊ីនៅក្នុងតំបន់ MINILAND»។
បើតាមគេហទំព័រផ្លូវការ LEGOLAND ម៉ាឡេស៊ី បានបង្ហាញថា ប្រាសាទអង្គរវត្ត រៀបដោយ Lego របស់ខ្លួន ស្ថិតក្នុងតំបន់ MINILAND អាស៊ីនៃឧស្យានរបស់ខ្លួន។ ក្នុងតំបន់ MINILAND មានតាំង បង្ហាញ ស្នាដៃដ៏អស្ចារ្យនៃសំណង់ប្រវត្តិសាស្ត្រល្បី និងទីក្រុងល្បីៗ ១៧ ដែលត្រូវបានរៀបចំឡើងដោយ LEGO។
LEGOLAND ម៉ាឡេស៊ី បានបញ្ជាក់បន្ថែមថា «រូបតំណាង នៃសំណង់ប្រវត្តិសាស្ត្រល្បីៗទាំងនេះ អាចមានចលនានៅពេលប៉ះប៊ូតុងមួយ ដូច្នេះអ្នកទស្សនាគ្រប់វ័យអាចរីករាយ និងស្វែងយល់ពីរូបតំណាងទាំងនោះ ទាំងតាមទេសភាព សំឡេង និងភាពអស្ចារ្យនៃការងារសិល្បៈលាយបញ្ចូល»។
អ្វីដែលគួរឲ្យកត់សម្គាល់ LEGOLAND ម៉ាឡេស៊ី គឺជារមណីដ្ឋានកម្សន្តខ្នាតយក្ស និងល្បីល្បាញបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ រមណីយដ្ឋានមួយនេះមានសកម្មភាពកម្សាន្តគ្រប់បែបយ៉ាងរាប់ចាប់តាំងពី ឧទ្យាន LEGO ឧទ្យានបាតសមុទ្រ, កន្លែងហែលទឹក, កន្លែកជិះរថភ្លើង, ជិះពោងរំអិល, រោងភាពយន្ត,ផ្សារ (ម៉ាត) ភោជនីយដ្ឋាន និងសណ្ឋាគារ ព្រមទាំងកន្លែងកម្សាន្តជាច្រើនផ្សេងទៀត៕