ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដែលមានលោក លុយ ដាវីត ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងថ្មីមួយសម្រាប់អ្នកធ្វើដំណើរអឺរ៉ុប ប្រសិនបើមានបំណងទៅប្រទេសកម្ពុជា ឲ្យជៀសវាងការធ្វើដំណើរឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃ។

ក្នុងលិខិតរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ដែលបានសរសេរចេញជា ៣ ភាសា បានធ្វើការណែនាំដល់អ្នកធ្វើដំណើរ ប្រសិនបើកំពុងធ្វើដំណើរទៅកាន់ខ្មែរ វាត្រូវបានណែនាំយ៉ាងខ្លាំងឲ្យជៀសវាងការធ្វើដំណើរឆ្លងកាត់ទីក្រុងបាងកក (ប្រទេសថៃ)។ អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឲ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានបន្ថែមទៀតថា ដើម្បីជាការប្រុងប្រយ័ត្ន សូមឲ្យអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។
មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្ដល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។ បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕
























Account
Security
Favourite Content