ទោះស្ថិតក្នុងដំណាក់កាលនៃជម្លោះព្រំដែនជាមួយប្រទេសថៃ តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់បំផុត ហើយស្ថានភាពផ្ទៃក្នុងមិនមានបញ្ហាចោទណាមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិនោះឡើយ។ នេះបើផ្អែកតាមប្រសាសន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថាមកដល់បច្ចុប្បន្ននេះវិស័យទេសចរណ៍កម្ពុជាគឺមានការវិវត្តជាវិជ្ជមានតាមផែនការដែលបានដាក់ចេញ។ ជាក់ស្ដែងក្នុងរយៈពេល ៦ ខែឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនប្រមាណ ៣.៣៦ លាននាក់ កើនឡើងប្រមាណ ៦.២% ឯកភ្ញៀវទេសចរជាតិ ទទួលបានប្រមាណ ១៤.៥៧ លាននាក់ កើនឡើងប្រមាណ ៥០.៣%។
ដោយឡែកត្រឹមរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរដែលចូលទស្សនារមណីយដ្ឋានអង្គរគឺមានចំនួន ៦១៨ ៧៧១ នាក់ កើនឡើងប្រមាណ ៥.៨៩% ហើយចំណូលដែលទទួលបានគឺប្រមាណ ២៨ លានដុល្លារ កើនឡើងប្រមាណ ៥.៣% ធៀបនឹងពេលដូចគ្នានៃឆ្នាំ២០២៤។ ទន្ទឹមនោះដែរ គោលដៅទេសចរណ៍ទូទាំងប្រទេសគឺនៅបន្តទទួលបានភ្ញៀវជាបន្តបន្ទាប់ រាប់ទាំងគោលដៅខេត្តសៀមរាប រាជធានីភ្នំពេញ តំបន់ឆ្នេរ តំបន់ភូមិភាគឦសាន ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ។


រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា៖ “យើងទទួលស្គាល់ថាភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរអន្តរជាតិប្រទេសទី៣ ដែលចូលតាមច្រកទ្វារផ្លូវគោកជាមួយប្រទេសថៃ គឺមានការធ្លាក់ចុះខ្លាំង មូលហេតុដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។ ខណៈដែលក្នុងពេលដូចគ្នា ប្រទេសថៃខ្លួនឯងក៏រងផលប៉ះពាល់ខ្លាំងណាស់ដែរ”។
យ៉ាងណាក៏ដោយ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលតាមផ្លូវអាកាស គឺនៅមានសភាពធម្មតា។ នេះបើតាមការអះអាងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ហើយក្រសួងទេសចរណ៍បាននិងកំពុងតាមដានលើបញ្ហានេះដោយយកចិត្តទុកដាក់ ជាពិសេសគឺការវាយតម្លៃអំពីផលប៉ះពាល់នៃវិបត្តិនេះ ដែលបង្កឡើងដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។
ទោះបីជាបច្ចុប្បន្នកម្ពុជាប្រឈមនឹងវិបត្តិនៃការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសយើងក៏ដោយ ប៉ុន្តែក្រសួងទេសចរណ៍នៅតែបន្តការរៀបចំនូវផែនការនិងសកម្មភាពដែលបានគ្រោងទុក ឱ្យមានលក្ខណៈជាប្រក្រតីទៀត ដោយគ្រាន់តែបន្ថែមនូវការយកចិត្តទុកដាក់ខ្ពស់ទៅលើការងារអទិភាពចំពោះមុខមួយចំនួនដូចជា ការខិតខំបន្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
“ទោះបីជាភ្ញៀវពីខាងថៃធ្លាក់ចុះ ក៏ប៉ុន្តែយើងក៏កំពុងខិតខំទាក់ទាញភ្ញៀវទេសចរឱ្យចូលពីប្រទេសវៀតណាម និងឡាវ និងជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឱ្យចូលតាមប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ យើងក៏ខិតខំភ្ជាប់ជាមួយប្រទេសបូកមួយ (Plus1) ក្នុងតំបន់ដែលមានជើងហោះហើរត្រង់ពិសេស ដែលជាពិសេសគឺប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា”។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែម។
ក្នុងឆ្នាំ២០២៥ នេះក្រសួងទេសចរណ៍កំពុងត្រៀមខ្លួនចូលរួម និងធ្វើការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈព្រឹត្តិការណ៍តាំងពិព័រណ៍លំដាប់អន្តរជាតិនៅក្នុងប្រទេសជាច្រើនដូចជា វៀតណាម ជប៉ុន បារាំង ចក្រភពអង់គ្លេស និងមហាសន្និបាតទេសចរណ៍អន្តរជាតិជាដើម ៕





























Account
Security
Favourite Content