កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ ខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ហុយដីទ្រលោម ផ្អើលអស់មនុស្សម្នា ទៅមើលភ្លូកទឹកភ្លូកដី ទោះបីក្ដៅថ្ងៃហែងយ៉ាងណាក៏ដោយ។ ពិធីប្រណាំងរទេះសាឡីគោលឿននេះធ្វើឡើងនៅ ភូមិ ព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីមួយនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ហើយចំនួនរទេះគោក៏តែងតែកើនឡើងជារៀងរាល់ឆ្នាំផងដែរ។

រទេះសាឡី ត្រូវបានប្រជាជនខ្មែរតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ននេះ តែងប្រើជាយានជំនិះដឹកជញ្ជូនភោគផលដំណាំ បន្លែ ស្រូវ និងជាមធ្យោបាយធ្វើដំណើរមួយសម្រាប់ប្រជាជន ចូលព្រៃមាត់ញក ឆ្លងពីភូមិមួយទៅភូមិ។ ការប្រារព្ធពិធីប្រណាំងរទេះគោនេះ មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយ ដល់អ្នកចូលរួមទស្សនាទេ ក៏ប៉ុន្តែបានចូលរួមលើកស្ទួយកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ឱ្យយុវជនសម័យថ្មីបានស្គាល់ពីមធ្យោបាយធ្វើដំណើររបស់ប្រជាជនខ្មែរតាំងពីបរមបុរាណមក។

បច្ចុប្បន្នរទេះសាឡី សឹងតែលែងមានប្រជាជនប្រើប្រាស់ទៅហើយ ព្រោះតែសម័យរីកចម្រើន គេប្រើគោយន្ត ម៉ូតូ ឡាន អស់ហើយ នាំឱ្យមធ្យោបាយដឹកជញ្ជូន តាមបែបសម័យបុរាណ ប្រើរទេះ យកគោជាកម្លាំងអូសទាញនេះ មិនសូវជាឃើញវត្តមានច្រើនដូចមុនទេ។ ពិធីប្រណាំងរទេះសាឡីគោលឿនអ្នកកំពង់ស្ពឺ គឺពិតជាបានចូលរួមចំណែកដ៏សំខាន់ ដើម្បីរំលឹកទៅដល់ រទេះសាឡី បុរាណខ្មែរយើង៕



ប្រភពរូបភាព៖ ក្រុមអ្នកប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា


























Account
Security
Favourite Content