ព្រឹត្តិការណ៍ « វិចិត្រសាលស្ថាបត្យកម្ម២០២៤ » ដែលជាវេទិកាតាំងបង្ហាញស្នាដៃ និងសមិទិ្ធផលស្ថាបត្យកម្មឆ្នើមៗដ៏ធំមិនធ្លាប់មានក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមរៀបចំឡើងចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូខាងមុខនេះ នៅបរិវេណជាន់ផ្ទាល់ដី ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក រហូតដល់ម៉ោង ៦:៣០ នាទីល្ងាច។

សហការរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ គណៈស្ថាបត្យករកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមស្ថាបត្យករនៃកម្ពុជា សមាគមស្ថាបត្យករអង្គរ សមាគមវិនិយោគសំណង់ និងស្ថាបត្យកម្មកម្ពុជា កម្មវិធីដែលមានរយៈពេល ៥ ថ្ងៃនេះ នឹងមានការបង្ហាញស្នាដៃ និងសមិទិ្ធផលស្ថាបត្យកម្មពីបណ្តាក្រុមហ៊ុនស្ថាបត្យកម្មដែលបានជ្រើសរើសនៅក្នុងប្រទេសកម្ពុជា ក្រោមការសម្រិតសម្រាំងយ៉ាងហ្មត់ចត់ទៅលើគម្រោងស្ថាបត្យកម្មដែលត្រូវដាក់តាំងបង្ហាញ ក្នុងទម្រង់ជាម៉ាកែត រូបភាព និងវីដេអូផ្សេងៗ ជាមួយនឹងការចូលរួមពីក្រុមហ៊ុនសាងសង់ គ្រឿងសង្ហារិម និងសម្ភារៈសំណង់នានា។
ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍មួយនេះក៏នឹងក្លាយទៅជាបរិយាកាសនៃការប្រមូលផ្តុំគ្នាទៅដោយក្រុមហ៊ុនស្ថាបត្យកម្ម សំណង់ ស្ថាបត្យករ វិស្វករ នគរូបនីយករ សិស្ស និស្សិត ក្នុងគោលបំណងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក៏ដូចជាឱកាសក្នុងការបើកបង្ហាញពីភាពជោគជ័យនូវរាល់ស្នាដៃគម្រោងនានារបស់ក្រុមហ៊ុននីមួយៗផងដែរ។





លើសពីតាំងបង្ហាញធម្មតា « វិចិត្រសាលស្ថាបត្យកម្ម » ក៏នឹងដើរតួជាមជ្ឈមណ្ឌលនៃការបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍ តាមរយៈការធ្វើបទបង្ហាញពីដៃគូឧបត្ថម្ភ ជ័យលាភីការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម និងនគរូបនីយកម្ម និងកិច្ចពិភាក្សាក្រោមប្រធានបទដែលមានសក្តានុពល និងសារៈសំខាន់ដោយស្ថាបត្យករជំនាញៗ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការពីសកលវិទ្យាល័យទាំង១៣ ក្នុងការជ្រើសរើសស្នាដៃល្អៗរបស់និស្សិតសម្រាប់ការតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។
សូមកុំភ្លេចមកទទួលយកបទពិសោធន៍នៃការតាំងពិព័រណ៍បែបថ្មី ដែលពុំធ្លាប់មានពីមុននៅក្នុងប្រទេសកម្ពុជាមួយនេះ ដោយសាធារណជនអាចចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់ ឬ Scan ខាងក្រោម៖
https://docs.google.com/…/1FAIpQLSdLPUtgnPh…/viewform…

កម្មវិធីសំខាន់ៗតាមថ្ងៃកម្មវិធីនីមួយៗរួមមាន៖
២៧ វិច្ឆិកា៖ បទបង្ហាញពីដៃគូឧបត្ថម្ភ
បទបង្ហាញពីជ័យលាភីកម្មវិធី « ដង្ហើមទីក្រុង »
កិច្ចពិភាក្សាក្រោមប្រធានបទ៖ « ស្ថាបត្យកម្មខ្មែរ និងការអភិរក្ស »
២៨ វិចិ្ឆកា៖ បទបង្ហាញពីដៃគូឧបត្ថម្ភ
បទបង្ហាញពីជ័យលាភីកម្មវិធី « មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ »
កិច្ចពិភាក្សាក្រោមប្រធានបទ៖ « បទដ្ឋានកូដ និងស្តង់ដាសុវត្ថិភាពស្ថាបត្យកម្ម »
កិច្ចពិភាក្សាក្រោមប្រធានបទ៖ « លំនៅឋានតំលៃសមរម្យ »
២៩ វិចិ្ឆកា៖ បទបង្ហាញពីដៃគូឧបត្ថម្ភ
បទបង្ហាញពីជ័យលាភីក្រោមប្រធានបទ៖ « បណ្តាញផ្លូវមុន្នីវង្ស និងផ្លូវនរោត្តម »
បទបង្ហាញពីជ័យលាភីក្រោមប្រធានបទ៖ « សហគមន៍បៃតង ឧទ្យានមេគង្គលែន »
បទបង្ហាញពីជ័យលាភីក្រោមប្រធានបទ៖ « ភូមិ១ សហគមន៍១ »
កិច្ចពិភាក្សាក្រោមប្រធានបទ៖ « ស្ថាបត្យកម្មបៃតងនៅកម្ពុជា »
៣០ វិចិ្ឆកា៖ បទបង្ហាញពីដៃគូឧបត្ថម្ភ
កិច្ចពិភាក្សាក្រោមប្រធានបទ៖ « នគរូបនីយកម្ម និងគមនាគមន៍ក្នុងទីក្រុងកម្ពុជា »
កិច្ចពិភាក្សាក្រោមប្រធានបទ៖ « ស្ថាបត្យកម្មសម័យកម្ពុជា »
១ ធ្នូ៖ ការសម្តែងសិល្បៈ ល្ខោនស្បែក ក្រោមប្រធានបទ៖ « ជីវិតស្ថាបត្យករ »






























Account
Security
Favourite Content