កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រកាសពីការបញ្ជូនវត្ថុបុរាណខ្មែរចំនួន ៧៤ រូប ដែលទាមទារបានពីការកាន់កាប់របស់លោក Douglas Latchford ត្រឡប់មកកម្ពុជាវិញ។ ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារ លោក Latchford កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជាដើម្បីប្រមូលមកវិញ ថែរក្សា និងស្ដារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅសហរដ្ឋអាមេរិក ឬអឺរ៉ុប។ ប៉ុន្តែ នៅពីក្រោយភាពស្រស់ស្អាត និងការកោតសរសើរពីសំណាក់អ្នកទេសចរអន្តរជាតិ រូបចម្លាក់ថ្ម និងសំរិទ្ធជាច្រើនផ្ទាំងនោះ មិនមែនជាសិល្បៈដែលបានទិញដូរដោយសន្តិវិធីនោះឡើយ ប៉ុន្តែគឺជា «បុរាណវត្ថុប្រឡាក់ឈាម» ដែលត្រូវគេលួចប្លន់ចេញពីដីកម្ពុជានាសម័យសង្គ្រាម។
នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ ១៩៩០ នៅពេលដែលប្រទេសកម្ពុជាកំពុងធ្លាក់ចុះក្នុងភក់ជ្រាំនៃសង្គ្រាមដ៏ខ្មៅងងឹត ប្រាសាទបុរាណរាប់ពាន់កន្លែងនៅពាសពេញផ្ទៃប្រទេស ជាពិសេសតំបន់ដាច់ស្រយាល ដូចជា ប្រាសាទកោះកេរ ព្រះវិហារ និងបន្ទាយឆ្មារ បានក្លាយជាគោលដៅនៃបណ្តាញចោរព្រៃ និងក្រុមអ្នកលួចប្រដាប់ដោយអាវុធ។ ឧបករណ៍ធុនធ្ងន់ កាំបិត និងសូម្បីតែរំសេវផ្ទុះ ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីវាយបំបែក និងកាត់ក្បាល ឬកាត់ដងខ្លួនរូបចម្លាក់ចេញពីជើងទម្រ។
ដំណើរប្រវត្តិនៃការលួចប្លន់ និងទីផ្សារងងឹតអន្តរជាតិនេះ ត្រូវបានលាតត្រដាងយ៉ាងលម្អិតនៅក្នុងខ្សែភាពយន្តឯកសារមានចំណងជើងថា “LOOT“។ ដឹកនាំ និងផលិតដោយលោក Don Millar និងសហការផលិតដោយលោក Cole Nordey ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» គឺជាស្នាដៃស៊ើបអង្កេតដ៏ស៊ីជម្រៅមួយដែលលាតត្រដាងអំពីបណ្ដាញឧក្រិដ្ឋកម្មជួញដូរបុរាណវត្ថុខុសច្បាប់ជាសកល។ សាច់រឿងបានបង្ហាញអំពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះ ត្រូវបានលួចរត់ពន្ធឆ្លងដែនទៅកាន់គេហដ្ឋានរបស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។


ភាពយន្តនេះរៀបរាប់ពីការស៊ើបអង្កេតរបស់ភ្នាក់ងារស៊ើបអង្កេតកំពូលអាមេរិក និងដំណើរជីវិតរបស់អតីតអ្នកលួចប្លន់បុរាណវត្ថុខ្មែរ ដែលបានងាកមករកផ្លូវនៃការកែប្រែខ្លួន និងការលោះបាប ដើម្បីជួយស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាខ្មែរត្រឡប់មកមាតុភូមិវិញ។ ការត្រឡប់មកវិញនៃ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនេះ មិនត្រឹមតែជាជ័យជម្នះនៃយុត្តិធម៌ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការជួសជុលស្នាមរបួសផ្លូវចិត្ត និងជាការដាស់តឿនស្មារតីកូនខ្មែរគ្រប់រូបឲ្យចូលរួមថែរក្សាអត្តសញ្ញាណជាតិរបស់យើងឲ្យបានគង់វង្សជានិរន្តរ៍។
បន្ទាប់ពីទទួលបានការគាំទ្រនៅក្នុងការចាក់បញ្ចាំងនៅឯមហោស្រពភាពយន្តអន្តរជាតិជាច្រើន ខ្សែភាពយន្តឯកសារ “LOOT” នឹងចាប់ផ្ដើមបញ្ចាំងជាសាធារណៈនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រពិត ការតស៊ូផ្លូវច្បាប់ និងកិច្ចខិតខំប្រឹងប្រែងនាំយកសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកមាតុភូមិវិញ!






















































Account
Security
Favourite Content