រឿង «ជាតិជាមនុស្សា» របស់អ្នកដឹកនាំ លី ប៉ូឡែន បានជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ ដែលត្រូវបានទស្សនាវដ្ដី Variety ថា ខ្សែភាពយន្តដំបូងរបស់ លី ប៉ូឡែន ដែលមានចំណងជើងថា “BECOMING HUMAN” គឺជាការដាក់ស្នើជាផ្លូវការរបស់ប្រទេសកម្ពុជា សម្រាប់ពានរង្វាន់ភាពយន្តអន្តរជាតិល្អបំផុតនៅឯពានរង្វាន់ Academy Awardsលើកទី ៩៩។

គណៈកម្មាធិការជ្រើសរើសពានរង្វាន់អូស្ការកម្ពុជា (COSC) បានជ្រើសរើសរឿង “Becoming Human”ជាខ្សែភាពយន្តដាក់ជាផ្លូវការរបស់ប្រទេស សម្រាប់ប្រភេទខ្សែភាពយន្តអន្តរជាតិនៅឯពានរង្វាន់អូស្ការលើកទី៩៩។
ខ្សែភាពយន្តនេះបរិយាយ ពី ធីតា ដែលជាវិញ្ញាណដែលជាអ្នកថែរក្សារោងកុនចាស់មួយ និងគ្រោងនឹងរុះរើ ខណៈដែលនាងថ្លឹងថ្លែងពីជម្រើសនៃការកើតជាថ្មីរបស់នាងជាខ្មោច។ ចំណងរបស់នាងជាមួយ ហៃ ដែលជាបុរសមានជីវិតដែលនាងជួប បង្កើតចំណងទំនាក់ទំនងមួយ ដែលនាំឲ្យនាងចាប់ផ្ដើមមើលឃើញការផ្លាស់ប្ដូរយ៉ាងខ្លាំងរបស់ប្រទេសមួយតាមរយៈរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង។
«ជាតិជាមនុស្សា» ជាភាពយន្តខ្នាតវែងដំបូងរបស់លោក លី ប៉ូឡែន បន្ទាប់ពីលោកបានផលិតភាពយន្តខ្លី «ឆ្ងាយដាច់អាល័យ» កាលពីឆ្នាំ២០២២ និងភាពយន្តឯកសារ «វាសនាផ្កាព្រៃ» ឆ្នាំ ២០២៤។ ភាពយន្តឯកសារនេះធ្លាប់ត្រូវបានចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តឯកសារ IDFA និងទទួលបានពានរង្វាន់ធំនៅមហោស្រពភាពយន្តអន្តរជាតិតៃវ៉ាន់។

រឿង «ជាតិជាមនុស្សា» ថតទាំងស្រុងនៅខេត្តបាត់ដំបង និងបានចាក់បញ្ចាំងជាលើកដំបូងនៅ មហោស្រពភាពយន្តអន្តរជាតិ Venice ឆ្នាំ ២០២៥ ក្នុងកម្មវិធី Biennale College-Cinema របស់ La Biennale di Venezia ដោយទទួលបានការគាំទ្រពីក្រសួងវប្បធម៌អ៊ីតាលី និងជំនួយបន្ថែមពី Chanel។
ក្រោយចាក់បញ្ចាំងនៅអ៊ីតាលី «ជាតិជាមនុស្សា» បានបន្តចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិធំៗជាច្រើន រួមមាន Busan, BFI London, Taipei Golden Horse, Seattle និង Shanghai។ “BECOMING HUMAN” ក៏ទទួលបានពានរង្វាន់ ២ ពីមហោស្រពភាពយន្ត Jogja-NETPAC Asian Film Festival នៅប្រទេសឥណ្ឌូណេស៊ី រួមមានពានរង្វាន់ទស្សនិកជន និងពានរង្វាន់ Golden Hanoman។
លី ប៉ូឡែន បានលើកឡើងដូច្នេះ៖ «ទោះបីភាពយន្តនេះផលិតឡើងដោយថវិកាមានកម្រិត និងក្រុមការងារតូចក៏ដោយ ក្រុមការងារបានរួមគ្នាផ្តល់ទាំងក្តីស្រឡាញ់ និងជំនាញ ដើម្បីបង្កើតស្នាដៃមួយដែលអាចនាំរឿងរ៉ាវរបស់ប្រជាជនកម្ពុជាទៅកាន់ពិភពលោក ជាពិសេសសំឡេងរបស់ប្រជាជនដែលមិនសូវត្រូវបានសង្គមឮ»។ លោកក៏សង្ឃឹមថា ការជ្រើសរើសនេះ នឹងជួយជំរុញឲ្យវិស័យភាពយន្តឯករាជ្យនៅកម្ពុជា បន្តរីកចម្រើននៅថ្ងៃអនាគត៕

រូបភាព៖ Kongchak Pictures




















































Account
Security
Favourite Content