បងប្អូនបង្កើត ២រូប ជាកូនកាត់ខ្មែរ-អង់គ្លេស គឺ ស៊ុយតុន ហ្ល្ររែនផានីតា និង ស៊ុយតុន វីនីច័ន្ទលីណា កំពុងត្រៀមដឹកដៃគ្នាទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិជាថ្មីម្តងទៀត ក្នុងកម្មវិធី ASIA FASHION RUNWAY COLLECTION នៅ Malaysia International Trade & Exhibition Center ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។


តាមដែលដឹងមក ហ្ល្ររែនផានីតា និង វីនីច័ន្ទលីណា ទទួលឱកាសចេញទៅដើរម៉ូដលើកនេះ តាមរយៈការជ្រើសរើសរបស់អ្នកច្នៃម៉ូដ និងជាគ្រូបង្រៀនដើរ Catwalk អូលីវ៉ា គង់ ដែលលោកត្រៀមដឹកនាំតារាម៉ូដែលកម្ពុជាយើងចំនួន ២៦នាក់ ទៅដើរម៉ូដលើឆាកអន្តរជាតិដ៏ធំនេះ។ ក្នុងចំណោមនោះ ក៏មានកូនកាត់ខ្មែរ-អង់គ្លេស ២រូបនេះផងដែរ។

កន្លងមក អូលីវ៉ា ធ្លាប់ប្រាប់ឱ្យដឹងថា កូនសិស្សរបស់លោកពីរនាក់នេះ គឺ ស៊ុយតុន ហ្ល្ររែនផានីតា & ស៊ុយតុន វីនីច័ន្ទលីណា ជាក្មេងឆ្លាត ហើយពូកែដើរថែមទៀត។ គ្រប់ពេលបង្រៀនក្បាច់ដើរ ការពន្យល់ពីការដើរលើឆាក គឺពួកគេឆាប់ចាប់បាន ថែមទាំងអាចបត់បែនគ្រប់ស្ថានភាព និងមានភាពអត់ធ្មត់ពេលចេញទៅដើរម៉ូដនៅឆាកអន្តរជាតិ។
ជាក់ស្តែង កាលចេញទៅដើរម៉ូដលើឆាកអន្តរជាតិលើកដំបូងនៅវៀតណាម កម្មវិធី Vietnam International Junior Fashion Week ជួបផលំបាកច្រើន តែម៉ូដែលវ័យក្មេងទាំងពីររូបនេះពូកែណាស់ អាចអត់ទ្រាំហើយឆ្លងកាត់វាទៅបាន ធ្វើឱ្យអតីតតារាម៉ូដែលល្បីឈ្មោះ គង់ ផល្លា ជាម្តាយមានមោទនភាពលើកូនស្រីទាំងពីរនេះយ៉ាងខ្លាំង។


ដោយឡែក សម្រាប់ការចេញទៅដើរម៉ូដនៅម៉ាឡេស៊ីនេះ រឹតតែធ្វើឱ្យអ្នកម្តាយរូបនេះមានមោទនភាព ពេលឃើញកូនស្រីទាំងពីរមានសមត្ថភាព និងក្លាហានទាំងវ័យក្មេង ក្នុងការដើរបង្ហាញ ដោយមិនខ្លាចញញើតអ្វីទាំងអស់។



តារាម៉ូដែលសម្បុរស្រអែមស្រស់ គង់ ផល្លា ធ្លាប់ឱ្យដឹងថា អ្នកនាងសប្បាយចិត្តចំពោះអ្វីដែលកូនស្រីទាំងពីរកំពុងធ្វើសព្វថ្ងៃ ហើយក៏បានជំរុញកូនៗផងដែរ ដោយសារមើលទៅឃើញថា កូនស្រីទាំងពីរស្រលាញ់ហើយមានទំនោរលើការងារសិល្បៈនេះ ប៉ុន្តែយ៉ាងណាអ្នកនាងមិនឱ្យកូនបោះបង់ការសិក្សាឡើយ ធ្វើយ៉ាងណាបែងចែកពេលវេលារៀនសូត្រ និងការងារសិល្បៈឱ្យបានល្អ ព្រោះចំណេះវិជ្ជាជាវត្ថុសំខាន់សម្រាប់ជីវិត ដូច្នេះនឹងលៃលកពេលវេលាតាមជាក់ស្តែង គ្រាន់តែពេលនេះកូនស្រីទាំងពីរធ្វើបានល្អទាំងការសិក្សា និងការងារសិល្បៈ រឹតតែធ្វើឱ្យអ្នកនាងសប្បាយចិត្ត និងមានមោទនភាពខ្លាំងឡើង៕























Account
Security
Favourite Content