Jungkook បានបង្ហាញឥទ្ធិពលលំដាប់សកលលោកជាមួយនឹងវត្តមាននៅលើសៀវភៅ Brain Candy Books ដែលជាសៀវភៅអប់រំកម្រិតបឋមសិក្សាចាប់ពីថ្នាក់ទី ៣ ដល់ថ្នាក់ទី ៤ ក្នុងសហរដ្ឋអាមេរិក។

ចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៦ Jungkook គឺជាតារាខេប៉ុបរូបដំបូងដែលបង្ហាញខ្លួនលើសៀវភៅ Brain Candy Books ឈុត Your Favorite Stars ដែលជាសៀវភៅប្រភេទអប់រំ ណែនាំកុមារឱ្យស្គាល់ពីបុគ្គលល្បីៗ អ្នកចម្រៀង កីឡាករ ក៏ដូចជាបុគ្គលមានឥទ្ធិពល។
កន្លងមកឈុត Your Favorite Stars ធ្លាប់បានចេញផ្សាយសៀវភៅទាក់ទងនឹងបុគ្គលល្បីជាច្រើនរូប ដូចជា Dua Lipa Taylor Swift និង Cristiano Ronaldo ជាដើម ដោយវត្តមានរបស់សមាជិក BTS នៅគ្រានេះ បង្ហាញពីការទទួលស្គាល់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់លោកនៅលើឆាកអន្តរជាតិ។



សៀវភៅដែលមានកម្រាស់ ៤៨ទំព័រនេះ បានរៀបរាប់អំពីដំណើរជីវិតរបស់តារាប្រុសវ័យ ២៨ ឆ្នាំតាំងពីកុមារភាព រហូតដល់ក្លាយជាតារាលំដាប់ពិភពលោក រួមទាំងសមិទ្ធផលតន្ត្រី និងទស្សនផ្ទាល់ខ្លួន។ សៀវភៅនេះ បានណែនាំ ម្ចាស់បទ Seven ថាជា “តារាចម្រៀងដ៏ឆ្នើមបំផុតមិនធ្លាប់មាន” ដែលទទួលស្គាល់ដោយទស្សនាវដ្តី Rolling Stone ព្រមទាំងកោតសរសើរចំពោះសមត្ថភាពសំឡេងដ៏ឥតខ្ចោះ និងទេពកោសល្យដ៏សម្បូរបែបផងដែរ។
សៀវភៅដដែលនេះក៏បានបង្ហាញសមិទ្ធផលរបស់ Jungkook ថាជា អ្នកបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាសិល្បករទោលកូរ៉េដំបូងគេ ដែលមានបទចម្រៀងចំនួន ៧ បទជាប់ក្នុងតារាង Billboard Hot 100។ សមិទ្ធផលមួយទៀតនោះ គឺការឡើងច្រៀងចម្រៀងផ្លូវការរបស់ FIFA World Cup ឆ្នាំ ២០២២ ដែលមានចំណងជើងថា Dreamers នៅលើទឹកដីប្រទេសកាតា ដែលជួយរុញលោកឱ្យលេចធ្លោលើឆាកអន្តរជាតិ។


ក្រៅពីភាពជោគជ័យផ្នែកតន្ត្រី Jungkook ក៏មានរហស្សនាមជា Sold-out King ដោយសាររបស់របរដែលលោកបានប្រើប្រាស់ តែងតែលក់ដាច់គ្មានសល់។ សៀវភៅខាងលើបន្ថែមដូច្នេះ។
ដ្បិតមិនមែនជាសៀវភៅសិក្សាគោល តែការបង្ហាញឈ្មោះនៅក្នុងឯកសារអប់រំសម្រាប់សិស្សថ្នាក់បឋមនៅសហរដ្ឋអាមេរិក ជាការបញ្ជាក់ថា ឥទ្ធិពលរបស់ Jungkook បានរីកសុសសាយលើសពីវិស័យកម្សាន្ត។ មិនត្រឹមតែសម្រាប់ Jungkook នោះទេ នេះក៏ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ឧស្សាហកម្មខេប៉ុបនៅលើឆាកអន្តរជាតិផងដែរ៕






















































Account
Security
Favourite Content