នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី ‘Now, I’m Alone’ Yulhee សមាជិកក្រុមចម្រៀងនារី LABOUM និងជាអតីតភរិយារបស់តារាចម្រៀងប្រុស Choi Min Hwan សមាជិកក្រុម F.T. Island ត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយសដោយបានចែករំលែកនូវរឿងរ៉ាវជាច្រើនក្នុងជីវិតរួមទាំងជីវិតអាពាហ៍ពិពាហ៍ផងដែរ។

ក្នុងនោះ Yulhee បានឱ្យដឹងថានាងពិតជាទទួលបានអាពាហ៍ពិពាហ៍ដែលពោរពេញដោយសុភមង្គល និងគ្រួសារដ៏ល្អមួយ។ ប៉ុន្តែនៅពេលដែលនាងបានស្គាល់ពាក្យថាលែងលះជាលើកដំបូងក្នុងជីវិត នាងបានព្យាយាមយកឈ្នះលើរឿងមួយនេះបានដោយសម្អាងថាអ្នកទាំងពីរនៅមានចិត្តស្រឡាញ់គ្នា ជាពិសេសនាងបានគិតដល់កូនតែម្ដង។
ប៉ុន្តែនៅពេលដែលដឹងខ្លួនថាមិនអាចយកឈ្នះទៅលើរឿងនេះបានទើបបានធ្វើឱ្យគម្លាតអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់នាងបានផ្លាស់ប្ដូរការគិតថារឿងលែងលះគឺជាជម្រើសដ៏ត្រឹមត្រូវ។ ស្របពេលនោះ Yulhee បានលើកអំពីហេតុផលធ្វើឲ្យនាងសម្រេចចិត្តបោះបង់ការព្យាយាមមួយនេះ ដោយទទួលស្គាល់ថាថាទំនាក់ទំនងអ្នកទាំងពីរមិនអាចប្រែជាល្អឡើយ ដូច្នេះហើយទើបនាងចង់រស់នៅក្នុងជីវិតដែលប្រសើរជាងនេះ។


យោងតាមសារព័ត៌មាន Sport Chosun ទាក់ទិននឹងរឿងលែងលះនេះ Yulhee ក៏បានបន្ថែមការពិតពីអតីតស្វាមី លោក Choi Min Hwan ជាអ្នកចាប់ផ្ដើមលើករឿងនេះមកនិយាយមុន។ សម្រាប់នាងផ្ទាល់ទុក្ខកង្វល់ដ៏ធំបំផុតគឺកូនៗដោយនាងមិនបានព្រួយបារម្ភនោះទេ តើនាងអាចចិញ្ចឹមបាន ឬយ៉ាងណា ប៉ុន្តែអ្វីដែលជាសំខាន់បំផុតគឺផ្លូវចិត្តរបស់ក្មេងៗតែម្ដង។ នាងពិតជាបារម្ភថាពួកគេអាចនឹងទទួលរងរបួសផ្លូវចិត្ត ក្រោយឪពុកម្ដាយសម្រេចចិត្តចែកផ្លូវបែបនេះ។ ទន្ទឹមនឹងនោះ នាងបានសារភាពថាក្រៅពីការលែងលះ គឺមិនមានជម្រើសណាមួយដែលល្អជាងនេះនោះទេ ជាពិសេសនាងព្រួយបារម្ភខ្លាំងថាកូននឹងទទួលបានសម្ពាធកាន់តែខ្លាំង ប្រសិនបើនៅតែរឹងទទឹងមិនព្រមទទួលស្គាល់ការពិត។
បើទោះបីជាអ្នកទាំងពីរបានបែកគ្នាក៏ពិតមែន ក៏ Yulhee បានពង្រឹងឆន្ទៈរបស់ខ្លួន ដើម្បីក្លាយជាម្ដាយល្អ និងមិនធ្វើឱ្យកូនរបស់នាងត្រូវខ្មាសគេនោះឡើយ។ គួរបញ្ជាក់ផងដែរ តារាចម្រៀងស្រី Yulhee និងតារាចម្រៀងប្រុស Choi Min Hwan បានប្រកាសដំណឹងនៃអាពាហ៍ពិពាហ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយទទួលបានកូនប្រុសស្រីចំនួន ៣ នាក់។ ជាអកុសលចំណងស្នេហ៍អ្នកទាំងពីរមានត្រឹមតែរយៈពេល ៥ ឆ្នាំដោយបានប្រកាសដំណឹងចែកផ្លូវគ្នានៅខែធ្នូ ឆ្នាំ២០២៣៕




















































Account
Security
Favourite Content