ជយលាភី 1st Runner up Face of Cambodia 2023 យស តារាវត្តី ត្រូវក្រុមហ៊ុន Cambodia International Models (CIM) ផ្តល់ទំនុកចិត្ត ជ្រើសរើសជាបេក្ខភាពតំណាងជាតិកម្ពុជា ចេញទៅប្រកួតកម្មវិធី Miss Cosmopolitan World 2023 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ព្រឹកមិញនេះ វត្តី បានធ្វើដំណើរទៅដល់់ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពហើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នរៀបចំកម្មវិធី Miss Cosmopolitan World 2023។



លោក ម៉ែន និមលរតន៍ នាយកប្រតិបត្ត CIM បានឱ្យដឹងថា ក្រុមហ៊ុនសម្រេចបញ្ជូន តារាវត្តី ទៅប្រកួតកម្មវិធី Miss Cosmopolitan World 2023 នេះ គឺដោយសារនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានការត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការប្រកួតប្រជែងលំដាប់អន្តរជាតិមួយនេះ។ ថ្វីបើ វត្តី នៅក្មេងខ្ចីក្នុងវិស័យនេះក៏ពិតមែន ប៉ុន្តែនាងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួត ថែមទាំងមានការត្រៀមខ្លួនល្អ សម្រាប់ការចេញទៅប្រកួតអន្តរជាតិទៀតផង ដែលនាងនេះជាសក្តានុពលរបស់នាង។

ក្នុងនោះផងដែរ CIM ក៏បានជួយជ្រោមជ្រែង និងជំរុញទឹកចិត្តនាងបន្ថែមតាមរយៈការផ្តល់មតិយោបល់ ការហ្វឹកហាត់ការដើរ catwalk សំណួរចម្លើយ និងការត្រៀមខ្លួនផ្សេងៗទៀត។ លោកជឿជាក់យ៉ាងមុតមាំថា វត្តី នឹងធ្វើបានល្អលើឆាកអន្តរជាតិ ទោះបីនេះជាការប្រកួតលើកដំបូងរបស់នាងក្តី។
ក្រឡេកទៅមើល យស តារាវត្តី ឯណោះវិញ ក៏បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការប្រកួតអន្តរជាតិលើកដំបូងបង្អស់នេះ។ នាងត្រៀមរួចរាល់ហើយ សម្រាប់ការបញ្ចេញសមត្ថភាព ទេពកោសល្យ ក៏ដូចជាបង្ហាញពីវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរទៅកាន់ឆាកពិភពលោក។ ពិសេស នាងនឹងបង្ហាញឱ្យពិភពលោកឃើញពីភាពស្រស់ស្អាត ភាពក្លាហានរឹងមាំរបស់ស្រី្តខ្មែរ ដែលមានឥទ្ធិពលខ្លាំងមិនចាញ់ជាតិសាសន៍ដ៏ទៃនោះឡើយ។
នាងប្តេជ្ញាខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកភាពជោគជ័យណាមួយមកជូនជាតិកម្ពុជាវិញ។ ឆ្លៀតឱកាសនេះ នាងក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន CIM ដែលបានផ្តល់ឱកាសដ៏ធំនេះឱ្យនាង។



សូមជម្រាបថា កន្លងកម្ពុជាយើងក៏ធ្លាប់បានបញ្ជូនបេក្ខភាពទៅចូលរួមប្រកួតកម្មវិធី Miss Cosmopolitan World ជាច្រើនលើកច្រើនសារមកហើយ ទើបប៉ុន្មានឆ្នាំចុងក្រោយដែលយើងខកខានក្នុងការបញ្ជូនបេក្ខភាព ដោយសារការប្រកួតអន្តរជាតិផ្អាកការរៀបចំដូចគ្នា។ ទោះជាយ៉ាងនេះក្តី យើងសង្ឃឹមថា យស តារាវត្តី នឹងបង្ហាញមុខមាត់កម្ពុជាលើឆាកអន្តរជាតិដ៏ធំនេះ ដូច្នេះកុំភ្លេចចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្ដដល់បវរកញ្ញាកម្ពុជាយើងទាំងអស់គ្នា៕























Account
Security
Favourite Content