ផលិតកម្ម YG ត្រូវបានគេចាត់ទុកជាផលិតកម្មដែលបណ្ដុំដោយអ្នកមានសមត្ថភាព មិនត្រឹមតែតារាចម្រៀងខេប៉ុបឡើយ តែសូម្បីតារាសម្ដែង និងតារាម៉ូឌែល ក៏ហាក់មានភាពលេចធ្លោ និងសមត្ថភាពខ្លាំងមិនធម្មតា។ តារាម៉ូឌែល ៣ រូប ដែលមានដើមកំណើតចេញពីផលិតកម្ម YG ឥឡូវកែប្រែវាសនាខ្លួនក្លាយជាតារាសម្ដែងមានឈ្មោះបោះសំឡេងក្នុងប្រទេសកូរ៉េខាងត្បូង។
Nam JooHyuk




តារាសម្ដែងប្រុស Nam JooHyuk ប្រឡូកចូលពិភពសិល្បៈដំបូងជាតារាម៉ូឌែល មានដើមកំណើតក្នុងផលិតកម្ម YG។ ជាម៉ូឌែល YG KPLUS លោកដើរបង្ហាញម៉ូតលើកដំបូងនៅកម្មវិធី SONGZIO Homme 2014 S/S Collection។ លោកបង្ហាញមុខក្នុងរឿងភាគដំបូងមានឈ្មោះថា “Surplus Princess” ក្នុងឆ្នាំ ២០១៤។ លោកមានឱកាសសម្ដែងជាតួឯកក្នុងរឿង “School 2015”។ ជាបន្ដបន្ទាប់លោក បង្ហាញមុខក្នុងរឿងភាគល្បីៗ ដូចជា “Weightlifting Fairy Kim BokJoo”, “Start-Up”, និង “Twenty-Five Twenty-One”។
Byeon WooSeok




មុនទទួលបានភាពល្បីល្បាញ តារាប្រុស Byeon WooSeok គឺចាប់ផ្ដើមអាជីពសិល្បៈជាតារាម៉ូឌែលក្នុងឆ្នាំ ២០១៤ នៅ YG KPLUS។ លោកបានចំណាយពេលវេលារយៈពេលជាង ៩ ឆ្នាំ ទម្រាំទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងមហាជន។ លោកបានបង្ហាញមុខក្នុងរឿងភាគជាច្រើនដូចជា៖ “20th Century Girl”, “Strong Girl Nam-Soo” និង “MoonShine” ជាដើម។ រឿងភាគដែលធ្វើឲ្យលោកមានភាពល្បីល្បាញខ្លាំង និងកែប្រែវាសនារបស់លោកសឹងតែមិនជឿ គឺរឿង “Lovely Runner”។ ក្រោយសម្ដែងរឿងភាគមួយនេះ លោកបានក្លាយជាតារាសម្ដែងប្រុសកូរ៉េម្នាក់ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ ២០២៤ និងទទួលបានការងារជាហូរហែរ។
Jang KiYoung




តារាប្រុស Jang KiYoung ក៏មានដើមកំណើតចេញពីតារាម៉ូឌែលដូចគ្នា។ លោកជាតារាម៉ូឌែលរបស់ YG KPLUS។ លោកចាប់ផ្ដើមប្រឡូកចូលក្នុងវិស័យសម្ដែងរឿងភាគក្នុងឆ្នាំ ២០១៤ ដោយសម្ដែងជាលើកដំបូងនៅក្នុងរឿងភាគ “It’s Okay, That Love”។ ការតស៊ូជាច្រើនឆ្នាំ ក្នុងវិស័យសម្ដែងរឿងភាគធ្វើឲ្យលោកគ្រងបានតំណែងជាតួប្រុសឯកជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨។ រហូតមកដល់បច្ចុប្បន្ន លោកបានបង្ហាញក្នុងរឿងភាគមិនតិចជាង ២៥ ឡើយ៕























Account
Security
Favourite Content