តារាសម្ដែងស្រីចិន Xu Jiao ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយរូបនាងសម្ដែងក្នុងភាពយន្ដកុនល្បីរបស់ស្ដេចកំប្លែងទិន ហ្វី CJ7 កាលពីឆ្នាំ ២០០៨។ ដោយកាលនោះ នាងសម្ដែងជាតួអង្គក្មេងប្រុសម្នាក់ រហូតដល់មហាជនមិនបានដឹងឡើយថានាងជាក្មេងស្រី។ រហូតដល់កន្លងទៅមួយរយៈទើបគ្រប់គ្នាដឹងថា ការពិតនាងជាក្មេងស្រីដែលតម្រូវឲ្យដើរតួជាក្មេងប្រុស។

កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន HK01 បានឲ្យដឹងថា តារាស្រីរូបនេះនឹងវិលត្រឡប់មកសហការជាមួយស្ដេចកំប្លែង ទិន ហ្វី សាជាថ្មី និងបានចុះកុងត្រាជាមួយផលិតកម្ម Star Overseas របស់លោក ទិន ហ្វី ទៀតផង។ មែនទែនទៅ តារាស្រីធ្លាប់ជាតារាសម្ដែងក្រោមការគ្រប់គ្រងរបស់លោក ទិន ហ្វី ម្ដងរួចទៅហើយ ប៉ុន្ដែក្រោយមកនាងបានជ្រើសទៅបន្ដការសិក្សានៅឯបរទេសទើបធ្វើឲ្យនាងបាត់មុខពីសិល្បៈអស់មួយរយៈធំ។ រហូតដល់បញ្ចប់ការសិក្សាហើយ ទើបនាងសម្រេចចិត្តត្រឡប់មកចូលសម្ដែងវិញ។



ជាមួយគ្នាដែរ ស្ដេចកំប្លែង ទិន ហ្វី ក៏បានបង្ហោះរូបរបស់តារាស្រី Xu Jiao និងលើកឡើងថា៖ ក្មេងតូចកាលពី ១៥ ឆ្នាំមុនពេលនេះធំឡើងយ៉ាងស្រស់ស្អាត។

បើតាមប្រភពផ្ទៃក្នុង ស្ដេចកំប្លែង ទិន ហ្វី ទំនងជាត្រៀមផលិតរឿងថ្មីមួយចំនួន ក្នុងចំណោមនោះអាចនឹងមានវត្ដមាន Xu Jiao ជាតួស្រីថែមទៀតផង ៕

























Account
Security
Favourite Content